ដោយៈ បាយ័ន / សៀមរាបៈ ម៉ូតូមួយគ្រឿង បានបើកវ៉ាជែងរថយន្ត ហើយប៉ះគ្នាជាមួយម៉ូតូ មួយគ្រឿងទៀត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យម៉ូតូដែលវ៉ាជែងរថយន្ដ ដួលចូលក្រោម រថយន្ដ ស្លាប់ពីរនាក់ និងរបួសធ្ងន់ម្នាក់ រីឯភាគីម្ខាងទៀត របួសស្រាល ទាំងពីរនាក់។ ចំណែកម្ចាស់រថយន្ត ត្រូវបាន កម្លាំងនគរបាលស្រុកពួក ឃាត់ខ្លួនបានភ្លាមៗ ហើយប្រគល់ ឱ្យមន្ត្រីផ្នែកជំនាញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ឡើងទៅស្រុក អង្គរជុំ ត្រង់ចំណុចខាងជើងស្ពានចំបក់ហែរ ក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បាននិយាយឱ្យដឹង នៅរសៀល ថ្ងៃទី២១ កក្កដា នេះថាៈ ដំបូង ម៉ូតូម៉ាក Honda Dream សេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1U-5641 បើកបរដោយឈ្មោះ ទូច សារិន ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពួកចាស់ ឃុំពួកស្រុកពួក ខេត្តសៀមរាប បានជិះឌុបប្រពន្ធ មានឈ្មោះ អឿន ច្រឹប អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (គ្មានមួកសុវត្ថិភាព) និងកូនស្រី មានឈ្មោះ រ៉ូ សារេន អាយុ ៨ ឆ្នាំ មុខរបរ សិស្ស (គ្មានមួកសុវត្ថិភាព) បើកបរក្នុងទិសដៅ ពីខាងជើងខាងទៅត្បូង ហើយបានឡើងវ៉ាជែង និងរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 3A-2823 បើកបរដោយឈ្មោះ យ៉ាន ម៉ាញ ភេទប្រុស អាយុ ៥៥ ឆ្នាំ នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលកំពុងបើកបរស្របទិសគ្នា ។ នៅពេលកំពុងវ៉ាជែងរថយន្តនេះ ម៉ូតូ (ពាក់ផ្លាកលេខ សៀមរាប 1U-5641) នេះ បានបុកជាមួយនឹងម៉ូតូម៉ាក Honda Dream សេ១២៥ ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AE-1826 បើកបរដោយឈ្មោះ តឹក ឧត្ដម ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) ឌុបឈ្មោះ ចុង ស៊ីចេម ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិស្នោរ ឃុំឃ្វាល ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) បើកបរបញ្ច្រាស ទិសគ្នា ពីខាងត្បូង ទៅខាងជើង ។
ក្រោយពេលបុកគ្នាហើយ ម៉ូតូពាក់ផ្លាកលេខ សៀមរាប 1U-5641 ក៍បានដួលចូលទៅក្រោម រថយន្តផ្នែកខាងឆ្វេង ហើយត្រូវរថយន្តជាន់ពីលើកង់ក្រោយ ផ្នែកខាងឆ្វេង ទាំងម៉ូតូ និងមនុស្សតែម្តង បណ្ដាលឱ្យស្លាប់ ពីរនាក់ គឺឈ្មោះ អឿន ច្រឹប ត្រូវជាប្រពន្ធ និងកូនស្រី ឈ្មោះ រ៉ូ សារេន ។ ឈ្មោះ ទូច សារិន ដែលត្រូវជាប្តី នងជាឪពុក បានរងរបួសធ្ងន់។
រីឯម្ចាស់ម៉ូតូម៉ាក Honda Dream ពាក់ផ្លាកលេខ សៀមរាប 1AE-1826 បើកបរដោយ ឈ្មោះ តឹក ឧត្ដម និងអ្នករួមដំណើរជាមួយឈ្មោះ ចុង ស៊ីចេម បានរងរបួស ស្រាល។
លោក បានបន្ថែមថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្ត ១គ្រឿង និង ម៉ូតូ ២គ្រឿង ខូខាតស្រាល ។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាល បានចុះទៅកន្លែងកើតហេតុ វាស់វែង ហើយយកវត្ថុតាង និងឃាត់ខ្លួនម្ចាស់រថយន្ត យកមកអធិការដ្ឋាននគរបាល ស្រុកពួក ដើម្បីធ្វើការសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ពីរនាក់ ម្តាយនិងកូនស្រី ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ ស្រាល ទាំងបីនាក់ ត្រូវបានសមត្ថកិច្ច យកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកពួក៕/V