ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ីតាលីបានរំលាយសភា ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតមុនកាលកំណត់ បន្ទាប់ពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី ម៉ារីអូ ដ្រាហ្គី (Mario Draghi)។
លោកដ្រាហ្គីបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា បន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចរបស់លោកបានដួលរលំ។
ចំណាត់ការនេះបានបង្កផលប៉ះពាល់ដ៏អស្ថិរភាពដល់ប្រទេសអ៊ីតាលីនិងអឺរ៉ុបនៅគ្រានៃអតិផរណានិងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតនិងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
មិនមានកាលបរិច្ឆេទណាមួយត្រូវបានកំណត់ទេ ប៉ុន្តែប្រធានាធិបតី សឺជីអូ ម៉ាត់តារែលឡា (Sergio Mattarella) បាននិយាយថា ការបោះឆ្នោតថ្មីត្រូវតែធ្វើឡើងក្នុងរយៈពេល ៧០ថ្ងៃក្រោមរដ្ឋធម្មនុញ្ញរបស់អ៊ីតាលី។
លោកដ្រាហ្គីបានដាក់ពាក្យលាលែងពីតំណែងទៅកាន់លោកម៉ាត់តារែលឡាក្នុងអំឡុងកិច្ចប្រជុំពេលព្រឹកនៅឯវិមានគ្វីរីណាល់
សភាអ៊ីតាលីត្រូវបានរំលាយកាលពីថ្ងៃព្រហស្បតិ៍
លោកបាននិយាយថាលោកបានធ្វើចំណាត់ការបែបនេះដោយសារកង្វះការគាំទ្រសម្រាប់លោកដ្រាហ្គី ហើយវាក៏ចង្អុលបង្ហាញដែរថាមិនមាន “លទ្ធភាព” នៃការបង្កើតរដ្ឋាភិបាលមួយផ្សេងទៀត ដែលអាចទទួលបានសំឡេងភាគច្រើននោះទេ។
អាណត្តិប្រាំឆ្នាំរបស់សភានឹងផុតកំណត់នៅខែមីនាឆ្នាំ ២០២៣។
លោកដ្រាហ្គីបានដាក់ពាក្យលាលែងពីតំណែងទៅកាន់លោកម៉ាត់តារែលឡាក្នុងអំឡុងកិច្ចប្រជុំពេលព្រឹកនៅឯវិមានគ្វីរីណាល់ (Quirinale) ។ ការិយាល័យប្រធានាធិបតីបាននិយាយថាលោកម៉ាត់តារែលឡា ដែលបានបដិសេធសំណើសុំលាលែងពីតំណែងស្រដៀងគ្នានេះពីនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន បានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោកដ្រាហ្គី បន្តស្ថិតក្នុងសមត្ថភាពចាំផ្ទះ។
អ៊ីតាលីកំពុងប្រឈមមុខនឹងការឡើងថ្លៃសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីអាហាររហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលជាលទ្ធផលនៃការសង្គ្រាមនៅអ៊ុយក្រែន។អ៊ីតាលីក៏កំពុងរងទុក្ខដោយគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ដែលកំពុងគំរាមកំហែងដល់ដំណាំ និងជួបការលំបាកក្នុងការអនុវត្តកម្មវិធីស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាត ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុបផងដែរ។
អស្ថិរភាពណាមួយក្នុងប្រទេសអ៊ីតាលីអាចនឹងរាលដាលដល់ប្រទេសអឺរ៉ុបដទៃទៀត ដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ចផងដែរ និងដកហូតឋានៈបុរសរដ្ឋគួរឱ្យគោរពពីសហភាពអឺរ៉ុប ខណៈខ្លួនព្យាយាមរក្សារណសិរ្សរួបរួមប្រឆាំងនឹងរុស្ស៊ី។
លោកដ្រាហ្គី ដែលមិនមែនជាអ្នកនយោបាយប៉ុន្តែជាអតីតមន្ត្រីធនាគារកណ្តាល បានឡើងកាន់តំណែងកាលពី ១៧ ខែមុនដើម្បីស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះដោយសារកូវីដ១៩។ ប៉ុន្តែរដ្ឋាភិបាលរួបរួមជាតិរបស់លោកបានដួលរលំកាលពីថ្ងៃពុធបន្ទាប់ពីសមាជិកនៃក្រុមចម្រុះស្តាំនិយម ឆ្វេងនិយម និងប្រជានិយម ដែលមិនសប្បាយចិត្ត បានច្រានចោលការអំពាវនាវរបស់លោកដើម្បីរួមគ្នាជាបន្តដើម្បីបញ្ចប់អាណត្តិរបស់សភា៕