​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ លោក សាយ សំ​អាល់ ប្រធាន​គណៈកម្មាធិការ​គណបក្ស ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថាៈ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែលមាន​គោលនយោបាយ ច្បាស់លាស់ និង​ស័ក្តិសម​បំផុត ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅកាន់​ការអភិវឌ្ឍ រីកចម្រើន មកដល់​ពេលបច្ចុប្បន្ន​។​

​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បែបនេះ ធ្វើឡើង ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្រសួងបរិស្ថាន និង​សកម្មជន យុវជន​កម្ពុជា នា​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា ។​

​លោក សាយ សំ​អាល់ ក្នុង​ពិធី​នេះដែរ ក៏បាន​លើកឡើង នូវ​គោលនយោបាយ ជា​អាទិភាព សំខាន់ៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបម្រើ​ផលប្រយោជន៍ ជូន​ប្រជា​ពលរ​ដ្ធ និង​ការអភិវឌ្ឍ ប្រទេសជាតិ យ៉ាង​ឆាប់រហ័ស ស្មើមុខ​មាត់​លើ​ឆាក​ជាតិ -​អន្តរជាតិ ។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថាៈ ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ ពី​បណ្តា​ប្រទេស ជាច្រើន លើ​សកលលោក គឺ​វិធានការ ក្នុងការ​បង្ការ និង​ទប់ស្កាត់ នូវ​ការរីករាយ​ដាល និង​ការឆ្លង​ជំងឺ​កាច​សាហាវ កូ​វីដ​១៩ ដោយបាន​បើក​ដំណើរការ​ប្រទេសជាតិ និង​សេដ្ឋកិច្ច ឡើងវិញ ដែល​កត្តា​សំខាន់​នោះ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាក់​ស្រោច​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើ​ប្រជា​ពលរ​ដ្ធ ទូទាំងប្រទេស គ្រប់​ស្រទាប់វណ្ណៈ ហើយ​បាន​ដឹកនាំ​នាវា​កម្ពុជា ឲ្យ​ឆ្លង​ផុតពី​មហន្តរាយ​ជំងឺ​កូ​វីដ​១៩ ។​

​លោក សាយ សំ​អាល់ បាន​ថ្លែង​ដែរ​ថាៈ គោលនយោបាយ​ច្បាស់លាស់ របស់​គណបក្ស ប្រជាជន​កម្ពុជា ជា​ចក្ខុវិស័យ​វែងឆ្ងាយ គឺ​ឲ្យ​កម្ពុជា​កាន់តែ​ឈានឆ្ពោះ​ទៅមុខ​បន្ថែមទៀត ចាំបាច់​ត្រូវ​ថែរ​ក្សសន្តិភាព កុំ​ចាំ​បាត់បង់​ហើយ​នោះ នឹក​គិតពី​សន្តិភាព​។

នៅក្នុង​ឱកាស​នោះដែរ លោក សាយ សំ​អាល់ បានលើកឡើង ពី​ការបន្ត​រួម​សាមគ្គី​គ្នា ស្មា​កៀ​ស្មា ឱបក្រសោប​គ្នា និង​ត្រូវ​ទៅ​បោះឆ្នោត នៅ​ឆ្នាំ​២០២៣ ខាងមុខ ៕/V​