ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ យប់មិញនេះ(ថ្ងៃទី២១ ខែកក្កដា) ក្រុមកីឡាសីដក់ និងឈីនឡូនជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រទេសថៃ ដើម្បីចូលរួមប្រកួត ជើងឯក King Cup World Championship ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈីនឡូនកម្ពុជា បានប្រាប់ឲ្យ ដឹងថា: ព្រឹត្តិការណ៍នេះ គឺធំកម្រិតពិភពលោក ដែលមានប្រទេសចូលរួមមាន ចន្លោះពី ៣៥ ទៅ ៤០ ប្រទេស ហើយ ១២ ប្រទេសមានវិញ្ញាសាដែលខាងគេបាន ដាក់មកឲ្យយើង ក្នុងនោះមានស្រី ៥ ប្រុស ៥ និង Mix ចំនួនពីរ។ ព្រឹត្តិការណ៍នេះ កន្លងមកគេធ្វើរាល់ឆ្នាំ ប៉ុន្តែដោយសារកូវីដ ២ឆ្នាំកន្លងមក គេអត់ធ្វើទេ។
តាមពិតទៅ ក្រុមកម្ពុជា បានហ្វឹកហាត់ហាត់ តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដើម្បីត្រៀម សម្រាប់ក្រុមកីឡាសីប៉ាក់តាក្រកម្ពុជា បានហ្វឹកហាត់ក្នុងបរិវេណពហុ កីឡដ្ឋានជាតិមរតកតេជោ ដោយហ្វឹកហាត់ ៣ ពេល ក្នុងមួយថ្ងៃ។ ក្នុងនោះដែរ កីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹក បានរៀបចំផែនការយ៉ាងច្បាស់លាស់ ក្នុងការត្រៀមខ្លួន តាំងពីចប់ស៊ីហ្គេម នៅវៀតណាមមកដល់ពេលនេះ ដើម្បីជាការត្រៀមខ្លួនចូលរួមការប្រកួត King Cup World Championship ២០២២ ។
លោក ខេមរា បានបន្ដថា: សម្រាប់គោលដៅ គឺយើងចង់ឈ្នះមេដាយ ត្រឡប់មក ប្រទេសយើងវិញ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់លើកនេះ អ្វីដែលយើងចង់បាន គឺឲ្យពួកគាត់ទទួលយកបទពិសោធន៍ឲ្យបានច្រើន ដើម្បីកុំឲ្យភ័យ ដូចទៅលេង ស៊ីហ្គេម នៅវៀតណាម ព្រោះស៊ីហ្គេមនៅកម្ពុជាយើង សំខាន់ណាស់ នាឆ្នាំ២០២៣ ខាងមុខ។
បច្ចុប្បន្ននេះ ក្មេងៗរបស់យើង មានឆន្ទៈខ្ពស់ណាស់។ជាក់ស្ដែង ពេលហាត់ចប់ តាមកាលកំណត់ ១ថ្ងៃហាត់ ៦ម៉ោង ហើយពួកគាត់តែងលួចមកហាត់ ដោយខ្លួន ឯងបន្ថែមទៀត ដោយមិនខ្លាចនឿយហត់ទេ ហេតុនេះលោកសង្ឃឹមថា ពួកគេ នឹងធ្វើបានល្អ។
សម្រាប់ការចេញទៅនេះ មានកីឡាករ ចំនួន១៨ នាក់ និងកីឡាការិនី ៨នាក់ ហើយការប្រកួត នឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី៣០ ខែកក្កដា៕/V-PC