ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាសម្តែង អាមបឺ ហឺដ (Amber Heard)កំពុងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យក្នុងរឿងក្តីបរិហារកេរ្តិ៍តម្លៃរាប់លានដុល្លារដែលនាងបានចាញ់អតីតស្វាមីរបស់នាងជាតួសម្តែងក្នុងរឿងចោរសមុទ្រការ៉ាអ៊ីប( Pirates of the Caribbean) គឺតារាសម្តែង ចននី ដេប (Johnny Depp)។
មេធាវីសម្រាប់នាងហឺដអាយុ ៣៦ ឆ្នាំដែលបានសម្តែងក្នុងរឿង Aquaman បានដាក់បណ្តឹងឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដាទៅកាន់តុលាការឧទ្ធរណ៍រដ្ឋវើជីនៀ។
អ្នកនាំពាក្យរបស់នាងហឺដបាននិយាយដោយសំដៅទៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលការពារសេរីភាពនៃការបញ្ចេញមតិ យ៉ាងដូច្នេះថា”យើងជឿថាតុលាការបានបង្កើតកំហុសដែលរារាំងសាលក្រមត្រឹមត្រូវនិងយុត្តិធម៌ដែលស្របតាមវិសោធនកម្មទីមួយ”។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូច្នេះយើងកំពុងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។ខណៈយើងដឹងថាការដាក់ពាក្យបន្តឹងនៅថ្ងៃនេះនឹងបញ្ឆេះកំហឹងនៅលើ Twitter វាមានជំហានដែលយើងត្រូវធ្វើដើម្បីធានាទាំងភាពត្រឹមត្រូវនិងយុត្តិធម៌”។
គណៈវិនិច្ឆ័យនៃរដ្ឋវើជីនៀកាលពីខែមិថុនាបានផ្តល់សំណងចំនួន ១០ លានដុល្លារដល់លោកដេប បន្ទាប់ពីបានរកឃើញថាអត្ថបទអត្ថាធិប្បាយក្នុងកាសែតនៅឆ្នាំ ២០១៨ ដែលសរសេរដោយនាងហឺដ គឺជាការបង្ខូចកេរ្តិ៍ឈ្មោះ។
ដេប អាយុ ៥៩ ឆ្នាំបានប្តឹងនាងហឺដជុំវិញអត្ថបទនៅលើកាសែត Washington Post ដែលនាងមិនបានបញ្ចេញចំឈ្មោះគាត់ទេ ប៉ុន្តែបានពណ៌នាខ្លួននាងថាជា”បុគ្គលសាធារណៈតំណាងឱ្យការរំលោភបំពានក្នុងគ្រួសារ”។
នាងហឺដ ដែលប្តឹងបកវិញ ត្រូវបានផ្តល់សំណងចំនួន ២ លានដុល្លារ៕
អតីតប្តីប្រពន្ធ លោកដេបនិងនាងហឺដ ប្តឹងគ្នាផ្អើលពិភពលោក