ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថ្លៃប្រេងឆៅបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា ក្រោយស្តុកប្រេងសាំងអាម៉េរិកកើនឡើងបានជួយសម្រន់ការព្រួយបារម្ភអំពីកង្វះប្រេង និងលីប៊ី រួមទាំងរុស្ស៊ីវិលមកផ្គត់ផ្គង់ថាមពលឡើងវិញ។
ប្រេងផ្សារBrentធ្លាក់ចុះអស់២,៣៦ដុល្លារមកនៅត្រឹម១០៤,៥៦ដុល្លារក្នុងមួយបារ៉ែលខណៈប្រេងឆៅនៅផ្សារអាម៉េរិកWTIធ្លាក់ចុះ២,៤៩ដុល្លារមកនៅត្រឹម៩៧,៣៩ដុល្លារក្នុងមួយបារ៉ែល។
សូមបញ្ជាក់ថាថ្លៃប្រេងមានការប្រែប្រួលជាប់នៅពេលឈ្មួញជម្នះនឹងការផ្គត់ផ្គង់កាន់តែតានតឹងទៅដោយសារតែបាត់បង់ការផ្គត់ផ្គង់ប្រេងរុស្ស៊ីដោយសារជាប់ទណ្ឌកម្មក្រោយប្រទេសនេះចូលឈ្លានពានអ៊ុយក្រែន។
នៅថ្ងៃ២១កក្កដានេះ ថ្លៃមាសបានធ្លាក់ចុះដល់កំរិតទាបរបស់វាក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ចំពេលដុល្លារឡើងថ្លៃនិងការរំពឹងថាបណ្តាធនាគារកណ្តាលនឹងដំឡើងអត្រាកាប្រាក់ដើម្បីប្រយុទ្ធនឹងអតិផរណា។មាសគីឡូបានចុះ០,២ភាគរយមកនៅត្រឹម១.៦៩៣,៩០ដុល្លារក្នុងមួយអោន ក្រោយចុះដល់១.៦៩១,៤០ដុល្លារក្នុងជំនួញព្រឹកថ្ងៃព្រហស្បតិ៍។
ក្នុងពេលជាមួយគ្នាប្រាក់ដុល្លារឡើងថ្លៃធៀបនឹងរូបិយបណ្ណប្រជែងដទៃទៀត ដែលនាំអោយមាសដែលកំណត់ថ្លៃដោយប្រាក់ដុល្លារកាន់តែថ្លៃសំរាប់អ្នកកាន់រូបិយបណ្ណផ្សេង។
បណ្តាភាគហ៊ុនអាស៊ីភាគច្រើននៅថ្ងៃនេះក៏បានធ្លាក់ចុះ នៅពេលក្តីរំពឹងអំពីចំណូលខ្ពស់ត្រូវរារាំងដោយការព្រួយបារម្ភជាប់អំពីអតិផរណានិងសេដ្ឋកិច្ចចិន ទោះជាភាគហ៊ុននៅផ្សារ Wall Streetកើនឡើងក្តី។
រាល់ក្រសែភ្នែកឥឡូវសម្លឹងទៅរកធនាគារកណ្តាលជប៉ុនដែលនឹងបញ្ចប់កិច្ចប្រជុំអំពីគោលនយោបាយមួយ តែពួកអ្នកវិភាគមិនរំពឹងថានឹងមានការផ្លាស់ប្តូរធំដុំទេ។ធនាគារមិនបានបង្ហាញសញ្ញាថាខ្លួននឹងដើរតាមធនាគារកណ្តាលដទៃទៀតទេ រួមមានធនាគារកណ្តាលអាម៉េរិក ក្នុងការដំឡើងអត្រាកាប្រាក់ដើម្បីទប់អតិផរណា។តាមពិតសេដ្ឋកិច្ចជប៉ុននៅជាប់គាំងរាប់ឆ្នាំមកហើយនៅពេលបរិតផរណា ឬការធ្លាក់ថ្លៃទំនិញទូទៅជាបញ្ហាធំមួយ។
ក្នុងការជួញដូរថ្ងៃនេះ ប្រាក់ដុល្លារមួយដុល្លារដូរបាន១៣៨,៣៥យេន និង១,០២០៦ អឺរ៉ូ ៕
ឈ្មួញហ៊ុនមើលម៉ូនីទ័រនៅផ្សារហ៊ុនក្នុងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងកាលពីថ្ងៃ២១កក្កដា