​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រសួង​សុខាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​កក្កដា​បាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​ដំបូង​របស់​ប្រទេស​លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​អាយុ ២៧ ឆ្នាំ​ម្នាក់​នៅ​កោះ​ភូ​កេត​ភាគខាងត្បូង​។​

​យោង​តាម​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ លោក អូ​ប៉ាស់ កាន់កា​វីន​ពុង (Opas Karnkawinpong) បានឱ្យដឹងថា បុរស​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​រូបនោះ បាន​និយាយថា​គាត់​​បាន​ធ្លាក់ខ្លួន​ឈឺ​ប្រហែល​មួយ​សប្តាហ៍​ហើយ​។​

​ការកើនឡើង​ការឆ្លង​មេរោគ​អុត​ស្វា​ត្រូវបាន​រាយការណ៍​តាំងពី​ដើម​ខែ​ឧសភា​នៅក្រៅ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​និង​កណ្តាល ទី​ដែល​ជំងឺ​នេះ​បាន​ចប់​ជា​យូរ​មក​ហើយ​។​

​គណៈកម្មាធិការ​អ្នកជំនាញ​ជំងឺ​អុត​ស្វា​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ប្រជុំ​កាល​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កក្កដា​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ធ្វើការ​ជូនដំណឹង​កំពូល​ដែល​កម្រ​ប្រើ​របស់ WHO​ចំពោះ​​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​កាន់តែ​អាក្រក់​ទៅៗ​នេះ​ឬ​អត់​។​

​អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​និយាយថា ករណី​ជាង ១៤.០០០ ពី​ប្រទេស​សមាជិក​ចំនួន ៧១ នៅ​ទូទាំង​តំបន់​ទាំង​ប្រាំមួយ​របស់ WHO​ត្រូវបាន​រាយការណ៍​ទៅ​ទី​​ភ្នាក់ងារ​អ​.​ស​.​ប​នេះ​នៅ​ឆ្នាំ​នេះ​។​

​វេជ្ជបណ្ឌិត រ៉ូ​សាមុន ឡេវី​ស (Rosamund Lewis) ជា​អ្នកដឹកនាំ​បច្ចេកទេស​របស់ WHO សម្រាប់​ជំងឺ​អុត​ស្វា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ថា​៩៨​ភាគរយ​នៃ​ករណី​ដែល​បាន​​រាយការណ៍​គឺ “​ស្ថិតក្នុង​ចំណោម​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស (MSM) និង​អ្នក​ដែល​មាន​ដៃគូ​អនាមិក​ឬ​ដៃគូ​ថ្មី​”​។​

​យោងតាម WHO បានឱ្យដឹងថា ពួកគេ​ភាគច្រើន​មាន​អាយុ​ក្មេង​ហើយ​ភាគច្រើន​នៅក្នុង​តំបន់​ទីក្រុង​។​

​ហើយ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ ដែល​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី New England Journal of Medicine កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កក្កដា​បាន​ឱ្យដឹងថា ៩៥​ភាគរយ​នៃ​ករណី​ជំងឺ​​អុត​ស្វា​គឺ​ឆ្លង​តាមរយៈ​សកម្មភាព​រួម​ភេទ​។​

​សរុប​ជា​រួម ៩៨​ភាគរយ​នៃ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា​គឺជា​បុរស​ខ្ទើយ ឬ បុរស​រួមភេទ​ជាមួយ​បុរស​ដូចគ្នា ក្នុងនោះ​មាន ៤១ ភាគរយ​ឆ្លង​ហ៊ី​វ និង អាយុ​ជា​មធ្យម​គឺ​៣៨​ឆ្នាំ​៕

​ជំងឺ​អុត​ស្វា​រាលដាល​ដល់​ថៃ​ហើយ​