ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការជួសជុលគ្រឹះក្រោម ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ ទាំងស្រុង លើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស ៧មករា (ពេទ្យលោកសង្ឃ) ដល់ផ្សារធំថ្មី នៅថ្ងៃទី២៣ ខែកក្កដា ស្អែក នេះហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២២នេះថាៈ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានធ្វើសកម្មភាពជួសជុលគ្រឹះខាងក្រោម ឱ្យរឹងមាំ ទើបអ៊ុតកៅស៊ូ ពីលើកំណាត់ផ្លូវកម្ពុជាក្រោមទាំងស្រុងតែម្តង ដោយចាប់ពីស្ពាន អាកាស ៧មករា (ស្ពានអាកាសពេទ្យលោកសង្ឃ) ដល់ផ្សារធំថ្មី ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ ។
មន្ត្រីដដែល ក៏បានបញ្ជាក់ផងដែរថាៈ កំណាត់ផ្លូវកម្ពុជាក្រោមនេះ ត្រូវអ៊ុតកៅស៊ូទាំងស្រុង មានទទឹង ១៨ កន្លះ ទៅ ១៩ ម៉ែត្រ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង ជាមួយនឹងការដាក់ បណ្តាញលូ នៅសងខាងផ្លូវផងដែរ ដោយបានចាប់ផ្តើមបើកការដ្ឋានជួសជុល កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ នៅថ្ងៃទី២៣ ខែកក្កដា ស្អែកនេះហើយ៕/V