​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អ្នកជំនាញ​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាទ​លើក​ទី​៦៣ របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ដែល​បាន​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ ។ មន្ត្រី​ជំនាញ​នោះ ដឹកនាំ​ដោយ លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ក​ម្ពុ​ជា ។

​នៅក្នុង​អំឡុង​ស្នាក់នៅ​ហ្សឺ​ណែវ លោក អ៊ុក ប្រជា​ក៏ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ការងារ​ផ្ទាល់​ជាមួយ លោក ដា​រ៉េ​ន តាំង ( Daren Tang) អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​កម្មសិទ្ធិបញ្ញា​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋលេខាធិការ បាន​ថ្លែង​អបអរ​សារ​ទរ ជាថ្មី​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​បាន​កោតសរសើរ​លើ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម​នានា​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ ពិសេស​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​រវាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមទាំង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​គាំទ្រ​ដល់​ការចែករំលែក​ចំណេះដឹង ក៏ដូចជា​ការផ្ទេរ​បច្ចេក​វិទ្យា​សម្រាប់​ផលិតកម្ម​វ៉ា​ក់​ស៊ាំ​ង​ជម្ងឺ​កូ​វីដ​-១៩​។

​លោក រដ្ឋលេខាធិការ ក៏បាន​ជម្រាប​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​អំពី​វឌ្ឍនភាព​នៃ​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុជា ពិសេស​ការចូលរួម​នៃ​វិស័យ​កម្មសិទ្ធិបញ្ញា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព ព្រមទាំង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ តាមរយៈ​ការជំរុញ​នុ​វា​នុ​វត្ត​ន៍ ភាព​ច្នៃប្រឌិត និង​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន កិច្ចការពារបរិស្ថាន និង​លើកកម្ពស់​សុខភាព​សាធារណៈ​ជាដើម​។​

​ជាងនេះទៅទៀត ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​កម្មសិទ្ធិបញ្ញា​ពិភពលោក លើ​ការគាំទ្រ​គម្រោង​ចុះបញ្ជី​ក្តាម​កោះកុង​កម្ពុជា​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​(GI) និង​ការគាំទ្រ​ជំនួយ​បច្ចេកទេស នានា​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ដូចជា​គម្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ IPAS4, គម្រោង Branding Project គម្រោង​កសាង​សមត្ថភាព​មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ គម្រោង​ចុះបញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (​ក្រូចថ្លុង​កោះ​ទ្រង់ អំបិល​និង​ផ្កាអំបិល​កំពត និង​ក្តាមថ្ម​កោះកុង​) ការចុះបញ្ជី​ម៉ាក​សមូហភាព (​គុយទាវ​ភ្នំពេញ​ជាដើម​) និង​ការកសាង​និង​កែលម្អ​បរិយាកាស​គតិយុត្តិ​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុជា​។​

​លោក ក៏បាន​ស្នើសុំ​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បន្ត​គាំទ្រ និង​ផ្តល់ជំនួយ​បច្ចេកទេស ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ក​ម្ពុ​ជា ឆ្នាំ​២០២១-២០២៣ ដូចជា​ការចុះបញ្ជី​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ការធ្វើ​និយ័តកម្ម​លិខិតបទដ្ឋាន​គតិយុត្ត​កម្ម​សិទ្ធិ​បញ្ញា និង​ការបង្កើត​វិទ្យា​ស្ដា​ន​បណ្តុះបណ្តាល​កម្មសិទ្ធិបញ្ញា​ជាតិ និង​គម្រោង​បង្កើត​ម​ជ្ឈ​ប​ណ្ឌ​ល​គាំទ្រ​ព័ត៌មាន​បច្ចេកវិទ្យា (TISC) ជាអាទិ៍​។​

​ជាការ​ឆ្លើយតប អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភព​បាន​សំដែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​កម្មសិទ្ធិបញ្ញា​ពិភពលោក​លើក​ទី​៦៣ និង បាន​ចូលរួម​ក្នុងជំនួប​ពិភាក្សា​នេះ​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​កោត​ស​សើរ​ដល់ក​ម្ព​ជា​ក្នង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-19 ដោយ​ទទួលបាន​ជោគជ័យ និង​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ក្នុងនោះ​ក៏មាន​វិស័យ​កម្មសិទ្ធិបញ្ញា​ផងដែរ​។
​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្មសិទ្ធិបញ្ញា​ពិភពលោក​(WIPO)​កន្លងមក​។ លោក​បានបញ្ជាក់​បន្ថែម​ថា លោក​បន្ត​គាំទ្រ​ចំពោះ​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល ការយល់ដឹង​នៃ​វិស័យ​ឯកជន​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​វិស័យ​កម្មសិទ្ធិបញ្ញា ពិសេស​សម្រាប់​យុវជន សហគ្រិន​ស្ត្រី អ្នក​ច្នៃប្រឌិត សហគ្រាស​ធុន​តូច និង​មធ្យម​។​

​នៅ​កិច្ចបញ្ចប់ លោក​អគ្គនាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​សន្យា​នឹង​បន្ត​ជួយ​គាំទ្រ​គម្រោង​នានា​របស់​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​៕​