​ដោយៈ អង្គា​រ៍​ហេង / កណ្ដាលៈ សមត្ថកិច្ច បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែលជា​មុខសញ្ញា ប្រើប្រាស់​គ្រឿងញៀន និង​ផឹកស្រា​ជាប្រចាំ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា ដោយ​វាយដំ រករឿង​ប្រពន្ធ ជា​ញឹកញាប់ ទោះបី​សមត្ថកិច្ច ធ្លាប់បាន​អប់រំ ច្រើនលើកច្រើនសា ក៏ដោយ​។
​ករណីនេះ បានកើត​ឡើង នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៧ យប់ នៅ​ចំណុច ភូមិ​ឃ្លាំងមឿង​ជើង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។​

​មន្ត្រីនគរបាល​ស្រុក​ខ្សាច់កណ្ដាល បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ សំណាង ស្រី​និ​ត ភេទ​ស្រី អាយុ ២៥ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ ឈ្មោះ តឿ ទីន អាយុ ២៧ ឆ្នាំ ទាំងពីរ​នាក់ ជា​ជនជាតិខ្មែរ មានមុខ​របរ កម្មករសំណង់ ដុ​ច​គ្នា និង​មាន​ទីលំនៅ នៅក្នុង​ភូមិ​ឃុំ​កើតហេតុ ។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​នេះ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នេះ​តែម្តង​។​

​ប្រភព​ដដែល បាន​បន្តថាៈ កន្លងមក ជនសង្ស័យ បាន​ប្រើប្រាស់​ថ្នាំញៀន និង​ផឹកស្រា ជាប្រចាំ លុះ​ផឹក​ស្រវឹង​ម្ដងៗ ជនសង្ស័យ តែងតែ​ឈ្លោះ​ជេរប្រមាថ និង​ប្រើ​អំពើហិង្សា វាយ​លើ​ជនរងគ្រោះ ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ប៉ុស្តិ៍​ព្រែក​អំពិល ធ្វើ​កិច្ចសន្យា អប់រំ ណែនាំ ជាច្រើនលើក​មកហើយ​។

​លុះ​មកដល់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៩​ៈ​០០ នាទី ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង មាត់​ឡូឡា រករឿង​ជនរងគ្រោះ ជា​ប្រពន្ធ ហើយ​ជនសង្ស័យ បាន​ធាក់​ជញ្ជាំង​ផ្ទះ ធ្វើ​អំពី​សង្ក​សី និង​យក​កូន​ធុង​ទឹក គប់​ជញ្ជាំង​ផ្ទះ ហើយ​គំរាមថា ង៉ែ​ង​ប្រយ័ត្ន​ឡានពេទ្យ មកជួយ​មិនទាន់ រួច​ស្ទុះ​មក​វាយ​ជនរងគ្រោះ តែ​ជនរងគ្រោះ បានគេច​ផុត​។​

​បន្ទាប់មក ជនរងគ្រោះ បាន​បង្ហោះ​សារ ព្រមទាំង​រូបភាព តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សុំឱ្យ​សមត្ថកិច្ច ជួយ​ធ្វើ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។​

​រហូតមកដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំពិល បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​គរ​បាល ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ តាម​នីតិវិធី​៕/V​