ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកនយោបាយជើងចាស់ រ៉ានីល វិកក្រេមេស៊ីង (Ranil Wickremesinghe)បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កាថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា ដើម្បីបន្តដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចនិងកំហឹងរបស់ប្រជាជន។
រ៉ានីល វិកក្រេមេស៊ីង បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្រីលង្កាថ្មីកាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា
អតីតនាយករដ្ឋមន្រ្តីពីររូបក៏បានចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីកាលពីថ្ងៃ២១កក្កដាផងដែរ
សូមបញ្ជាក់ថា ប្រជាជនស្រីលង្កាបាននាំគ្នាចេញមកតាមដងផ្លូវអស់ពេលរាប់ខែដើម្បីទាមទារអោយមេដឹកនាំកំពូលៗរបស់គេចុះចេញពីតំណែងដោយសារតែពួកគេដឹកនាំប្រទេសនាំដល់ចលាចលសេដ្ឋកិច្ចដែលធ្វើអោយប្រជាជន២២លាននាក់ជួបការខ្វះខាតយ៉ាងអត្តខាត់ សូម្បីតែស្បៀងអារហារ ប្រេងឥន្ធនៈនិងថ្នាំពេទ្យ។ការតវ៉ាប្រឆាំងរស់គេបាននាំអោយប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីត្រកូលរ៉ាចាប៉ាក់សា ធ្លាក់ចេញពីតំណែងហើយលោកលោកវិក្រេមេស៊ីងដែលក្លាយជានាយករដ្ឋមន្ត្រីតាមរយៈចលនាមហាជនបានជាប្រធានាធិបតីប្រតិបត្តិ ជំនួសលោកហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដែលបានភៀសខ្លួនចេញពីប្រទេស។
លោកបានឈ្នះការបោះឆ្នោតក្នុងសភាដោយងាយកាលពីថ្ងៃពុធ តែការជ្រើសតាំងរូបលោកនាំមកប្រតិកម្មចំរុះដោយអ្នកគាំទ្រនាំគ្នាដុតផាវអបអរតែអ្នកប្រឆាំងតវ៉ាខ្លះនៅបន្តទាមទារអោយលោកចុះចេញពីតំណែង។
វិកក្រេមេស៊ីង វ័យ៧៣ឆ្នាំ មានបទពិសោធន៍ការទូតនិងកិច្ចការអន្តរជាតិទូលំទូលាយ ហើយលោកបានដឹកនាំកិច្ចពិភាក្សាសុំកំចីសង្គ្រោះសេដ្ឋកិច្ចរវាងក្រុមមន្ត្រីស្រីលង្កានិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិIMF។ ក្រោយត្រូវសភាជ្រើសតាំងជាប្រធានាធិបតីថ្មី លោកវិក្រេមេស៊ីង បានអំពាវនាវអោយពួកអ្នកនយោបាយរួមគ្នាធ្វើការនិងសុំអង្វរទុកឳកាសអោយប្រទេសបោះជំហានទៅមុខ។តែពួកអ្នកប្រឆាំងតវ៉ាបានសំរុកចូលវិមានប្រធានាធិបតីទៅវិញ ដោយស្រែកថា« រ៉ានីល ទៅផ្ទះទៅ!»។
ពួកមេដឹកនាំតវ៉ាប្រឆាំងបានប្រាប់អ្នកយកព័ត៌មានថា ពួកគេមិនទទួលយកការតែងតាំងលោកវិកក្រេមេស៊ីងជាមេដឹកនាំប្រទេសទេ និងបានទាមទារអោយលោកចុះចេញពីតំណែងភ្លាម។
ត្រឹមយប់ថ្ងៃព្រហស្បតិ៍ ប៉ូលិសនិងទាហានស្រីលង្កាបានចុញទៅរុះរើចោលសំណង់រខេករខាកនៅក្បែរកន្លែងតវ៉ាប្រឆាំងរបស់បាតុកររាប់រយនាក់ដែលបានបោះជំរុំនៅទីនោះអស់១០៤ថ្ងៃកន្លងទៅ។អ្នកតវ៉ាប្រឆាំងមួយចំនួនត្រូវបានចាប់ខ្លួន និងកងកម្លាំងសន្តិសុខវាយទាំងបាតុករនិងអ្នកកាសែតថែមទៀត។
ប៉ូលីសនិងទាហានរាប់ឡានបានទៅដល់ជំរំបាតុកម្មទាំងកណ្តាលយប់ថ្ងៃព្រហស្បតិ៍ហើយចាប់ផ្តើមរុះរើសំណង់តង់រខេករខាកចោលនិងចាប់ខ្លួនបាតុករមួយចំនួន
សូមរំលឹកថា កាលពីថ្ងៃចន្ទក្នុងនាមជាប្រធានាធិបតីស្តីទី លោកវិកក្រេមេស៊ីង បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន ដោយអនុញ្ញាតអោយលោកនូវសិទ្ធិអំណាចធំទូលាយដើម្បីស្តារសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ៕