ដោយៈ វ៉ៃកូ/ ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល គ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ច ការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាល ជំងឺ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យ បាននូវសុខុមាលភាពសាធារណៈ និងបញ្ចៀសនូវហានិភ័យ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍។
លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ នៅពេលលោកបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលខេត្តស្វាយរៀង ដោយក្នុងនោះ លោក គុជ ស៊ីថា ប្រកាសជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជំនួសលោក កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោក ថោង អ៊ុសុធា ប្រកាសជាអនុប្រធាន មន្ទីរសុខាភិបាល ខេត្តស្វាយរៀង។
លោក មែ៉ន វិបុល បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អតីតប្រធានមន្ទីរសុខាភិបាលខេត្ត ដែលនាពេលកន្លងមក បានខិតខំយកចិត្តទុកដាក់ ធ្វើ ការងារ បម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសនៅកំឡុងពេល កូវីដ១៩ កំពុងរាតត្បាត នៅក្នុងប្រទេស។
លោកអភិបាលខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថាៈ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល គ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារ ពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានា ជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺ និងត្រូវមានក្រមសីលធម៌ ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់ នានាផ្សេងទៀត ស្របតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឱ្យបាននូវសុខុមាល ភាពសាធារណៈ និងបញ្ចៀសនូវ ហានិភ័យ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍ ។
លោកអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តការយកចិត្ត ទុកដាក់ជំរុញ ដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣.៤.៥) ឲ្យបានគ្រប់គ្នាៗ ៕/V