ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ ច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់ព្រំដែនថៃ ដែលឈមជាមួយ ភូមិអ៊ូប៊ុន ស្រុកអ៊ូប៊ុន ខេត្តស៊ីសាកេត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ បានបើកឱ្យពលរដ្ឋទាំងពីរ កម្ពុជា-ថៃ ចេញ-ចូលឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តោះអាសន្ន អស់រយៈពេលជាង ២ ឆ្នាំ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថាៈ តាមការឯកភាពគ្នា រវាងភាគីខ្មែរ និង ថៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺនៅថ្ងៃនេះ ច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញ ហើយនៅថ្ងៃនេះដែរ អាជ្ញាធរ ក៏បានចុះមកពិនិត្យដោយផ្ទាល់ បើកច្រកអានសេះ ដើម្បីដោះដូរទំនិញគ្នា រវាងពលរដ្ឋ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ។
លោក វុធ តារ៉ា ក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ដោយបានមើលឃើញ ពលរដ្ឋជាអាជីវករ បានប្រកបរបរអាជីវកម្ម លក់ដូរឡើងវិញ ដូចមុន ។ លោកបានអះអាងថាៈ អ្វីៗដែលវិល ត្រឡប់មកវិញ នៅច្រកព្រំដែនអានសេះ នេះ គឺកត្តាទី១ សុខសន្តិភាព និងកត្តាទី២ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោកអភិបាលស្រុកជាំក្សាន្ដ ក៏បានណែនាំដល់បងប្អូនអាជីវករខ្មែរ ត្រូវបន្តការពារ ខ្លួនជានិច្ច ពីជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់ រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឱ្យបានជាប់ជាប្រចាំ។
លោកអភិបាលស្រុកជាំក្សាន្ដ បានរំលឹកឡើងវិញថាៈ នៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការបើកដំណើរការ ច្រកអានសេះឡើងវិញ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាថា ថ្ងៃបើកច្រក មានចំនួន ៣ ថ្ងៃ គឺថ្ងៃអង្គារ៍ ព្រហស្បតិ៍ និង សៅរ៍ ដោយបើកចាប់ពីម៉ោង ៨ៈ៣០ នាទីព្រឹក រហូតដល់ម៉ោង ៤ៈ៣០ រសៀល។ ប្រជាពលរដ្ឋ ចេញ-ចូល ត្រូវកត់ឈ្មោះបង្ហាញកាតចាក់វ៉ាក់សាំង បើគ្មានកាតទេ ត្រូវមានលិខិតបញ្ជាក់ពី មណ្ឌលសុខភាព ក្នុងរយៈពេល ២៤ ប៉ុណ្ណោះ ពាក់ម៉ាស់ និងពិនិត្យកំដៅ ។
លោកបានបន្តទៀតថាៈ ទីតាំងផ្សារ គឺជាអាជីវកម្មសេដ្ឋកិច្ចគ្រួសារខ្នាតតូច ត្រូវទទួលខុស ត្រូវខ្ពស់ ផ្នែកអនាម័យ តាមតូប តាមផ្សារ មានការវេចខ្ចប់ ទៅដាក់កន្លែងមាន សុវត្ថិភាព។ អីវ៉ាន់ចេញ-ចូល អនុញ្ញាត ឱ្យមានរទេះរុញ។ រួមគ្នាសហការទប់ស្កាត់គ្រឿងញៀន ជួញដូរមនុស្ស ធនធានធម្មជាតិ សត្វព្រៃ មុខជំនួញ ដែលច្បាប់បានហាម។ អនុញ្ញាតឱ្យអ្នក ជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ចូលបាន តែមិនទាន់អនុញ្ញាតឱ្យមានការចូលពិនិត្យសុខភាព នៅឡើយទេ ភ្ជាប់មកនូវកាតវ៉ាក់សាំង។ ក្របខ័ណ្ឌមន្ត្រីរាជការ បញ្ជូនអ្នកទោសដែលរួចខ្លួន ពីការកាត់ទោសចេញ ចូលតាមច្រកនេះបាន ចំពោះឡាន សំរាប់មន្ត្រីអាចចេញ ចូលបាន ដោយសហការជាមួយ មន្ត្រីទំនាក់ទំនងព្រំដែន នៃប្រទេសទាំង២ ចូលដល់ត្រឹម ទីប្រជុំជន នៃស្រុកទាំង២ គឺជាំក្សាន្ត និងណាំយឺន ។
ជាមួយនឹងការបើកឱ្យដំណើរការឡើងវិញច្រកអានសេះ បានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅជាប់ ព្រំដែនកម្ពុជា-ថៃ មានការសប្បាយរីករាយ ក្នុងចិត្តយ៉ាងខ្លាំង ដោយពួកគាត់ អាចប្រកបរបរ រកសុី ដោះដូរទំនិញជាមួយគ្នា បានឡើងវិញ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជាដើម៕/V