ដោយៈ សរិទ្ធ / ភ្នំពេញ: រថយន្តតូយ៉ូតា កាមរី (បាឡែន) មួយគ្រឿង បើកបរក្នុង ល្បឿន លឿន បានជ្រុលទៅបុករថយន្តដឹកសំរាម ពីក្រោយ ពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ពីរនាក់ រងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងត្បូងភ្លើងស្តុប ៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញ រថយន្ត តូយ៉ូតា កាមរី (បាឡែន) មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9324 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស ពីរនាក់ទៀត ធ្វើដំណើរតាមបណ្តោយ ផ្លូវហាណូយ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿន មកដល់ចំណុច កើតហេតុ ខាងលើ បានរេចង្កូត ទៅបុករថយន្ត ដឹកសំរាម ដែលកំពុងឈប់ប្រមូលសំរាម ពីក្រោយខាងឆ្វេង ពេញទំហឹង បណ្ដាលឱ្យអ្នករួមដំណើរម្នាក់ អង្គុយជាប់នឹងអ្នកបើកបរ គាបជាប់ក្នុងរថយន្ត ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយគាស់ចេញមកក្រៅ រួចទំនាក់ទំនង ទៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយទំនាក់ទំនង ទៅសមត្ថ កិច្ចជំនាញ មកវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយ តាមផ្លូវច្បាប់៕/V-PC