ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ៧​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ ៣ ករណី​ផ្សេងគ្នា ក្នុងនោះ ៤​នាក់ ពាក់ព័ន្ធ​ករណី​បង្ក​របួសស្នាម​, ១​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា និង ២​នាក់​ទៀត ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង​។​

​ជនសង្ស័យ​ទាំង ៧​នាក់​នោះ រួមមានៈ ១- ឈ្មោះ ថន សីហា អាយុ​១៤​ឆ្នាំ (​ជា​ជនបង្ក​) ២-​ឈ្មោះ គ្លី រស់ អាយុ​១៦​ឆ្នាំ (​ជា​បក្ខពួក​) ៣-​ឈ្មោះ សាំង សុខ​ជា អាយុ​១៦​ឆ្នាំ (​ជា​បក្ខពួក​)​។ ៤-​ឈ្មោះ ឌី ឆា​លី អាយុ​១៦​ឆ្នាំ (​ជា​បក្ខពួក​) ។ ក្មេងប្រុស ទាំង​៤​នាក់​នេះ ជា​ជនជាតិខ្មែរ មានមុខ​របរ លក់​ម្ជូរ​ផ្លែឈើ ដូចគ្នា មាន​ស្រុកកំណើត ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ហើយ​បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល លេខ​369 ផ្លូវលំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ជាមួយគ្នា ។​

​ទាំង​៤​នាក់​នេះ បាន​បង្ក​របួសស្នាម លើ​ជនរងគ្រោះ ឈ្មោះ ធន់ វី​យ៉ា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​ស្នាក់នៅ ខុន​ដូ​អិ​ល ផ្លូវ​BT69 សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បណ្តាល​ឲ្យ​របួស​ដៃស្តាំ និង ក ដេរ​ជាច្រើន​ថ្នេរ នៅ​ចំណុច​ហាង​ចិន យីហោ​សឹង​ជី ផ្ទះ​លេខ​៥៦៥ ផ្លូវ​មុន្នី​វង្ស សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។​

​ក្រោយពេល​កើតហេតុ នៅវេលា​ម៉ោង ០៣​ៈ​៥០​នាទី ទៀបភ្លឺ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​តាមរយៈ ប្រព័ន្ធ​ទូរស័ព្ទ ទាន់​ហេតុការណ៍ ២៤​ម៉ោង លេខ ១២៩១ ក៏បាន​ឲ្យ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានធ្វើការ ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ និង​បក្ខពួក ព្រមទាំង​មធ្យោបាយ​ធ្វើ​សកម្មភាព​ផងដែរ​។​

​ចំណែក​ជនសង្ស័យ មានឈ្មោះ មួង សុទី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀត ណា​ម មុខរបរ កម្ម​ករលក់​គ្រឿងសំណង់ ស្នាក់នៅ​បន្ទប់​ជួល​លេខ​១១៣ ភូមិ​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បាន​បំផ្លិចបំផ្លាញ់​ទ្រព្យសម្បត្តិ ក្នុង​បន្ទប់​ខ្លួន និង​ប្រើ​អំពើហិង្សា ដោយ​យក​កាំបិត​ដេញ​កាប់​ជនរងគ្រោះ ឈ្មោះ ទេព ស្រី​នាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នក​នៅ​បន្ទប់​ជិតខាង​។​

​នៅវេលា​ម៉ោង ២០:៣០ នាទី ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី ភ្នំពេញ បានទទួល​ព័ត៌មាន តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤​ម៉ោង​លេខ ១២៩១ ក៏បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនទៅ ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ តាម​នីតិវីធី​ច្បាប់​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​អាវុធហត្ថ ដកហូត​វត្ថុតាង កាំបិត​ចំនួន ២​ដើម ក្នុងនោះ កាំបិតប៉័ងតោ ចំនួន​១​ដើម និង​កាំបិត​ចុង​ស្រួច ចំនួន​១​ដើម​។​

​ជនសង្ស័យ​មានឈ្មោះ ហង់ សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ និង​ឈ្មោះ គឹ​ង ដែន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត រាជធានី​ភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅ​មិន​ពិតប្រាកដ​។ ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌមានជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង ក្នុង​ការដ្ឋាន​បូម​ខ្សាច់ មួយកន្លែង ស្ថិតនៅ​ផ្លូវជាតិ លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​ដកហូត​វត្ថុតាង​រទេះ​១ កន្ត្រៃ​កាត់​ដែក​១ និង​ដែក​មួយ ចំនួន​ទៀត​៕/V​-PC