ដោយៈ មេសា / ភ្នំពេញៈ ការហាមឃាត់មិនឱ្យគ្រឹះស្ថានសិក្សា សហការជាមួយក្រុមហ៊ុន ថ្នាំជក់ គឺការឆ្លើយតប និងជាកាតព្វកិច្ចរបស់ជាតិ ចំពោះអនុសញ្ញាអន្តរជាតិ ស្តីពីការត្រួត ពិនិត្យថ្នាំជក់ មាត្រា ៥.៣ ។ នេះជាការលើកឡើងរបស់បេក្ខជនឆ្នើម ក្នុងកម្មវិធីប្រកួត និយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ ដែលប្រារព្ធទៅ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។
ការលើកឡើងនេះ ស្របទៅនឹងមាត្រា ៥.៣ ជាមាត្រាសំខាន់មួយ នៃអនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន ចូលជាសមាជិក តាំងពីឆ្នាំ២០០៥ មកម្ល៉េះ។ ការអនុវត្តមាត្រានេះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់កម្ពុជា ក្នុងការការពារគោលនយោ បាយ ត្រួតពិនិត្យថ្នាំជក់ ពីការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។
ទិដ្ឋភាពនៃការប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ (រូបថតៈ CMH)
អង្គការសុខភាពពិភពលោក បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្សាហកម្មថ្នាំជក់ ប្រតិបត្តិជាច្រើន ឆ្នាំមកហើយ ក្នុងចេតនាធ្វើឱ្យទន់ខ្យោយ នូវតួនាទីរដ្ឋាភិបាល និងអង្គការសុខភាពពិភព លោក ក្នុងការអនុវត្តគោលនយោបាយសុខភាពសាធារណៈ ប្រយុទ្ធប្រឆាំងទៅនឹងការរីក រាលដាល នៃការប្រើប្រាស់ថ្នាំជក់។ ជាការកត់សម្គាល់ កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស និងប្រកាន់យក ជានិច្ច នូវគោលជំហរ មិនសហការជាមួយស្ថាប័ន ថ្នាំជក់ ។
ប៉ុន្តែក្រុមយុវជនឆ្នើម នៅក្នុងការប្រកួត ខាងលើនេះ បានអះអាងថា ការចូលរួមរបស់ ក្រសួងអប់រំ យុវជន និងកីឡា តែមួយ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយពួកគេទទូចសុំ ឱ្យក្រសួងស្ថាប័នផ្សេងៗទៀត ដាក់ចេញនូវគោលនយោបាយ ហាមឃាត់កិច្ចសហការ ជាមួយឧស្សាហកម្មថ្នាំជក់ដែរ ពីព្រោះបើយោងតាម Global Tobacco Industry Interference Index ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ មិនមែនកើតមានឡើង តែក្នុងគ្រឹះស្ថានសិក្សាប៉ុណ្ណោះទេ គឺស្ថាប័នផ្សេងទៀត ដូចជា ស្ថាប័នសុខាភិបាល សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសភា ជាដើម ក៏ជាគោលដៅ នៃការជ្រៀតជ្រែករបស់ ឧស្សាហកម្មថ្នាំជក់ដែរ។
ទិដ្ឋភាពនៃការប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ (រូបថតៈ CMH)
ភស្តុតាងវិទ្យាសាស្ត្រ បានបង្ហាញថា ល្បិចកលពីក្រោយសកម្មភាពឧបត្ថម្ភនានារបស់ ក្រុមហ៊ុនថ្នាំជក់ គឺដើម្បីពង្រីកការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្ហាញកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុន នៅក្នុងសង្គម ដើម្បីអូសទាញការគាំទ្រ បិទបាំងផលប៉ះពាល់ នៃការប្រើប្រាស់ផលិតផល របស់ខ្លួន និងបង្កើតឱកាសប្រឈមតតាំង ទៅនឹងគោលនយោបាយជាតិ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់។
ខ្លឹមសារសំខាន់ នៃមាត្រា ៥.៣ របស់អនុសញ្ញាគឺៈ ១.ឧស្សាហករថ្នាំជក់ និងសុខភាព សាធារណៈ មានទំនាស់ផលប្រយោជន៍ ជាមូលដ្ឋាន និងមិនអាចផ្សះផ្សារគ្នាបាន , ២. ឧស្សាហកម្មថ្នាំជក់មិនគួរបាននូវការលើកទឹកចិត្តដើម្បីបង្កើត ឬប្រតិបត្តិជំនួញរបស់ពួកគេ ឡើយ ដោយសារថ្នាំជក់ ជាផលិតផលដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ បាត់បង់ជីវិត ។
ទិដ្ឋភាពនៃការប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ (រូបថតៈ CMH)
គួរបញ្ជាក់ផងដែរថា ថ្នាំជក់មិនមែនជាផលិតផលចាំបាច់ទេ ប៉ុន្តែវាផ្ដល់ផលប៉ះពាល់ ដែលជាបន្ទុកមួយ សម្រាប់រដ្ឋាភិបាល ត្រូវដោះស្រាយ។ សម្រាប់កម្ពុជា ប្រជាពលរដ្ឋ ប្រមាណ ១៥.០០០ នាក់ បានស្លាប់មុនអាយុ ដោយសារជំងឺដែលបង្ករពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ ៦៤៩ លានដុល្លារអាមេរិក ត្រូវបានខាតបង់។ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឱ្យអ្នកប្រើប្រាស់ ស្លាប់មុនអាយុ ប្រាកដណាស់ ក្រុមហ៊ុនថ្នាំជក់ ត្រូវការអ្នកជក់ ថ្មីៗទៀត ដើម្បីរក្សាផលចំណេញ៕/V
ទិដ្ឋភាពនៃការប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ (រូបថតៈ CMH)
ទិដ្ឋភាពនៃការប្រកួតនិយាយសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ ស្តីពីផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ (រូបថតៈ CMH)