ដោយៈ សរិទ្ធ / ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជន ១១នាក់ មានខ្មែរ វៀតណាម និងថៃ ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ជាង ៤៤ គីឡូក្រាម បានត្រូវតុលាការ សម្រេច ឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២២ ដើម្បីរង់ចាំការស៊ើប អង្កេត រកគូកននិងមេខ្លោងជាបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួម ពីកម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមាន ការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានី ខេត្ត ទាំងពីរ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន ៥ គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ ។
គោលដៅទី១ សមត្ថកិច្ចបានធ្វើការបង្ក្រាប នៅចំណុចសួនច្បារមាត់ទន្លេមុខវាំង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀនប្រមាណ ១គីឡូក្រាម។ គោលដៅទី២ នៅចំណុចខុនដូឃ្វីន បន្ទប់ជួលលេខ ៦០២ ជាន់ទី៦ ផ្លូវលេខ ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកសារធាតុញៀន ប្រមាណជាង ៣ គីឡូក្រាម។ គោលដៅទី៣ បានបន្ត ពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុចមុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងចាប់យកសារធាតុញៀន ២០ កញ្ចប់ធំ ទម្ងន់ ប្រមាណ ២០ គីឡូក្រាម។ គោលដៅទី៤ នៅចំណុចផ្ទះលេខ ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន ៣ កញ្ចប់ធំ ទម្ងន់ប្រមាណ ៣ គីឡូក្រាម និងគោលដៅទី៥ នៅចំណុចខ្ទមចម្ការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតថ្នាំញៀន ២០ កញ្ចប់ធំ ទម្ងន់ប្រមាណ ២០ គីឡូក្រាម ។
ជនសង្ស័យ ១១នាក់ ខាងលើ មាន: ទី១-ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២-ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ, ទី៤-ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ, ទី៥-ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ, ទី៦-ឈ្មោះ WEERAPHAT HUN GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ, ទី៧-ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៨-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ទី៩-ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ទី១០-ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ និងទី ១១-ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម ។
ចំណែកវត្ថុតាងដែលរឹបអូសទាំង ៥ គោលដៅ រួមមាន: កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១គីឡូ និង ៩៥២ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូ និង ៨៥៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១០៦ក្រាម, សរុប ៤៤គីឡូ និង ៩១៦ក្រាម, រថយន្ត ២គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់បែក ១គ្រាប់, ជញ្ជីងថ្លឹង ៣គ្រឿង និងទូរស័ព្ទដៃ ៧គ្រឿង ៕/V-PC