ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​២២ កក្កដា នេះ ជំនន់​ទឹកភ្លៀង បាន​ហូរ​កាត់ និង​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩ និង ៤០ ស្ថិតក្នុង​ស្រុក​ពីរ នៃ​ខេត្តកំពង់ឆ្នាំង គឺ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ដោយសារ​ការបើកទ្វារ​ទឹក នៅ​ទំនប់​អន្លង់​ជ្រៃ ដើម្បី​បញ្ចៀស​ទឹក កុំឱ្យ​ទឹក​ហូរ​បុក​បាក់​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ។​

​លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឱ្យ ដឹង​ពី​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃទី​២២ កក្កដា នេះ​ថាៈ នៅវេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​២២ កក្កដា នេះ ជំនន់​ទឹកភ្លៀង បាន​ហូរ​កាត់ និង​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ គីឡូម៉ែត្រ​លេខ ៣៩ និង ៤០ ស្ថិតក្នុង​ស្រុក​ពីរ នៃ​ខេត្តកំពង់ឆ្នាំង គឺ​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ដោយសារ​ការបើកទ្វារ​ទឹក នៅ​ទំនប់​អន្លង់​ជ្រៃ ដើម្បី​បញ្ចៀស​ទឹក កុំឱ្យ​ទឹក​ហូរ​បុក​បាក់​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ។​

​ចំណែក លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ កក្កដា នេះដែរ​ថាៈ ទំនប់ទឹក​អន្លង់​ជ្រៃ ដែល​នៅ​ចន្លោះ​ព្រំប្រទល់ ខេត្ត​ពីរ គឺ​ខេត្តកំពង់ឆ្នាំង (​ស្ថិតក្នុង​ឃុំ​ឈានឡើង និង​ឃុំ​ក្រាំ​ល្វា ស្រុក​សាមគ្គី​មានជ័យ​) និង​ខេត្តកំពង់ស្ពឺ​ត្រូវបាន​បិទទ្វារ​ទឹក​ទាំង​៥ ខាងលើ ហើយ​នៅសល់​តែមួយ​ទេ ។ យើង​រំពឹងថា នៅថ្ងៃនេះ ជំនន់​ទឹកភ្លៀង អាច​នឹង​ស្រក​វិញ ហើយ​ការធ្វើ​ចរាចរណ៍​ទៅមក ក៍​អាច​ដំណើរការបាន​ស្រួល​ឡើងវិញ​ដែរ ។​

​លោក ឆាយ លា​ភា បានបញ្ជាក់​ឱ្យដឹងថាៈ ចំពោះ​វិធានការ​វិញ គឺ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច នគរបាល ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ កំពុងមាន​វិធានការ​ច្រក​ដីខ្សាច់ ទប់​តាម​ចិញ្ចើម​ផ្លូវជាតិ ដើម្បីឱ្យ​ទឹក​ហូរ​ចូល​តាម​ប្រឡាយ ក្រោម​ស្ពាន នៅត្រង់ចំណុច ខាងលើនេះ​។​

​លោក ឆាយ លា​ភា បានឱ្យដឹង​ទៀតថាៈ ការធ្វើ​ចរាចរណ៍​ទៅមក នៅ​ចំណុច​ខាងលើ អាចធ្វើ​ដំណើរ​បាន​នៅឡើយ ដូច្នេះ​ចំពោះ​ការធ្វើដំណើរ សូមអ្នក​បើកបរ​យាន​យន្ត គ្រប់​ប្រភេទ មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​មានទឹក​ហូរ​។ ប៉ុន្តែ​បើ​មាន​ទឹកជំនន់ ពី​ផ្នែក​ខាងលើ បុក​ចុះមក​ខ្លាំង​ទៀត ផ្លូវជាតិ​លេខ​៥ អាច​នឹងត្រូវ​ទឹក​លិច និង​ហូរ​កាត់​ផ្លូវ ជា​បន្តទៀត ហើយ​ការធ្វើ​ចរាចរណ៍ ពិតជា​នឹងមាន​ការកកស្ទះ​នៅ​ចំណុច​ខាងលើនេះ​៕/V​