ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ នៅថ្ងៃទី២១ កក្កដា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកោះប្រជុំជាមួយគណៈកម្មការជំនាញទាំងអស់ ដើម្បីត្រៀមការមកដល់ នៃព្រឹត្តិការណ៍ស៊ីហ្គេម។
លោកបានមានប្រសាសន៍ថា: គណៈកម្មការជំនាញទាំងអស់ បានយល់ដឹងច្បាស់ អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយ ក្នុងការ អនុវត្តទិសដៅការងារ ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
កិច្ចប្រជុំថ្ងៃនេះ ផ្ដោតសំខាន់ អំពីការធ្វើការងារដោយប្រទាក់ក្រឡាគ្នា ជាមួយ គណៈកម្មការជំនាញទាំងអស់ ហើយធ្វើការវែកញែកគ្នាឲ្យបានច្បាស់ថា មកទល់ថ្ងៃនេះ តើការអនុវត្តការងារកន្លងមក មានឧបសគ្គអ្វីខ្លះ? ជាលទ្ធផល កិច្ចប្រជុំ បានដោះស្រាយការងារជាច្រើន ពិសេសគណៈកម្មការជំនាញ នីមួយៗបានយល់ដឹងច្បាស់ អំពីតួនាទី ភារកិច្ចរបស់ខ្លួន ហើយបានឯកភាព ទាំងអស់គ្នាទៀតផង។
លោកបានមានប្រសាសន៍ថា: «យើងបានធ្វើការជាមួយគ្នា និងដោះស្រាយការងារ ច្រើន ទាំងការរៀបចំផ្សព្វផ្សាយការងារ រកការឧបត្ថម្ភការងាររៀបចំស្នាក់នៅ ហូបចុក យើងបានបែងចែកគ្នាអស់ហើយ ដឹងថាអ្នកណាត្រូវធ្វើអ្វី។ ហេតុនេះ គោលការណ៍របស់ CAMSOC គឺឲ្យគណៈកម្មការជំនាញនីមួយៗ ទទួលខុសត្រូវ ហើយពេលណា មានការណែនាំបន្ថែម ត្រូវយកមកផ្សព្វផ្សាយ និងបញ្ជូនជាផ្លូវការ ក្នុងអង្គប្រជុំ ដើម្បីឲ្យគាត់ទទួលបានតួនាទី ភារកិច្ច បានត្រឹមត្រូវ ហើយច្បាស់ លាស់ល្អ»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា: អ្វីដែលជាការពាក់ព័ន្ធនេះ គឺយើងធ្វើឲ្យបានកម្រិត មួយថា យើងមានភាពជាក់លាក់ នៅក្នុងការផ្ដល់តួនាទី ភារកិច្ច ហើយមានភាព ជាក់លាក់ ក្នុងការទទួលខុសត្រូវ។ អីចឹង ឥឡូវនេះ គណៈកម្មការទាំងអស់ បានឯកភាពគ្នាទាំងអស់ និងមានការយល់ដឹង អំពីការងាររបស់យើង ហើយបន្ដ ធ្វើការសហការគ្នាបន្ថែមទៀត ក្រោមយន្ដការរួម និងឯកភាពគ្នាតែមួយដើម្បីឆ្ពោះ ទៅរកជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣» ៕/V-PC