ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ថ្ងៃ​ទិ ២១ ខែ កក្កដា ឆ្នាំ ២០២២ បានទទួល​ជួប​លោក សុង យើង ជូ ( Song Young Ju)​ប្រធាន​ថ្មី​នៃ​កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOPIA ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​របស់​កសិកម្ម​។

​លោក រដ្ឋមន្ត្រី បាន​អបអរសាទរ​លោក ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​នៃ​កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ KOPIA ប្រចាំ​នៅ​កម្ពុជា ហើយ​តាមរយៈ​លោក លោក រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​កូរ៉េ និង​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាជាង ១០​ឆ្នាំ កន្លងទៅនេះ ដោយ ផ្តោតលើ​ការងារ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​។ លោក សង្ឃឹមថា កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ KOPIA នឹង​បន្ត និង​ពង្រីក​កិច្ចសហការ​ដ៏​ល្អ​នេះ​បន្ថែមទៀត ជាពិសេស​លើ​ការងារ​បណ្ដុះបណ្ដាល ស្រាវជ្រាវ​ពូជ​ដំណាំ​ដែល​កំពុងមាន​សក្ដានុពល ដូចជា​ពូជ​ពោតក្រហម​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​។​

​នាឱកាស​នេះ លោក​បណ្ឌិត បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​លោក រដ្ឋមន្ត្រី ហើយ​គោលបំណង​នៃ​ជំនួប​នា​រសៀល​នេះ​គឺ​ដើម្បី​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ផលិត​កម្មពូជ​ពោតក្រហម CHM01 ដែលជា​គ្រាប់ពូជ​អី​ប្រ៊ិ​ដ​កម្ពុជា ទី​១​។​

ចំពោះ​គម្រោង​នេះ លោក​បណ្ឌិត​បានបញ្ជាក់​ថា ពូជ CHM01 គឺ​ទទួល​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ និង​បង្កាត់​ដោយ​អ្នកជំនាញការ​កូរ៉េ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ស្ថានីយ​ពិសោធន៍​កសិកម្ម​បន្ទាយដែក​លើ​ផ្ទៃដី ៧​ហិកតា ដើម្បី​ចែកជូន​កសិករ​តាម​ខេត្ត​គោលដៅ​។ លោក​បណ្ឌិត​បន្ថែមថា ពូជ CHM01 នេះ​គឺជា​ពូជ​ដ៏​ល្អ និង​អាច​ប្រកួតប្រជែង​ជាមួយ​ពូជ​នាំចូល​មកពី​បរទេស​បាន ហើយ​ផែនការ​អនុវត្ត ៣​ឆ្នាំ ២០២១-២០២៣ នៃ​គម្រោង​នេះ គឺ​នឹង​ចែកជូន​ប្រជាកសិករ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ២០​គីឡូ សម្រាប់ធ្វើ​ការដាំដុះ​ក្នុង ១​ហិកតា ដោយ​ត្រូវ​ចែកជូន​កសិករ​ដាំ​ដុះ​ឱ្យបាន ៣០០​ហិកតា​។ ហើយ​ទិន្នផល​ដែល​រំពឹង​នឹង​អាច​ទទួលបាន​គឺ ៩-១០ តោន​ក្នុង ១​ហិកតា​។ ចំពោះ​គម្រោង​ផ្សេងៗ​ដូចជា គម្រោងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បច្ចេកវិទ្យា​ចិញ្ចឹម​ដង្កូវនាង និង​ការផលិត​សូត្រ​ចេញពី​ដង្កូវនាង​កូនកាត់​ពូជ CK1-7-4 និង​គម្រោង​សាកវប្បកម្ម កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ KOPIA នឹង​បន្ត​ផ្តល់​ការគាំទ្រ​បន្ថែមទៀត​ផងដែរ​។

​បន្ទាប់ពី​ទទួលបាន​ដំណឹង​ដ៏​ល្អ​នេះ លោក រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​កសិកម្ម​អន្តរជាតិ​កូរ៉េ KOPIA និង​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ឯកឧត្តម​បានបញ្ជាក់​ថា​នេះ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ពោតក្រហម​គឺជា​ដំណាំ​ដ៏​មាន​សក្ដានុពល សម្រាប់​កម្ពុជា ហើយ​តាមរយៈ​ពូជ​ថ្មី​នេះ លោក​រដ្ឋមន្ត្រី​សង្ឃឹមថានឹង​អាច​ពង្រីក​ផលិតកម្ម​ឱ្យ​កាន់តែច្រើន ស្របតាម​ទស្សនវិស័យ​វែងឆ្ងាយ​របស់​ក្រសួង​ក្នុង​ការជំរុញ​ការផលិត ផ្គត់ផ្គង់​ទូទាំងប្រទេស​សម្រាប់​ផលិត​ចំណី​សត្វ និង​ឈានទៅ​ធ្វើការ​នាំចេញ​ពោតក្រហម​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

សម្រាប់​ជា​យុទ្ធសាស្ត្រ​បន្ទាប់ លោក​រដ្ឋមន្ត្រី​ស្នើ​ដល់​ភាគី​កូរ៉េ និង​អគ្គនាយកដ្ឋាន​កសិកម្ម​បន្ត​កិច្ចសហការ​ដ៏​ល្អ​នេះ ជំរុញ​ការផលិត និង​បន្ត​ការ​បង្កាត់​ពូជ​ថ្មីៗ​បន្ថែមទៀត គឺ​ពូជ CHM02 និង CHM03​។ ទន្ទឹមនឹងនេះ ដើម្បី​និរន្តរភាព​នៃ​ការផលិត និង​បង្កាត់​ពូជ​ថ្មី​នេះ​សម្រាប់​ផ្គត់ផ្គង់​ទូទាំងប្រទេស គួរ​ពិនិត្យ ពិចារណា និង​ជ្រើសរើស​វិស័យ​ឯកជន​ដែលមាន​ទាំង​ធនធាន និង​សក្ដានុពល​ឱ្យ​ចូលរួម​ក្នុង​ការងារ​នេះ​។ អគ្គនាយកដ្ឋាន​កសិក​ម្ម​ក៏ត្រូវ​ប្រើប្រាស់​យន្តការ​ត្រួតពិនិត្យ និង​បញ្ជាក់​គុណភាព​នៃ​ពូជ​នេះ​ឱ្យបាន​ល្អប្រសើ​មុន និង​ក្រោយ​ប្រគល់ជូន​ប្រជាកសិករ​។ ហើយក៏​គួរ​មាន​កិច្ចសហការ និង​កន្លែង​ដាំ​បង្ហាញ​ពូជ​ពោតក្រហម CHM01 នៅតាម​សាកលវិទ្យាល័យ និង​សាលា​កសិកម្ម ដើម្បី​និស្សិត​អាច​ចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង ពិសោធន៍​ផងដែរ​៕​