ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រសួងសង្គមកិច្ច រួមនឹងអង្គការដៃគូ សហការជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ សម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ នៅក្នុងកិច្ច ប្រជុំនោះ ដោយសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គភាពនានា ដែលពាក់ព័ន្ធ ព្រមទាំងអង្គការជាតិ អន្តរជាតិ ដែលមានក្រសួងសង្គមកិច្ច រួមនឹងអង្គការដទៃទៀត ដែលបានសហការរៀបចំកិច្ចប្រជុំនេះ ។
លោកស្រី អភិបាលរងខេត្ត ក៏សង្ឃឹមថា កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះ នឹងបានពិភាក្សា ចែករំលែកនូវវិធីសាស្ត្រ និងបទពិសោធន៍ផ្សេងៗ ជាមួយការដោះស្រាយ ករណីរួមគ្នា ដោយសហការក្នុងភាពជាដៃគូ ដើម្បីជួយជនចំណាកស្រុក និងគ្រួសារ របស់ពួកគេ ប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កាល្អ ។
ដោយឡែក លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃ មូលនិធិជាតិ ជំនួយសង្គម បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ពលរដ្ឋ បានធ្វេីចំណាកស្រុក ដោយខុសច្បាប់ មានជាបន្តបន្ទាប់ ដោយសារតែមានការអូសទាញ ពីសំណាក់មេខ្យល់ នាំទៅប្រទេសថៃ ដេីម្បីរកការងារធ្វើ ។ ជាមួយគ្នានេះ ភាគីថៃ ក៏បានបញ្ជូនត្រឡប់មកកម្ពុជា វិញ ជាបន្តបន្ទាប់ ។ មួយវិញទៀត គ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមសហការគ្នា ចុះអបរំផ្សព្វផ្សាយ ដល់ពលរដ្ឋ ឲ្យបានយល់ច្បាស់ពីហានិភ័យ នៃការឆ្លងដែន ដោយខុសច្បាប់។
លោក ក៏បានថ្លែងនូវអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ អង្គការដៃគូ ដែលកន្លងមក បានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសម្រួលដល់ពលករ ដែលត្រូវបានបញ្ជូន ពីប្រទេសថៃមកកម្ពុជា ដោយមានការរៀបចំអាហារហូបចុក និងសម្ភារៈផ្សេងៗ ។
លោក ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនានា បន្តចូលរួមសហការគ្នា ក៏ដូចជា ការជួយផ្តល់សេវានានា ចាំបាច់ ដល់ក្រុមគ្រួសារ ជនចំណាកស្រុក ជាពិសេស ពលករចំណាកស្រុក ទៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព ដើម្បីចូលរួមការពារ ទប់ស្កាត់ ការលួចឆ្លងដែន ដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋ ។
យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ស្តីពីពលករវិលត្រឡប់ ពីប្រទេសថៃ ចូលមកកម្ពុជាវិញ នៅឆមាសទី១ ឆ្នាំ២០២២ នេះ បានឲ្យដឹងថាៈ ពលករ ពលការិនីកម្ពុជា បានត្រូវបញ្ជូន មកពីប្រទេសថៃ ចំនួន ៧៤,១៤៨ នាក់ (ស្ត្រី ៣០.២៩៨ នាក់) , កុមារ ៩.០៧៧ នាក់ (កុមារី ៤.៣១៤នាក់) ។
ក្នុងចំណោម ពលករ-ពលការិនីកម្ពុជា ដែលបានបញ្ជូនមកពីប្រទេសថៃ ទាំង ៧៤.១៤៨ នាក់ ក្នុងនោះមានៈ នៅច្រកអូរបីជាន់ មានចំនួន ៣៧.៣២៣ នាក់, ច្រកម៉ាឡៃ ៩.៥១២ នាក់, ច្រកបឹងត្រកួន ១.៩៧០ នាក់, ច្រកប៉ោយប៉ែត ២៥.៤៤៣ នាក់ ៕/V