ដោយៈ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​/ភ្នំពេញ៖​ញឹម សំ​កើ បាន​និយាយ​ទាំងអស់​សំណើច​នៅក្រោម​រោង​លំហែ​ប្រក់​ស័ង្កសី​នៅ​ចំហៀង​ផ្ទះ ដោយ​បែរមុខ​ទៅរក​ប្រពន្ធ​របស់គាត់​ឈ្មោះ ណុប សំ អាយុ​៧៤​ឆ្នាំ​ថា ការជម្លៀស​ប្រជាជន​មួយ​ភូមិ​ចេញទៅ​ស្រុក​១០៩ គឺ​កើតចេញពី​កំហឹង​របស់​កូនស្រី​តា​ម៉ុក ឈ្មោះ ខុម ដែលជា​គណៈ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​ក្នុងអំឡុង​ឆ្នាំ​១៩៧៧​។ ប្រពន្ធ​របស់ សំ​កើ ក្នុង​សម្លៀកបំពាក់​ជា​អ្នកស្រែ​ប្រឡាក់​ដី​ស្រមក បានបង្ហាញ​ទឹកមុខ​ហួសចិត្ត និង​មិនបាន​តបត​អ្វី​ឡើយ​ក្នុងពេលដែល​ប្តី​របស់គាត់​កំពុង​ងាកមើល​គាត់ និង​និយាយ​ពី​រឿងនេះ​។ ឆ្នាំនេះ សំ​កើ មាន​អាយុ​៧៧​ឆ្នាំ​ហើយ​។ គាត់​មិន​ប្រកប​របរ​អ្វី​ទេ ក្រៅពី​ជួយ​ការងារ​ស្រែចម្ការ​នៅ​ជុំវិញ​ផ្ទះ​របស់គាត់​នៅក្នុង​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

ញឹម សំកើ រស់នៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ (ផេង ពង្សរ៉ាស៊ី/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សំ​កើ បាន​រៀបរាប់​ពី​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​ថា ៖ «​នៅ​ឆ្នាំ​១៩៧៧ មិន​ចាំ​ខែ តា​ម៉ុក ហៅ​តា​១០៥ បាន​ចូលមក​កាន់​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ដែលជា​ស្រុកកំណើត ស្រប​ពេលដែល​កូនស្រី​គាត់​ឈ្មោះ (​យាយ​) ខុម កាលនោះ​គឺជា​គណៈ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង កំពុង​ចែក​ខោអាវ​ចាស់ៗ​ដែលជា​ខោអាវ​គេ​ប្រើ​រួច ដល់​ប្រជាជន​ដែល​កំពុង​ច្រូតស្រូវ​នៅ​ភូមិ​ត្រពាំង​ស្នាយ​។ តា​ម៉ុក បាន​ចូលមក​កន្លែង​ដែល​កូន​គាត់​កំពុង​ចែក​ខោអាវ​។ គ្រាន់តែ​ឃើញ តា​ម៉ុក មកដល់​ភ្លាម យាយ អ៊ុន ប្រពន្ធ​តា ស៊ុ​ក បាន​ស្ទុះ​ទៅ​ជួប​គាត់ រួច​រាយការណ៍​ថា​ប្រជាជន​ក្នុងភូមិ​នេះ​ក្រ​ណាស់ ខ្វះខាត និង​គ្មានអ្វី​ហូប​គ្រប់គ្រាន់​ឡើយ​។ ដល់​អ៊ីចឹង​! តា​ម៉ុក ខឹង​ណាស់ ហើយក៏​ហៅ ខុម មក​ស្តី​ឲ្យ (​ស្តីបន្ទោស​) ថា ខុម អត់​ចេះ​មើល​ប្រជាជន ធ្វើ​ឲ្យ​ប្រជាជន​ត្អូញត្អែរ​ប្រាប់​គាត់​ពី​រឿង​ខ្វះខាត​។ ខុម ហ្នឹង​គេ​ខឹង រួច​ចេញទៅ​បាត់​។ ភ្លាមៗ​ក្រោយមក គេ​ក៏​មក​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​រស់នៅ​ភូមិ​ត្រពាំង​ស្នាយ​ហ្នឹង​ឲ្យ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅកាន់​ភូមិ​ដើម​បេង ឃុំ​ដើម​បេង ខាងលិច​ភ្នំ​ដិ​ន ស្ថិតក្នុង​ស្រុក​១០៩​ទាំងអស់គ្នា​ហ្មង​ទៅ​។ប្រជាជន​គ្រប់គ្នា សុទ្ធតែ​ដឹងថា​ការផ្លាស់ប្តូរ​ទីលំនៅ​នេះ គឺ​ផ្តើមចេញពី​កំហឹង​របស់ ខុម ចំពោះ​សេចក្តីរាយការណ៍​របស់ យាយ អ៊ុន ប្រាប់​ដល់​ឪពុក​របស់គាត់​។ កាលនោះ ខ្ញុំ​និង​ប្រពន្ធ​កូន​ខ្ញុំ មាន​រទេះ​មួយ​។ យើង​ធ្វើដំណើរ​តាម​រទេះគោ​ហ្នឹង​រហូត​ទាល់តែ​ដល់​ភូមិ​បេង​។

ពួកយើង​ធ្វើដំណើរ​ដង្ហែ​គ្នា​ចាក​ចេញពី​ភូមិ​តាម​ថ្នល់ជាតិ​ឆ្ពោះទៅ​ស្រុក​១០៩​។ នៅតាម​ផ្លូវ យើង​មាន​អង្ករ​បន្តិចបន្តួច​គ្រាន់​នឹង​ដាំបាយហូប​។ ត្រឹមតែ​រយៈពេល​មួយថ្ងៃ​ទេ ពួកយើង​បាន​ទៅដល់​ភូមិ​បេង ជា​កន្លែង​ដែល​ពួកយើង​រស់នៅ​អស់​រយៈពេល​ជាង​មួយឆ្នាំ​។ នៅ​ទីនោះ គេ​ឲ្យ​ពួកយើង​ស្នាក់​នៅក្នុង​ខ្ទម​តូចៗ​ជាច្រើន​ដែល​បាន​ត្រៀម​ទុក​រួចជាស្រេច​។ ខ្ញុំ​ស្នាក់​នៅក្នុង​ខ្ទម​ប្រក់​ស្លឹក និង​ជញ្ជាំង​ពាស​ស្លឹក​ដូង​។ តា​ហួន ជា​មនុស្ស​ទៅ​ពី​ស្រុក​ត្រាំកក់​នេះ គឺជា​គណៈ​ឃុំ​ដើម​បេង​។ យើង​ស្គាល់គ្នា ហើយ តា​ហួន ក៏​មិនបាន​ធ្វើបាប​អ្វី​ដល់​យើង​ច្រើនពេក​ដែរ​។ ពួកយើង ភាគច្រើន​ហូប​តែ​បបរ​ទេ​។ ជួនកាល​ហូប​បបរ​លាយ​ពោតក្រហម​។ ជួនកាល​ហូបបាយ​លាយ​គល់​ក្តួច​។ ប្រពន្ធ​ខ្ញុំ​ជា​អ្នក​លាង​ក្តួច និង​ភ្លក់​ក្តួច​មុននឹង​យកទៅ​លាយ​ជាមួយ​បាយ​ចែក​ឲ្យ​អ្នក​ផ្សេងទៀត​»​។​

​ស្ថិតក្នុង​ស្រុក​១០៩ ញឹម សំ​កើ និង​គ្រួសារ មិនដែល​បាន​ចាក​ចេញពី​កន្លែង​ដែល​គាត់​ស្នាក់នៅ និង​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ឡើយ​។ គាត់​ភ្ជួរ​ដី រាស់​ដី និង​ធ្វើ​ស្រូវ​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏ សំ​កើ បាន​និយាយថា គាត់​ពុំដែល​ឃើញ​អ្នកស្រុក​១០៩​ណា​ម្នាក់​ទាល់តែសោះ​។ សំ​កើ បាន​សន្និដ្ឋានថា អ្នក​ទាំង​នោះបាន​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន​ទៅ​នៅ​ឆ្ងាយ ប៉ុន្តែ​មិនដឹង​ទៅកាន់​ទីកន្លែង​ណា​។​

​នៅ​ឆ្នាំ​១៩៧៩ សំ​កើ និង​គ្រួសារ បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ​តាម​រទេះគោ​របស់គាត់​ដដែល​។ នៅតាម​ផ្លូវ​ត្រឡប់មកផ្ទះ គាត់​និង​គ្រួសារ​ត្រូវបាន​ឃាត់​សួរនាំ​ម្តង​នៅ​ដំណាក់​ក្រសាំង​។ បន្ទាប់មក គាត់​បានធ្វើ​ដំណើរ​មក​ដល់​ស្រុកកំណើត និង​បន្តដំណើរ​ទៅកាន់​ស្រុកកំណើត​ឪពុកក្មេក​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ដើម្បី​ស្នាក់នៅ​ជា​បណ្តោះអាសន្ន មុនពេល​ដែល​គាត់​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​នៅក្នុង​រដូវ​ច្រូត​ឆ្នាំ​១៩៧៩​។ «​នៅ​រដូវ​ច្រូត ឆ្នាំថោះ ខ្ញុំ​និង​ប្រពន្ធ​បានចេញ​ដំណើរ​មក​ស្រុកកំណើត ដោយសារ​កងទ័ព​វៀតណាម​ចូលមក​វាយ​បណ្តេញ​ខ្មែរក្រហម​យ៉ាង​ប្រសេចប្រសាច​ពេញ​ស្រុក​១០៩​។ យើង​បាន​មកដល់​ដំណាក់​ក្រសាំង ហើយ​ត្រូវ​ខ្មែរក្រហម​ឃាត់​ដំណើរ​សួរនាំ​ពី​ការចាកចេញ​របស់ខ្ញុំ​។ ពេល​ខ្ញុំ​មកដល់​ស្រុកកំណើត ឪពុកមារ​ខាង​ប្រពន្ធ​ខ្ញុំ​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​រត់​ទៀត​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ស្តាប់​គាត់​។ ខ្ញុំ​បាន​លួច​រត់​ទៅកាន់​ស្រុក​ឪពុកក្មេក​ខ្ញុំ​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត​។ ខ្ញុំ​ស្នាក់នៅ​ទីនោះ​បី​បួន​ខែ​ទៀត ទើប​ខ្ញុំ​សម្រេចចិត្ត​ចាកចេញ​មកកាន់​ស្រុក​វិញ​។ ពេលធ្វើ​ដំណើរ​មកដល់​វត្ត​ចក​ក្នុងស្រុក​ជុំ​គី​រី​ដដែល ប្រពន្ធ​ខ្ញុំ​ឈឺពោះ​ឆ្លងទន្លេ​កូនស្រី​ទី​៤​។ ខ្ញុំ​បាន​ដើររក​ឆ្មប​មក​បង្កើត រហូត​ទាល់តែ​ជួប ហើយ​ពេទ្យឆ្មប​នោះបាន​ជួយ​សម្រាលកូន​របស់ខ្ញុំ​បាន​ជោគជ័យ​។ ពួកយើង​បានមក​ដល់​ស្រុកកំណើត​វិញ និង​បាន​កសាង​ជីវិត​និង​គ្រួសារ​ឡើងវិញ​រហូតដល់​ពេលនេះ​។​»

​សំ​កើ មិនដែល​និយាយ​រឿងរ៉ាវ​របស់គាត់​ឆ្លងកាត់​របប​ខ្មែរក្រហម​ប្រាប់​ទៅ​កូនៗ​របស់គាត់​ឡើយ ព្រោះ​គាត់​គិតថា​ជាការ​ឥតប្រយោជន៍ និង​ជា​កំហឹង​របស់​បុគ្គល​ម្នាក់​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ដែល​មិនដឹង​អ្វី​ទាល់តែសោះ​ត្រូវ​ជម្លៀស​ចេញពី​ស្រុកកំណើត​។ គាត់​ក៏​មិនបាន​ដឹង​ដែរ​ថា តើ ខុម ដែលជា​កូន​របស់​តា​ម៉ុក មាន​វាសនា​យ៉ាងដូចម្តេច​ដែរ​? ហើយក៏​មិនបាន​ចាប់ទោស​អូស​ដំណើរ​អ្វី​ដល់ ខុម ក្នុងពេល​នោះដែរ ព្រោះ​គាត់​សំអាងថា ខុម គឺជា​កម្មាភិបាល​ថ្នាក់លើ​ម្នាក់ ដែលមាន​សិទ្ធិ​ក្នុងការ​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​បាន​តាម​អំពើ​ចិត្ត​។ ផ្ទុយទៅវិញ សំ​កើ បែរជា​ហួសចិត្ត និង​អស់សំណើច​នៅពេលដែល​គាត់​រំឭក​រឿងនេះ​ប្រាប់​យើង ក្នុងអំឡុងពេល​ជាង​៤៣​ឆ្នាំក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​ទៅ​៕សរន