ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាវុធហត្ថរបស់រដ្ឋរីយ៉ូបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដាថា យ៉ាងហោចណាស់មនុស្ស ១៨នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការឆ្មក់បង្ក្រាបរបស់ប៉ូលិសនៅក្នុងសង្កាត់ក្រីក្រធំបំផុតឬសហគមន៍ដែលមានប្រាក់ចំណូលទាបនៅទីក្រុងរីយ៉ូ ដឺហ្សានីរ៉ូ (Rio de Janeiro)របស់ប្រេស៊ីល។
អ្នកយកព័ត៌មាន Associated Press បានឃើញអ្នកស្រុកសែងសាកសពប្រហែល ១០ នាក់ ខណៈអ្នកឈរមើលស្រែកថា “យើងចង់បានសន្តិភាព”។
ប្រជាពលរដ្ឋបាននិយាយថា អ្នកដែលប៉ុនប៉ងជួយអ្នករបួសគឺប្រថុយនឹងការចាប់ខ្លួន។
ស្ត្រីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន APថា “វាជាការសម្លាប់រង្គាលនៅក្នុងអ្វីដែលប៉ូលិសហៅថាប្រតិបត្តិការមួយ”។
នាងបានបន្ថែមថា “ពួកគេមិនអនុញ្ញាតឱ្យយើងជួយជនរងគ្រោះទេ” ដោយនិយាយថានាងបានឃើញបុរសម្នាក់ត្រូវបានចាប់ខ្លួនដែលប៉ុនប៉ងធ្វើដូច្នេះ។
លោក អ៊ីវ៉ាន់ ប្លាស់ (Ivan Blas) អ្នកនាំពាក្យអាវុធហត្ថរបស់រដ្ឋរីយ៉ូបាននិយាយនៅក្នុងសន្និសីទកាសែតថា ចំនួនអ្នកស្លាប់នៅកំពុងបូកសរុបនៅឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ កម្លាំងអាវុធហត្ថបាននិយាយថា មន្ត្រីម្នាក់ត្រូវបានសម្លាប់ ហើយការឆ្មក់បង្ក្រាបនេះបានកំណត់គោលដៅលើក្រុមឧក្រិដ្ឋជននៅសង្កាត់ខំផ្លិចហ្សូ ដូ អាឡេម៉ៅ (Complexo do Alemao) ដែលបានលួចរថយន្តនិងទំនិញ និងប្លន់ធនាគារព្រមទាំងបានលុកលុយសង្កាត់ក្បែរនោះទៀត។
អភិបាលរដ្ឋរីយ៉ូ លោក ក្លោឌីអូ កាស្ត្រូ (Claudio Castro)បាននិយាយនៅលើទំព័រ Twitterផ្លូវការរបស់គាត់ដោយទួញសោកចំពោះការស្លាប់របស់មន្ត្រីនោះថា”ខ្ញុំនឹងបន្តប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជាមួយនឹងកម្លាំងរបស់ខ្ញុំ។ យើងនឹងមិនដកថយពីបេសកកម្មធានាសន្តិភាពនិងសន្តិសុខដល់ប្រជាជននៃរដ្ឋរបស់យើងនោះទេ”។
ប៉ុន្តែមនុស្សជាច្រើនមិនយល់ស្របនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការដោះស្រាយអំពើហិង្សានិងឧក្រិដ្ឋកម្មចាត់តាំងនោះទេដែលវាជាវិធីសាស្ត្រមួយឃើញប៉ូលិសសម្លាប់មនុស្សជាប្រចាំ។
លោកស្រី ថាលីរីយ៉ា ប៉េត្រូន (Taliria Petrone) សមាជិកសភាសហព័ន្ធសម្រាប់រដ្ឋរីយ៉ូ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសារបង្ហោះរបស់អភិបាលរដ្ឋថា”ឆ្អែតឆ្អន់ហើយចំពោះគោលនយោបាយប្រល័យពូជសាសន៍បែបនេះ លោកអភិបាល!”។
“គោលនយោបាយសន្តិសុខសាធារណៈដែលបរាជ័យនេះបានបណ្តាលឱ្យអ្នកស្រុកនិងប៉ូលិសងាយរងគ្រោះ។ វាមិនអាចទៅរួចទៀតទេក្នុងការបន្តប្រមូលសាកសពស្បែកខ្មៅនិងអ្នកនៅតំបន់ក្រីក្ររាល់ថ្ងៃបែបនេះ!”។
សង្កាត់អាឡេម៉ៅគឺជាប្លុកសហគមន៍ក្រីក្រចំនួន ១៣ នៅភាគខាងជើងទីក្រុងរីយ៉ូ ដែលមានប្រជាជនប្រហែល ៧០.០០០ នាក់។ ជិតបីភាគបួននៃពួកគេមានសម្បុរខ្មៅ ឬ កាត់ពីរសាសន៍ នេះបើយោងតាមការសិក្សាខែកក្កដាឆ្នាំ ២០២០ ដែលចេញផ្សាយដោយវិទ្យាស្ថានវិភាគសង្គមនិងសេដ្ឋកិច្ចរបស់ប្រេស៊ីល៕
មនុស្ស១៨នាក់ស្លាប់ក្នុងការបង្ក្រាបរបស់អាវុធហត្ថប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍នៅសង្កាត់អាឡេម៉ៅ