ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ ហើយ​ត្រូវ​រថយន្តបុក​ពីក្រោយ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៨-៧៩ ស្ថិតក្នុង​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៩:៣០ នាទី យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ឈឺ​ង តុង ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិតូច ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។ ជនរងគ្រោះ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BL4906 ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត មកដល់​ចំណុចកើតហេតុ ខាង​l; ត្រូវ​រថយន្ត មួយគ្រឿង មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នកបើកបរ បុក​ម៉ូតូ​ជនរ​គ្រោះ​ពីក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ហើយ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន រត់គេចខ្លួន​បាត់ស្រមោល​។​

​ប្រភព​បាន​បន្តទៀតថាៈ ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ បាន​ចុះ​វាស់វែង និង​បាន ប្រគល់ សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ករណីនេះ កម្លាំង​នគរបាល​ជំនាញ កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ហើយ​ចំពោះ វត្ថុតាង​ម៉ូតូ បានប្រគល់ ជូន​គ្រួសារ​សព​វិញ​៕/V​-PC