ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​ លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ឥណ្ឌា​ដឹកនាំ​ដោយ លោក កា​ធិ​ក តា​ឡា​ម ( Karthik Tallam) កុងស៊ុល​កិត្តិយស កម្ពុជា​ប្រចាំ​ទីក្រុង បាង​កា​ឡូ (Bangalore) នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែលមាន​ការចូលរួម​ពី តំណាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម តំណាង​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីផ្សារ តំណាង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ តំណាង​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម តំណាង​សភាព​ពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ជាច្រើនរូប កាលពី​ថ្ងៃទី ២០ ខែ កក្កដា កន្លងទៅ​។

លោក ឈួន ដា​រ៉ា បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា និង​ជាពិសេស​មកកាន់​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​បាន​ថ្លែងថា កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​ប្រវត្តិសាស្ត្រ​ជា​យូរណាស់​មកហើយ ជាពិសេស​ឆ្នាំ​២០២២​នេះ ជា​ខួប​គម្រប់​៧០​ឆ្នាំ​នៃ ចំណង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​សាធារណរដ្ឋ​ឥណ្ឌា​ផងដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​បន្តថា​ក្រសួងពាណិជ្ជកម្ម​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​សភាព​ពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នានា ក្នុង​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​។​

​លោក កា​ធិ​ក តា​ឡា​ម បាន​ថ្លែងថា គោលបំណង​នៃ​គណៈប្រតិភូ​ឥណ្ឌា​មកកាន់​ក្រសួងពាណិជ្ជកម្ម​ថា គឺ​ដើម្បី​ស្វែងរក​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការរៀបចំ​កម្មវិធី Business Excellence Awards 2022 ដែល​រៀបចំ​ដោយ​សភាព​ពាណិជ្ជកម្ម​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្នុង​គោលបំណង​អបអរសាទរ​ខួប​គម្រប់​៧០​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​ឥណ្ឌា ដែល​ព្រឹត្តិការណ៍​នឹង​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​៨-១០ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការ ចូលរួម​ពី​ស្ថាប័នរដ្ឋ​របស់​កម្ពុជា ព្រមទាំង​វិស័យ​ឯកជន​ឥណ្ឌា​ជាង​២០០​ក្រុមហ៊ុន​ផងដែរ​។​

​ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ​សម្របសម្រួល និង​ជំរុញ​សកម្មភាព​ធុរកិច្ច​និង​វិនិយោគ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​២ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឥណ្ឌា​មាន​ទំហំ​ទឹកប្រាក់​ជាង ៣១១​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​ឥណ្ឌា​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១២៦​លាន​ដុល្លារ​អាមេរិក និង​ឥណ្ឌា​នាំ​ចេញមក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១៨៥​លាន​ដុល្លារ​អាមេរិក​៕​