ដោយៈសុផល/ភ្នំពេញ៖គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកកំពុងពង្រីកការផ្តល់កម្ចីរបស់ខ្លួនក្នុងវិស័យកសិកម្ម ដើម្បីឆ្លើយតបទៅនឹងសក្តានុពលដ៏ធំនៅក្នុងវិស័យនេះ ក្នុងការចូលរួមចំណែកជំរុញការនាំចេញកសិផលពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនបន្ថែមទៀត។ជាក់ស្តែងធនាគារអេស៊ីលីដាភីអិលស៊ី បានចាប់ផ្តើមពង្រីកហិរញ្ញ ប្បទានវិស័យកសិកម្មបន្ថែម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទាក់ទងនឹងវិស័យកម្ចីសម្រាប់កសិកម្មនេះធនាគារអេស៊ីលីដា បានរៀបចំវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មកាលពីរសៀលថ្ងៃទី ២១ កក្កដានៅទីស្នាក់ការកណ្តាលធនាគារ ដោយមានក្រុមវិនិយោគិនក្នុងស្រុក និងបរទេស ។វេទិកានេះ បានត្រូវធ្វើឡើងដើម្បីបង្កើតឱកាសសម្រាប់កសាងបណ្តាញធុរកិច្ច និងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា៖ការពង្រីកហិរញ្ញប្បទានលើវិស័យកសិកម្ម ដោយសារតែវិស័យនេះជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយម្យ៉ាងទៀតហិរញ្ញប្បទានក្នុងវិស័យនេះរបស់ធនាគារអេស៊ីលីដានាពេលបច្ចុប្បន្ននេះ មានការកើនឡើងខ្ពស់។
លោកបណ្ឌិត បានបន្តថា ធនាគារអេស៊ីបានផ្តល់សេវាកម្មយ៉ាងច្រើនដល់វិស័យកសិកម្មដោយសារមានកត្តាធំៗជាច្រើនដូចជា មានបណ្តាញសាខានៅទូទាំងប្រទេសរហូតដល់ ២៦៣ ការិយាល័យភាគច្រើន នៅតំបន់ជនបទ។ ក្រៅពីនេះ មានឥណទានច្រើន ដោយគិតត្រឹមដំណាច់ ខែមិថុនា ២០២២ នេះ មានជាង ៥៨០០ លានដុល្លារអាមេរិក ក្នុងនោះឥណទានវិស័យកសិកម្មមានជិត ២១ ភាគរយ ដែលមានប្រមាណជាង ១២០០ លានដុល្លារអាមេរិក បើធៀបជាមួយវិស័យផ្សេងៗទៀតរបស់ធនាគារសរុបមានប្រមាណ ៣៤ ភាគរយ។
បណ្ឌិត អ៊ិនចាន់នី បានគូសបញ្ជាក់ថា៖« អ្វីដែលពិសេសនោះនៅពេលកម្ពុជា ស្ថិតក្នុងស្ថានភាពឆ្លងជំងឺកូវីដ១៩ វិស័យកសិកម្មមានសុវត្ថិភាពជាងវិស័យណាទាំងអស់ ខណៈវិស័យផ្សេងៗទៀតបានទទួលរងផលប៉ះពាល់ហើយវិស័យនេះមានការប៉ះពាល់តិចតួចបំផុត។ការផ្តល់ឥណទានដល់វិស័យកសិកម្មមិនមានហានិភ័យខ្ពស់ដូចវិស័យដទៃនោះទេ ពោលគឺ ធនាគារ អេស៊ីលីដា តែងតែមានការពិគ្រោះយ៉ាងយកចិត្តទុកដាក់ជាមួយអតិថិជន និង ក្រុមប្រជាកសិករ ទៅលើការប្រើប្រាស់ឥណទានរបស់ធនាគារផ្តល់ឥណទានទៅតាមគម្រូវការនៃអាជីវកម្មមិនឱ្យខ្វះឬមិនឱ្យលើសខ្លាំងនិងណែនាំដល់អតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារឱ្យត្រឹមត្រូវចំគោលដៅ ជាជាងការចំណាយទៅក្នុងវិស័យណាដែលមិនបានចុះក្នុងផែនការអាជីវកម្ម»។
លោកបណ្ឌិតបានថ្លែងថា៖«កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សក្នុងតំបន់។វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហើយវិស័យនេះបានផ្តល់ការងារដល់កម្លាំងពលកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជា»។ លោកបញ្ជាក់ថា៖ «ជាមួយគ្នានេះដែរ សព្វថ្ងៃនេះ វិស័យកសិកម្ម ដើរតួនាទីដ៏សំខាន់ ក្នុងការធានាសន្ដិសុខស្បៀងអាហារប្រកបដោយនិរន្តរភាព និងផលិតផលអាហារូបត្ថម្ភសម្រាប់ទាំងប្រទេសកម្ពុជានិងបណ្ដាប្រទេសផ្សេងទៀតលើពិភពលោក»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើវិស័យកសិកម្មជាវិស័យសំខាន់សម្រាប់ការអភិវឌ្ឍ។ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកសិកម្ម រួមចំណែកដល់កំណើនសេដ្ឋកិច្ច គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ធនាគារអេស៊ីលីដាបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនដល់វិស័យកសិកម្ម ដោយមានទឹកប្រាក់ចំនួន ១.២១ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២០,៧៥ ភាគរយ ។ សំខាន់ជាងនេះទៅទៀត គិតត្រឹមខែមីនា ឆ្នាំ២០២២ ធនាគារអេស៊ីលីដាបានផ្ដល់ប្រាក់កម្ចីជាង ៣៤ ភាគរយ ដល់វិស័យកសិកម្មនៃវិស័យធនាគារនៅកម្ពុជា។
បណ្ឌិត អ៊ិន ចាន់នី សង្ឃឹមថាចំនួនផ្តល់ហិរញ្ញប្បទានផ្នែកវិស័យកសិកម្មនេះនឹងកើនឡើងបន្ថែមទៀត ដោយសារយើងមានកម្លាំងទុនពីខាងក្រៅច្រើន។ ពាក់ព័ន្ធនឹងវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មបណ្ឌិត អ៉ិន ចាន់នី បានបន្តទៀតថា នេះជាលើកទី ១ ហើយ ដែលធនាគារអេស៊ីលីដាសហការជាមួយអង្គការដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានរៀបចំឱ្យមានវេទិកាជំនួបធុរកិច្ចវិស័យកសិកម្មនេះឡើង ក្នុងគោលបំណងឱ្យតំណាងក្រុមហ៊ុនឬអាជីវកម្មទាក់ទិននឹងវិស័យកសិកម្មមានឱកាសបានជួបជុំគ្នាស្គាល់គ្នា និងពិភាក្សាគ្នាធ្វើប្រតិបត្តិការនិងពង្រីកដៃគូអាជីវកម្មជាមួយគ្នាបន្ថែម និងបានយល់ពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា។ ចំណែកធនាគារអេស៊ីលីដា មានទុនសម្រាប់ឱ្យពួកគាត់ខ្ចីសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។
គួរជម្រាបថាឥណទានជាទុនបង្វិលគឺសម្រាប់ប្រកបមុខរបរ ឬអាជីវកម្មតាមរដូវកាល ការទិញវត្ថុធាតុចូលកសិកម្ម ការស្តុកសន្និធិសម្រាប់កែច្នៃ ដែលពាក់ព័ន្ធនឹងការ ពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផល កសិកម្ម ព្រមទាំងការគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ចំណែកឥណទានជាទុនវិនិយោគគឺសម្រាប់ទិញឧបករណ៍បរិក្ខារ គ្រឿងចក្រ ការសាងសង់រោងចក្រ អគារ ផលិតកម្ម ការពង្រីកសមត្ថភាពឃ្លាំងស្តុក និងការដំឡើងបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងការពង្រីកការដាំដុះបន្ថែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងការគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
លោក តី សារិន ប្រធានគ្រប់គ្រងកម្មវិធីអង្គការដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជាបានមានប្រសាសន៍ថា ផលិតផលកសិកម្មនៅកម្ពុជានៅមានចំនួនទាបនៅឡើយបើធៀបជាមួយបណ្តាប្រទេសជិតខាងដូចជាថៃ និងវៀតណាមដោយសារមកពីកត្តាមួយចំនួនដូចជាបច្ចេកទេសធ្វើកសិកម្មដោយកសិករប្រើប្រាស់ពូជមិនមានគុណភាព ឬពូជបុរាណធ្វើឱ្យទិន្នផលធ្លាក់ចុះ និងពូជមួយចំនួននាំចូលមកពីប្រទេសជិតខាង ការផលិតមានតម្លៃខ្ពស់ធ្វើឱ្យមិនអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេសបានដែលធ្វើឱ្យគាត់បោះបង់ហើយធ្វើចំណាកស្រុកនិងបច្ចេកវិទ្យានៅមានកម្រិត។
លោកបានបន្តថា កសិករដែលជាអ្នកផលិតនិងក្រុមហ៊ុនជាអ្នកបញ្ជាទិញ នៅមិនទាន់មានភាពទំនាក់ទំនងគ្នាឱ្យបានល្អប្រសើរនៅឡើយទេ ពិសេសការកែច្នៃកសិផលកសិកម្មនៅតិចតួចធ្វើឱ្យកសិករបង្ខំចិត្តលក់ផលិតផលដែលមិនបានកែច្នៃទៅប្រទេសជិតខាង ដើម្បីយកមកដោះស្រាយជីវភាពនិងដោះស្រាយបញ្ហាបំណុលផ្សេងៗ។ ចំណែកអ្នកវិនិយោគទុនមិនសូវចាប់អារម្មណ៍លើការវិនិយោគវិស័យនេះទេ ដោយសារវាប្រើពេលយូរហើយមានបញ្ហាប្រឈមទៀត។ លោកបានបន្តទៀតថា មួយវិញទៀតបញ្ហាកម្ចីមានអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកក្នុងការខ្ចីក្នុងការពង្រីកអាជីវកម្មផ្សេងៗបាន៕Ph