​ដោយៈ សុ​ក្ខា​រិ​ន / ពោធិ៍សាត់​: លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ អមដំណើរ​ដោយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលរួម​ដាំ​ដើមឈើ នៅ​វត្ត​ក្ងាន និង​ព្រៃ​សហគមន៍ ភូមិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ដើម្បី​អបអរសាទរ​បុណ្យ​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០២២ នេះ​។​

​លោក ម៉ក់ រ៉ា បាន​ថ្លែង​ក្នុង​ពិធី​ដែល​ប្រារព្ធ​នៅ​វត្ត​ក្ងាន​ថាៈ ការ​ប្រារព្ធ​ទិវា​ដាំ​ដើមឈើ​នេះ ក្នុង​គោលបំណង​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ឱ្យចូល​រួម​ដាំ​ដើមឈើ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ និង​ការគ្រប់គ្រង​បរិស្ថាន ចូលរួម​រក្សា អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សា​ស្រាវជ្រាវ ប្រព័ន្ធ​ការពារ​ដី​ជម្រាល និង​ជីវចម្រុះ​។ ជាមួយគ្នា នោះ ក៏​ជា​ព្រឹត្តិការណ៍ លើកកម្ពស់​ការយល់ដឹង ដល់​ប្រជាពលរដ្ឋ ពី​សារៈសំខាន់​នៃ​ធនធាន ធម្មជាតិ បញ្ឈប់​ការកាប់បំផ្លាញ​ព្រៃឈើ ការ​បរបាញ់ ដាក់​អន្ទាក់​សត្វ ដោយ​ខុសច្បាប់ ផងដែរ​។

​ឆ្នាំនេះ ខ័​ណ្ឌ​ដ្ឋ​បាល​ព្រៃឈើ​ពោធិ៍សាត់ បានកំណត់​យក​ទីតាំង​វត្ត​ក្ងាន និង​តំបន់​ព្រៃ សហគមន៍ ភូមិ​ជ្រែង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ដាំ​ដើមឈើ ចំនួន ១.៤៥០ ដើម ក្នុងនោះ ដាំ​ក្នុង​បរិវេណ​វត្ត ចំនួន ១៥០ ដើម ដាំ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ១.៣០០ ដើម និង​កំពុង​បន្ត​ដាំ​ថែមទៀត ចំនួន ៤.០០០ ដើម ។ ដើមឈើ​ដែល​យកមក​ដាំ នាពេលនេះ មាន​ប្រភេទ គ្រញូង ធ្នង់ ច្រេស អាកាស្យា ស្ដៅ អង្កាញ់ និង​គគី ។​

​ដោយឡែក កូនឈើ​ចំនួន ២.៥០០ ដើម​ទៀត បាន​ត្រៀម​ប្រគេន​ព្រះសង្ឃ និង​ចែកជូន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដាំ​នៅតាម​វត្ត សាលារៀន អង្គភាព និង​តាម​គេហដ្ឋាន​ផងដែរ ៕/V