ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សេតវិមានបាននិយាយថា ប្រធានាធិបតី ចូ បៃដិន បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។
អ្នកនាំពាក្យសេតវិមាន ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយថា លោកបៃដិនកំពុងជួបប្រទះ “រោគសញ្ញាស្រាល” ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovidដែលជាថ្នាំប្រឆាំងមេរោគបង្កើតឡើងដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺកូវីដ។
នាងបាននិយាយថា លោកបៃដិន “នឹងធ្វើចត្តាឡីស័កនៅសេតវិមាន ហើយនឹងបន្តបំពេញភារកិច្ចទាំងអស់របស់គាត់យ៉ាងពេញលេញក្នុងអំឡុងពេលនោះ។ គាត់បានទាក់ទងជាមួយសមាជិកនៃបុគ្គលិកសេតវិមានតាមទូរស័ព្ទនៅព្រឹកនេះ ហើយនឹងចូលរួមក្នុងការប្រជុំដែលបានគ្រោងទុកនៅសេតវិមាននៅព្រឹកនេះតាមរយៈទូរស័ព្ទ និង Zoom ពីសេតវិមាន”។
លោកបៃដិនអាយុ ៧៩ ឆ្នាំបានចាក់វ៉ាក់សាំងពេញលេញ បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារ Pfizerចំនួនពីរដូសមុនពេលចូលកាន់តំណែង វ៉ាក់សាំងជំរុញទីមួយនៅខែកញ្ញានិងវ៉ាក់សាំងជំរុញបន្ថែមមួយទៀតនៅថ្ងៃទី ៣០ ខែមីនា។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានបន្តថា “តាមពិធីការស្តង់ដារសម្រាប់ករណីវិជ្ជមានណាមួយនៅសេតវិមាន អង្គភាពវេជ្ជសាស្ត្រសេតវិមាននឹងជូនដំណឹងដល់អ្នកប៉ះពាល់ជិតស្និទ្ធទាំងអស់របស់ប្រធានាធិបតីក្នុងអំឡុងពេលថ្ងៃនេះ រួមទាំងសមាជិកសភា និងសមាជិកសារព័ត៌មានណាដែលមានអន្តរកម្មជាមួយលោកប្រធានាធិបតីអំឡុងពេលធ្វើដំណើរកាលពីម្សិលមិញ”។
“ការធ្វើតេស្តិ៍ចុងក្រោយរបស់ប្រធានាធិបតីសម្រាប់កូវីដគឺនៅថ្ងៃអង្គារនៅពេលគាត់មានលទ្ធផលតេស្តិ៍អវិជ្ជមាន”៕
ប្រធានាធិបតីបៃដិននិយាយទៅកាន់សមាជិកប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីចាកចេញពីយន្តហោះ Air Force One នៅថ្ងៃពុធ ទី ២០0 ខែកក្កដា ឆ្នាំ ២០២២ នៅមូលដ្ឋានទ័ពអាកាសអេនឌ្រូ