ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ អគ្គនាយកដ្ឋានការពារប្រើប្រាស់កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ កំពុងតែធ្វើការស្រាវជ្រាវករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងខេត្តកណ្តាល បានប្តឹងចោទប្រកាន់លើលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីគាបសង្កត់យកលុយពីម្ចាស់ស្ថានីយដោយក្នុងមួយកន្លែងយកលុយចាប់ពី ២លានរៀល ទៅ ១០លានរៀល។ ប៉ុន្តែលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល បានបដិសេធចំពោះការចោទប្រកាន់នេះ។

បន្ទាប់ពីរឿងនេះ បានផ្ទុះឡើងគឺអគ្គនាយកដ្ឋានការពារប្រើប្រាស់កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានកោះអញ្ជើញម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅខេត្តកណ្តាល ចំនួន ៤២នាក់ ឲ្យទៅបំភ្លឺលើករណីនេះទៅអគ្គនាយកដ្ឋានស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធីបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋាន ក.ប.ប។

លិខិតកោះអញ្ជើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ ចុះហត្ថលេខាដោយលោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ។

លោក ផាន អូន (រូបថតឯកសារ)

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋាន ក.ប.ប បានប្រាប់រស្មីកម្ពុជាននៅថ្ងៃទី២១ ខែកក្កដា នេះថា “ចង់បានពួកមកបំភ្លឺ និងបង្ហាញសក្ខីកម្ម ដែលមន្ត្រីបានអនុវត្តថា តើខុសនីតិវិធី ឬយ៉ាងណា ម្យ៉ាងអាចពន្យល់ពួកគាត់អំពីច្បាប់ និងបទដ្ឋានគតិយុត្តផងដែរ”។

បើតាមម្ចាស់ស្ថានីយប្រេងបានឲ្យដឹងថា លោក ឃួន សាវុធ អគ្គ នាយករងនៃអគ្គនាយកដ្ឋាន ក.ប.បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូទាំង៤២នាក់ ដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួនក្រោយម្ចាស់ប៉ូប្រេងឥន្ធនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាល ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងប្តឹងទៅអភិបាលខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

ម្ចាស់ស្ថានីយប្រេងឥន្ធនៈនៈនៅខេត្តកណ្តាលមួយចំនួនបានចោទប្រកាន់លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល នឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីគាបសង្កត់ពួកគាត់យកលុយពីពួកគាត់ដោយក្នុងមួយកន្លែងយកលុយចាប់ពី ២លានរៀល ទៅ ១០លានរៀល។ ការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូលចុះពិនិត្យគុណភាព បរិមាណរង្វាស់រង្វាល់.ប្រេងសាំង តាមបណ្ដាហ្គារ៉ាស់សាំងនានាហើយការទារលុយនេះ ដោយក្រោមរូបភាពម្ចាស់ស្ថានីយប្រេងឥន្ធន:បន្លំគុណភាពពីសាំងធម្មតា.មកជាសាំងស៊ុបពែរ លក់ខ្វះបរិមាណរង្វាស់រង្វាល់ចំនួនលីត្រជាដើម។ល។

ម្ចាស់ស្ថានីយប្រេងឥន្ធនៈបានឲ្យដឹងថា បើពួកគាត់មិនព្រមបង់លុយក្រោមតុតាមការទាមទារនោះទេ មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល នឹងធ្វើការផាកពិន័យអស់ច្រើនចាប់ពី ១០លានរៀល ទៅ ២០លានរៀលឯណោះ ឬបិទស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន លែងឱ្យលក់ដូរទៀតផង។ បើពួកគាត់មិនព្រមអនុវត្តតាមការបង្គាប់បញ្ជា ក្រុមមន្ត្រីនិងបញ្ជូនសំណុំរឿងទៅតុលាការមិនខាន។

ម្ចាស់ស្ថានីយប្រេងឥន្ធនៈចំនួន ៤២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល និងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ការចុះពិនិត្យគុណភាពនិងរង្វាស់រង្វាល់ប្រេងសាំង តាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ពីសំណាក់មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល កាលពីកន្លងមកគឺជាការគាបសង្កត់ លើកយកកំហុសរបស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ មកបំភិត.បំភ័យសំឡុតដើម្បីកំណត់យកលុយ
ក្រៅប្រព័ន្ធច្បាប់ បានរាប់លានរៀលក្នុងមួយកន្លែងៗ បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ អាជីវករ ជាខ្លាំង!។ ក្នុងនោះ ភាគច្រើនគេកំណត់ឱ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈ ប្រគល់លុយជូនមន្ត្រីកាំកុងត្រូល ដោយស្ងាត់ៗ មិនមានឯកសារ វិក្កយបត្រ ផាកពិន័យពោលគឺហុចផ្ទាល់ដៃតែម្ដង។ខណៈម្ចាស់ស្ថានីយប្រេងឥន្ទនៈខ្លះទៀត ក៍បានផ្ញើលុយជូនលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប) ខេត្តកណ្ដាតាម«វីង»និង«ABA»ទៀតផង។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប)ខេត្តកណ្ដាលបានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។ ដោយលោកអះអាងថា លុយដែលលោកទទួលពីម្ចាស់ស្ថានីយប្រេងឥន្ធន:គឺជាលុយពិន័យទាំងអស់៕សរន