ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ បានប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​ជន​ជាតិចិន ៩​នាក់ ដាក់គុក​ម្នាក់ៗ អស់​មួយជីវិត និង​តម្រូវ​ឲ្យ​បង់ប្រាក់​ចូល​ថវិការដ្ឋ តាមច្បាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ ប្រមាណ ៣៥០ គីឡូក្រាម​។

​សាលក្រម បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍ បើសិន​ជនជាប់ចោទ មិន​សុខចិត្ត ចំពោះ ការកាត់ក្តី​នេះ​។ អ្នក​ទាំង ៩ នាក់ ជាប់ចោទ​ពីបទ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​បទ​សម្អាត​ប្រាក់​។​

​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ដំណើរការ​ស្រាវ​បង្ក្រាប ដោយមាន​កិច្ចសហប្រតិបត្តិការ ជាមួយ​សមត្ថកិច្ច ចិន​។ កិច្ចប្រតិបត្តិការ​នេះ បានធ្វើ​ឡើង ចំនួន ២ គោលដៅ​ផ្សេងគ្នា គឺ​នៅ​ចំណុច វីឡា​ភ្លោះ លេខ​២១ ផ្លូវ​លេខ R03 ស្តា​ផ្លា​ទី​នឹម បុរី​ប៉េង​ហូត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ និង​នៅ​ចំណុច​ភោជនីយដ្ឋាន អី​យិន​ម៉ា​ថូ​វ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧ មករា រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​៩ នាក់​។​

​ជន​ត្រូវ​ចោទ ជា​បុរស​ជនជាតិ​ចិន ទាំង​៩​នាក់​នោះ រួមមានៈ ១.​ឈ្មោះ HUANG RUI MING អាយុ​៥៨​ឆ្នាំ (​មេក្លោង​), ២.​ឈ្មោះ LI YI NAN អាយុ​៣៨ ឆ្នាំ , ៣.​ឈ្មោះ SUN LIANG អាយុ​៤២​ឆ្នាំ , ៤.​ឈ្មោះ SUN HAI TAO អាយុ​៤១ ឆ្នាំ​, ៥.​ឈ្មោះ LIU WEI CHENG អាយុ​៥២ ឆ្នាំ​, ៦.​ឈ្មោះ CHEN ZHI QUAN អាយុ​៦៦ ឆ្នាំ , ៧.​ឈ្មោះ WANG LEI អាយុ​៣៩ ឆ្នាំ , ៨.​ឈ្មោះ WANG YUE អាយុ​៣៩ ឆ្នាំ និង​៩.​ឈ្មោះ ZHU XIAO FEI អាយុ​៣៩ ឆ្នាំ​។​

​ក្នុងនោះ សមត្ថកិច្ច ក៏បាន​ធ្វើការ​ដកហូត​វត្ថុតាង គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ តា​មីន (ICE) សរុប​រួម​ទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ ក្រាម (​លាក់​ក្នុង​បំពង់​ដែក ៣៦៧ ដើម និង ៦១ កញ្ចប់​ធំ​) ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២​គ្រឿង និង​សម្ភារ​វេច​ខ្ចប់ មួយចំនួនទៀត ព្រមទាំង​ដកហូត​រថយន្ត​១ គ្រឿង ម៉ាក TOYOTA ALPHARD ពាក់​ស្លាក់​លេខ ភ្នំពេញ 2BE-2973 -​ម៉ូតូ​១ គ្រឿង​ម៉ាក HONDA PCX ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FE-5946 -​ទូរស័ព្ទដៃ ចំនួន​១០ គ្រឿង និង​ប្រាក់ ៣០០ ដុល្លារ​អាមេរិក​៕/V​-PC