​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សួន​កម្សាន្ត​ហុងកុង​មួយ ទី​ដែល​អាន​អាន (An An)​រស់នៅ បាន​និយាយថា​ខ្លាឃ្មុំ​ផេនដា​ឈ្មោល​មាឌធំ​វ័យ​ចំណាស់​ជាង​គេ​បំផុត​លើ​ពិភពលោក​​ក្រោម​ការ​មើលថែ​របស់​មនុស្ស បាន​ងាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ កក្កដា​នៅ​អាយុ ៣៥ ឆ្នាំ ដែល​ស្មើនឹង ១០៥ ឆ្នាំ​នៃ​អាយុ​មនុស្ស​។​

​សួន Ocean Park ជា​កន្លែង​អភិរក្ស​សត្វ​សមុទ្រ​និង​សត្វ​ផ្សេងៗ ទី​ដែល​អាន​អាន​រស់​នៅ​តាំងពី​ឆ្នាំ ១៩៩៩ បាន​និយាយថា​សុខភាព​របស់​អាន​អាន​បាន​ចុះខ្សោយ​ជា​លំដាប់​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ដោយ​បរិមាណ​អាហារ​ដែល​វា​ស៊ី​បាន​ថយ​ចុះ​រហូត​ដល់​វា​លែង​ស៊ី​អ្វី​ទាំងអស់​។​

​អាន​អាន និង​ចៀ​ចៀ (Jia Jia) ជា​ខ្លាឃ្មុំ​ផេនដា​ញី​វ័យ​ចំណាស់​ជាង​គេ​បំផុត​លើ​ពិភពលោក ដែល​បាន​ងាប់​នៅ​ឆ្នាំ ២០១៦ នៅ​អាយុ ៣៨ ឆ្នាំ គឺជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន​។​

​សួន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សួន Ocean Park មាន​ការសោកស្ដាយ​យ៉ាងខ្លាំង​ក្នុងការ​ប្រកាស​ពី​ការបាត់បង់​អាន​អាន​”​។​

​សួន​នេះ​និយាយថា ខ្លួន​មាន​អំណរគុណ​សម្រាប់​ឱកាស​ដើម្បី​ថែរក្សា​ចៀ​ចៀ​និងអាន​អាន ព្រោះ​វា​បាន​ជួយ​សួន Ocean Park ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការអភិរក្ស​ខ្លាឃ្មុំ​ផេនដា​។​

“​អាន​អាន​គឺជា​សមាជិក​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​គ្រួសារ​របស់​យើង ហើយ​បាន​ធំធាត់​រួមគ្នា​ជាមួយ​សួន​។ វា​ក៏​បាន​កសាង​ចំណង​មិត្តភាព​ដ៏​រឹងមាំ​ជាមួយ​អ្នកស្រុក​និង​ភ្ញៀវទេសចរ​ផង​ដែរ​”​។​

​សួន​នេះ​ឥឡូវ​នៅសល់​ខ្មាឃ្មុំ​ផេនដា​យក្ស​ពីរ​ក្បាល ឈ្មោះ យី​ង​យី​ង (Ying Ying) និង​លី​លី (Le Le)៕

អាន​អាន​ងាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​អាយុ ៣៥ ឆ្នាំ​