ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គាំទ្រ និង​ជំរុញ​ឱ្យ ពង្រឹង​ការចុះ​ជួយ​សាលា​ធនធាន ដើម្បី​តម្រង់ទិស​ថ្នាក់​វិទ្យាសាស្ត្រ (​ស្ទែ​ម​-STEM) នៅតាម​ខេត្ត រាជធានី ។​

​លោក អ៊ុម រម្យ​ណី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅពេល​លោក បាន​ដឹកនាំ​ប្រតិភូ​ក្រសួង ចុះ​ជួប​សំណេះសំណាល ផ្ដល់​អនុសាសន៍ និង​ពិភាក្សា​ការងារ ចុះជួយ​សាលា​ធនធាន នៅ​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន ក្រុង​សិរីសោភ័ណ និង​វិទ្យាល័យ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ហើយ​នាពេល​ខាងមុខនេះ នឹង​បង្កើតជា​វិទ្យាល័យ​បច្ចេកទេស ចំណេះ​ទូទៅ ។​

​ក្រោយពី​លោក សុខ ចំណាន នាយក​វិទ្យាល័យ​ហ៊ុន សែន ខ្លា​កូន បាន​រាយការណ៍​ពី ការវិវត្តន៍​នៃ​វិស័យ​អប់រំ សិក្សាធិការ នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ រួចមក លោក ឈួន ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ក្រសួង និង​មន្ទីរ បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​តាម​ថ្នាក់​វិទ្យាសាស្ត្រ​ពិត នៃ​សាលារៀន​មធ្យមសិក្សា គោលដៅ ពង្រឹង​លើ​គុណភាព នៃ​ការតម្រង់ទិស តាមរយៈ​ការអនុវត្ត​ស្ទែ​ម (STEM) ដល់​យុវ​សិស្ស​ជំនាន់​ថ្មី ក្នុងនោះ មន្ទីរ និង​គណ​:​គ្រប់គ្រង​សាលា បាន​ជ្រើស​យក​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន នៅ​ក្រុង​សិរីសោភ័ណ វិទ្យាល័យ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ដើម្បី​បន្ត អនុវត្ត​កម្មវិធី​នេះ ហើយនឹង​បន្តធ្វើ​ការជ្រើសរើស​វិទ្យាល័យ ដុន​បូ​ស្កូ ក្រុង​ប៉ោយប៉ែត , សាលា​បណ្តុះបណ្តាល​បច្ចេក​ទេស អង្គការ​កុមារ​មេគង្គ នៅ​ស្រុក​ថ្មពួក ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក អ៊ុម រម្យ​ណី បានផ្តល់​អនុសាសន៍ និង​ពិភាក្សា​ជាមួយ​នាយក នាយករង និង​បុគ្គលិក​អប់រំ ផ្នែក​វិទ្យាសាស្ត្រ​ពិត នៃ​វិទ្យាល័យ ហ៊ុន សែន ខ្លា​កូន ដើម្បី​ជួយ​លើ​ការងារ​មួយចំនួន ដូចជា ១. ផ្នែក​គ្រប់គ្រង​រដ្ឋបាល ២.​ការអប់រំ​បច្ចេកវិទ្យា
៣.​វិទ្យាសាស្ត្រ​ប្រព័ន្ធ​អេកូ​ស្ទែ​ម (ECO STEM : Science វិទ្យាសាស្ត្រ Technology បច្ចេកវិទ្យា Engineering វិស្វកម្ម Math គណិតវិទ្យា​) ដោយ​លើកទឹកចិត្ត​បង្រៀន​តម្រង់ទិស​សិស្ស​មធ្យមសិក្សា​។​

​គួរ​បញ្ជាក់ដែរថា លោក​បណ្ឌិត ហង្ស​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងពេល​ជាមួយគ្នានេះ បាន​បញ្ជូន​គណៈប្រតិភូ ក្រុម​ផ្សេងគ្នា ទៅ​បំពេញការងារ ចុះជួយ​សាលា​ធនធាន ដូចគ្នានេះ នៅ​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ផងដែរ​៕/V​