ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា​ស្ថានភាព​អត្រា​អតិផរណា មាន​ភាពមិនប្រាកដប្រជា​ខ្ពស់​ដោយ​អាស្រ័យ​ជា​ចម្បង​លើ​ឥទ្ធិពល​នៃ​ការអូសបន្លាយ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​,​ទៅលើ​ថ្លៃ​ប្រេង និង​ការអនុវត្ត​វិធាន​បិទ​ខ្ទប់​តំបន់​ផលិតកម្ម​នៅ​ប្រទេស​ចិន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​ជាមួយនឹង​ការរំពឹងទុក ថា​ថ្លៃ​ប្រេង​នឹង​ថយចុះ អតិផរណា​ក៏ត្រូវ​បាន​ព្យាករ​ថា​ថយចុះ​ផងដែរ​នៅ​ឆមាស​ទី​២​នេះ​។

​លោក​ទេសាភិបាល​ធនាគារជាតិ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​កាលពី​រសៀល​ថ្ងៃទី​២០​ខែកក្កដា​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ទន្ទឹមនឹង​ការលើកឡើង​នេះ លោក ជា ចាន់តូ បានបង្ហាញ​នូវ​កត់សម្គាល់ថា លើសពីនេះ សេដ្ឋកិច្ចកម្ពុជា​ក៏​អាច​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​មួយ​ចំនួន ដូចជា​៖ ហានិភ័យ​នៃ​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​សហភាព​អឺរ៉ុប ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ​និង​ការ​ថមថយ​កំណើន សេដ្ឋកិច្ច​ចិន ដែល​អាច​បន្ថយ​កំណើន​ការវិនិយោគ និង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​និង​អចលនទ្រព្យ​។ ម្យ៉ាងទៀត ថ្វីបើ​ការដំឡើង​អត្រា​ការប្រាក់​គោល​របស់​ធនាគារកណ្តាល​អាម៉េរិក មិនមាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​អត្រា​ការប្រាក់​នៅ​កម្ពុជា ប៉ុន្តែ​ក៏​អាចធ្វើ​ឱ្យមាន​សម្ពាធ​លើ​អត្រា​-​ប្តូរប្រាក់ ដោយសារ​ការឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​នៅលើ​ទីផ្សារ​អន្តរជាតិ​។

 

​លោក​ទេសាភិបាល​បាន​បន្តថា​នៅក្នុង​ស្ថានភាព​ប្រកបដោយ​បញ្ហា​ប្រឈម​ខាងលើនេះ​លោក​សូម​លើកឡើង​នូវ​មតិ​ផ្តាំផ្ញើ​មួយចំនួន សម្រាប់​ជា​ទិសដៅ​ការងារ ដែល​នឹងត្រូវ​អនុវត្ត ដូចតទៅ​៖ ១/-​ការបន្ត​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​៖ ដោយសារ​ប្រាក់​ដុល្លារ​អាម៉េរិក​មាន​និន្នាការ​ឡើងថ្លៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ប្រាក់រៀល​នឹង​បន្ត​ប្រឈម​នឹង​សម្ពាធ​ធ្លាក់​ថ្លៃ​។ ដូច្នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ប្រើប្រាស់​ឧបករណ៍​នយោបាយ​រូបិយវត្ថុ​ចាំបាច់​នានា ក្នុងការ​រក្សា​តម្លៃ​ប្រាក់រៀល​ឱ្យមាន​ស្ថិរភាព ដើម្បី​ការពារ​អំណាច​ទិញ​របស់​រូបិយវត្ថុ​ជាតិ ក៏ដូចជា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។


២/-​ការរក្សា​អត្រា​ការប្រាក់​ក្នុង​កម្រិត​សមស្រប​៖ ដោយសារ​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាម៉េរិក​យ៉ាង​ទូលំទូលាយ ការដំឡើង​អត្រា​ការប្រាក់​គោល​របស់​ធនាគារកណ្តាល​អាមេរិក​អាចមាន​សម្ពាធ​ដោយ​ប្រយោល​លើ​អត្រា​ការប្រាក់​ទីផ្សារ​នៅ​កម្ពុជា បើទោះជា​ក្នុង​កម្រិត​តិចតួច​ក៏ដោយ​។ ដូច្នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សេវា​របស់ខ្លួន ជាពិសេស​ការបង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​និង​ពិពិធ​កម្ម​សេវា ដើម្បី​អាច​កាត់បន្ថយ​ការចំណាយ​និង​បង្កើន​ប្រភព​ចំណូល ដោយ​ចៀសវាង​ការដំឡើង​អត្រា​ការប្រាក់​។ ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​នៅ​បន្ត​អនុវត្ត​នយោបាយ​រូបិយវត្ថុ ដែល​សម្រួល​ដល់​គ្រប់គ្រង​សន្ទនីយ​ភាព​ក្នុង​ប្រព័ន្ធ​ធនាគារ​។​
៣/-​ការត្រួតពិនិត្យ​និង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​៖ ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា​ខ្ពស់ ហើយ​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏​ប្រឈម​នឹង​ការ​រឹតត្បិត​ផងដែរ​។​ការតាមដាន​ជាប្រចាំ​លើ​សុខុមាលភាព​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជាមួយនឹង​ការដាក់ចេញ​វិធានការ​ម៉ាក្រូ​និង​មីក្រូ​ប្រុងប្រយ័ត្ន​ប្រកបដោយ​លក្ខណៈ​បុ​រេ​សកម្ម ជា​ការងារ​ចាំបាច់ ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​ធនាគារ និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។
៤/-​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​៖​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ថា​បានរួម​ចំណែក​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ទាំង​ក្នុងអំឡុងពេល​និង​ក្រោយ​វិបត្តិ​។ ការលើកកម្ពស់​អន្តរ​ប្រតិបត្តិការ (interoperability) និង​ការតភ្ជាប់ (connectivity)​នៃ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​គឺជា​គោលដៅ​ចម្បង​ដែល​នឹងត្រូវ​បន្ត​អនុវត្ត​ដើម្បី​រួមចំណែក​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់ និង​សមាហរណកម្ម​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ទៅក្នុង​តំបន់​និង​ពិភពលោក​។

៥/-​ការគ្រប់គ្រង​ចរាចរ​ណ៍​សាច់ប្រាក់​៖ កន្លងមក យើង​បាន​អនុវត្ត​ការងារ​គ្រប់គ្រង​ការ​ចរាចរ​សាច់ប្រាក់​បាន​យ៉ាង​ល្អប្រសើរ និង​បាន​លើកកម្ពស់​គុណភាព​និង​សោភ័ណភាព​ក្រដាសប្រាក់​រៀល​ជា​លំដាប់​។ ការ​ឈ្នះ​ពានរង្វាន់​ជា​ធនបត្រ​ថ្មី​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០១៩ ពី​ស្ថាប័ន​អន្តរជាតិ Reconnaissance ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស សម្រាប់​ធនបត្រ​អនុស្សាវរីយ៍​ប្រភេទ ១៥.០០០​រៀល បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​នៃ​បច្ចេកទេស​ផលិត​ធនបត្រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែលមាន​លក្ខណៈ​កាន់តែ​ទំនើប និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បង្កើន​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​។ ប្រាក់រៀល​ជា​រូបិយវត្ថុ​ជាតិ​តែមួយគត់​របស់​កម្ពុជា​យើង ដែល​តំណាងឱ្យ​អត្តសញ្ញាណ​ជាតិ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​។
៦/-​ការងារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត​៖ សាខា​ធនាគារជាតិ​នៃ​កម្ពុជា​នៅតាម​បណ្តា​រាជធានី​-​ខេត្ត គឺជា​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅតាម​មូលដ្ឋាន​។ តាមរយៈ​ទស្សនកិច្ច​កន្លងមក ខ្ញុំ​បាន​សង្កេតឃើញ​ពី​ការ​ងើបឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​បណ្តា​ខេត្ត ក្រោយពី​ស្ថានភាព​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល ជាពិសេស​ការនិយម​កា​រ​ប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន​និង​កំណើនប្រជាជន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​៕srn