​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោកស្រី ឌ្រូ​ផា​ឌី ម៉ួមូ (Droupadi Murmu) ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​ដោយ​បាន​ក្លាយជា​អ្នកនយោបាយ​កុល​​សម្ព័ន្ធ​ដំបូង​គេ​ដែល​កាន់កាប់​តំណែង​កំពូល​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​របស់​ពិភពលោក​។​

​លោកស្រី​ម៉ួមូ ដែល​ជា​សមាជិក​នៃ​ក្រុមចម្រុះ​កាន់អំណាច​របស់​នាយក​រដ្ឋមន្ត្រី ណារិ​នដ្រា ម៉ូ​ឌី បាន​យក​ឈ្នះ​លើ​បេក្ខជន​បក្សប្រឆាំង​និង​ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក យ៉ា​ស្វាន ស៊ីន​ហា (Yashwant Sinha) ដោយ​ទទួលបាន​សំឡេង​គាំទ្រ​ជាង ៥០ ភាគរយ​។​

​លោក​ស្រី​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​ក្រោយ បន្ទាប់​ពី​អាណត្តិ​របស់​លោក រ៉ា​ម ណាត កូវី​ន (Ram Nath Kovind) ត្រូវបាន​បញ្ចប់​។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី មេដឹកនាំ​គណបក្សប្រឆាំង​លោក រ៉ា​ហ៊ុល គន្ធី (Rahul Gandhi) និង​លោក​ស៊ីន​ហា បាន​អបអរសាទរ​លោកស្រី​ម៉ួមូ​មក​ពី​កុលសម្ព័ន្ធ​សាន​ថាល់ (Santhal)​ចំពោះ​ការ​តែង​​តាំង​លោក​ស្រី​ជា​ប្រធានាធិបតី​។​

​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី​បាន​សរសេរ​នៅលើ Twitter​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ កក្កដា​ថា “​ការតស៊ូ​ពី​ដើមទី​របស់​លោកស្រី ការបម្រើ​ដ៏​សម្បូរ​បែប​របស់​លោកស្រី និង​ភាពជោគជ័យ​ជា​គំរូ​របស់​លោកស្រី បាន​ជំរុញ​ទឹកចិត្ត​ជនជាតិ​ឥណ្ឌា​គ្រប់រូប​។ លោកស្រី​បាន​លេចឡើង​ជា​រស្មី​នៃ​ក្តីសង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ជា​ពិសេស​ជន​ក្រីក្រ ជន​បាត់បង់​ឱកាស និង​ជន​ដែល​រង​ការគាបសង្កត់​”​។​

​លោក​បាន​បន្ថែមថា “​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​លោកស្រី​បានបង្ហាញ​រូប​ភាពល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​។ ខ្ញុំ​ប្រាកដថា​លោក​ស្រី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ឆ្នើម​ម្នាក់​ដែល​នឹង​ដឹកនាំ​ពី​ជួរមុខ​និង​ពង្រឹង​ដំណើរ​អភិវឌ្ឍន៍​របស់​ប្រទេស​ឥណ្ឌា​”៕

លោកស្រី ឌ្រូ​ផា​ឌី ម៉ួមូ មក​ពី​កុល​ជនជាតិភាគតិច​សាន​ថាល់​