ដោយៈ ប​.​ខុន / ​ភ្នំពេញៈ ស្ថានីយ​បូមទឹក​បឹងទំពុន បានចាប់ផ្តើម​ដំណើរការ​បូម ទឹក​សាកល្បង នៅ​ថ្ងៃទី​២១ ខែកក្កដា ក្រោយពី​បានធ្វើ​ការកែលម្អ អស់​រយៈពេល​ជាច្រើន​ខែ ដោយ​រដ្ឋបាល​រាជធានី ភ្នំពេញ ដោយមាន​ដាក់​បន្ថែម ម៉ូ​ទ័​រ​បូមទឹក​ថ្មី ចំនួន​៣​គ្រឿង​ទៀត ដោយ​ម៉ូ​ទ័​រ​១​គ្រឿង មាន​អង្កត់ផ្ចិត ១,៥ ម៉ែត្រ បូម​បាន ៧​ម៉ែត្រគូប ក្នុង​១​វិនាទី និង ម៉ូ​ទ័​រ​២​គ្រឿង មាន​អង្កត់ផ្ចិត ១,២ ម៉ែត្រ បូម​បាន ៤​ម៉ែត្រគូប ក្នុង​១​វិនាទី សម្រាប់​ម៉ូ​ទ័​រ​មួយគ្រឿងៗ​។ សរុប​ក្រោយ​ពេលធ្វើ​ការកែលម្អ​រួច នៅក្នុង​ឆ្នាំ​២០២២ ស្ថានីយ​បូមទឹក​បឹងទំពុន មាន​សមត្ថភាព​បូមទឹក​ចេញ​បាន ៣៣ ម៉ែត្រ ក្នុង​១​វិនាទី អាច​និយាយថា កាត់បន្ថយ​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង បាន​មួយកម្រិត​ហើយ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាចធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅពេល​បន្ទាប់ពី អញ្ជើញ​ចុះ​ពិនិត្យ ការ​ដំណើរការ​សាកល្បង​បូមទឹក​ដោយ​ម៉ូ​ទ័​រ​ថ្មីៗ នៅ​ស្ថានីយ៍​បូមទឹក បឹងទំពុន នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ថាៈ ស្ថានីយ​បូមទឹក​បឹងទំពុន ដែល​បានធ្វើ​ការជួសជុល និង​ដាក់​បន្ថែម​ម៉ូ​ទ័​រ​ថ្មី​ធំៗ បាន​រួចរាល់ និង​ចាប់ផ្តើម​បូមទឹក​សាកល្បង កាលពី​ថ្ងៃទី​២១ ខែកក្កដា និង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​នេះ ពិនិត្យឃើញថា​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បូមទឹក អស់ពី​ក្នុង​អាង​ស្តុក ។
​ម៉ូ​ទ័​រ​មួយគ្រឿង មាន​បំពង់​ទំហំ ១,៥ ម៉ែត្រ និង​ម៉ូ​ទ័​រ​ពីរ​គ្រឿង​ទៀត ក្នុង​មួយគ្រឿងៗ មាន​បំពង់​ទំហំ ១,២ ម៉ែត្រ ជា​ផលិតផល​នាំចូល​មកពី​ប្រទេស​ជប៉ុន ធានា​ការប្រើប្រាស់ ល្អ​បំផុត ។ ម៉ូ​ទ័​រ​មាន​បំពង់ ១,៥ ម៉ែត្រ បូមទឹក​ចេញ​ស្មើនឹង​ម៉ូ​ទ័​រ​មាន​បំពង់ ទំហំ​១,២ ម៉ែត្រ ចំនួន​ពីរ​។​

​លោក​អភិបាល​រាជធានី បានបញ្ជាក់​ថាៈ ស្ថានីយ​បូមទឹក​បឹងទំពុន បានដាក់​ឱ្យ​ដំណើរ​បូមទឹក តាំងពី​ឆ្នាំ​២០០៤ និង​មាន​ដាក់​បន្ថែម មូទ័រ​ថ្មី​ជា​បន្តបន្ទាប់ ទោះជា​យ៉ាងណា ម៉ូ​ទ័​រ​ដែលមាន ស្រាប់ បាន​ប្រើ​រយៈពេល​ជិត ២០ ឆ្នាំ​មកហើយ វា​មានការ​សឹក​រិច​រិល មិនអាច​ដំណើរការ បាន ដូច​ម៉ូ​ទ័​រ​ថ្មី​ឡើយ ។ មូលហេតុ​ដូចនេះហើយ បានជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ខិតខំ​ប្រឹងប្រែង​ធ្វើការ​កែលម្អ​ស្ថានីយ ដែលមាន​អាយុកាល​ជិត ២០ ឆ្នាំ ដោយ​ដាក់​បន្ថែម ម៉ូ​ទ័​រ​ថ្មីៗ និង​ធំ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក សល់​ពី​ការប្រើប្រាស់ និង​ទឹកភ្លៀង​ចេញពី ក្នុង​ទីក្រុង ឱ្យបាន​ទាន់ពេលវេលា​។​

​លោក ឃួ​ង ស្រេង បាន​និយាយ​ឱ្យដឹងទៀតថាៈ បន្ទាប់ពី​ធ្វើការ​កែលម្អ​ស្ថានីយ​បូមទឹក បឹងទំពុន​រួច គឺ​ចាប់ផ្តើម​ធ្វើការ​កាយ​ស្តារ​ប្រឡាយ​មេ និង​លូ នាំ​ទឹក​ពី​តំបន់​ក្នុង​ទីក្រុង ទៅកាន់ ស្ថានីយ៍​បូមទឹក​នានា ជាពិសេស​ស្ថានីយ​បឹងទំពុន បឹងត្របែក ធ្វើយ៉ាងណា ឱ្យ​ទឹកភ្លៀង​ហូរ បាន​លឿន ទៅដល់​ស្ថានីយ ដើម្បី​កាត់បន្ថយ​ការលិចលង់ ចាប់ពីពេលនេះ​ទៅ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ធ្វើការ​កែ​ល្អ​ស្ថានីយ​បូមទឹក បឹងទំពុន​ឡើងវិញ បន្ទាប់ពី​ស្ថានីយ៍ ដែល​បាន​សាងសង់ឡើង នៅ​ឆ្នាំ​២០០៣ នេះ មាន​កម្ពស់​ទាប បាន ប្រឈម​នឹង​ការ​លិច ទៅក្នុង​ទឹក នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដូចជា​នៅក្នុង​រដូវវស្សា ឆ្នាំ​២០២០ ទឹកបាន​ឡើង​ខ្ពស់ជាង​ម៉ូ​ទ័​ម៉ូ​ទ័​រ ដល់ ០,៣ ម៉ែត្រ នាំឱ្យមាន​ការផ្អាក​ការ​បូម ជា​បណ្តោះអាសន្ន ដោយ​ខ្លាច​ផ្ទុះ​ឆេះ តែ​លោក​ឃួ​ង ស្រេង បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ឱ្យ​បូម​បន្ត ដោយ​បិទទ្វារ​ទឹក ពី​ប្រភព​ផ្សេងៗ ឱ្យ​ផ្អាក​ការបញ្ជូន​ទឹក​ចូលមក​កាន់​ស្ថានីយ មួយរយៈ រហូត​ទឹក​នៅក្នុង​ស្ថានីយ ស្រក​ផុត​ម៉ូ​ទ័​រ ទើប​ឱ្យ​បើកទ្វារ​ទឹក​ផ្សេងៗ ធម្មតា​វិញ​។​

​សូម​រំលឹក​ឱ្យដឹងថា ស្ថានីយ៍​បូមទឹក​បឹងទំពុន ដែល​បាន​ប្រើប្រាស់​សព្វថ្ងៃនេះ បាន​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០០៤ មាន​ម៉ូ​ទ័​រ​ចំនួន ៥ គ្រឿង ដោយ​ម៉ូ​ទ័​រ​នីមួយៗ មាន​អង្កត់ផ្ចិត ១​ម៉ែត្រ បូម​បាន ១២​ម៉ែត្រគូប ក្នុង​១​វិនាទី​។

​ការសាងសង់​បន្ថែម បានដាក់​ឱ្យប្រើ​ប្រាស់ នៅ​ឆ្នាំ​២០២១ មាន​ម៉ូ​ទ័​រ​២​គ្រឿង ដោយ​ម៉ូ​ទ័​រ មួយគ្រឿងៗ អង្កត់ផ្ចិត ១​ម៉ែត្រ បូម​បាន ៦​ម៉ែត្រគូប ក្នុង​១​វិនាទី និង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២២ បានដាក់​បន្ថែម​ម៉ូ​ទ័​រ ចំនួន​៣​គ្រឿង​ទៀត ដោយ​ម៉ូ​ទ័​រ​១​គ្រឿង មាន​អង្កត់ផ្ចិត ១,៥ ម៉ែត្រ បូម​បាន ៧ ម៉ែត្រគូប ក្នុង​១​វិនាទី និង​ម៉ូ​ទ័​រ ២ គ្រឿង មាន​អង្កត់ផ្ចិត ១,២ ម៉ែត្រ បូម​បាន ៤​ម៉ែត្រគូប ក្នុង​១​វិនាទី ។ សរុប​ក្រោយ​ពេលធ្វើ​ការកែលម្អ នៅក្នុង​ឆ្នាំ​២០២២ ស្ថានីយ​បូមទឹក​បឹងទំពុន មាន​សមត្ថភាព​បូមទឹក​ចេញ​បាន ៣៣ ម៉ែត្រ ក្នុង​១​វិនាទី​៕/V​