ដោយៈប.ខុន/ភ្នំពេញៈទ្វារទឹកអាងអន្លង់ជ្រៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្ពងខេត្តកំពង់ស្ពឺនិងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានរលាស់បើកជាស្វ័យប្រវត្តិ នៅពេលកម្ពស់ទឹកបានឡើងខ្ពស់ហួសពីកម្រិតរក្សាទុក១៥០លានម៉ែត្រគូបនាំឱ្យមានជំនន់លិចផ្លូវជាតិលេខ៥ម្តុំគីឡូម៉ែត្រលេខ៤០នាព្រឹកថ្ងៃទី២២ខែកក្កដា តែ ទ្វារទឹកអាងបានបិទវិញហើយនៅព្រឹកថ្ងៃទី២២ខែកក្កដាបន្ទាប់ពីទឹកក្នុងអាងបានស្រកផុតការគំរាមកំហែងដល់ទំនប់របស់អាងរួចមក។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២ថាទឹកស្ទឹងព្រែកត្នោតនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅថ្ងៃនេះឃើញមានជន់ឡើងតិចតួចតែអាចនឹងច្រើនបន្តិចនៅថ្ងៃស្អែក តែឡើងរយៈពេលខ្លីរួចក៏ស្រកទៅវិញដោយសារមិនមានភ្លៀងថ្មីថែមមកទៀត។ ឯ អាងទឹកអន្លង់ជ្រៃដែលបានឡើងខ្ពស់ធ្វើឱ្យមានជំនន់លិចផ្លូវជាតិលេខ៥បានបិទទ្វារទឹកវិញហើយ។
លោក ញ៉ាញ់ ជាបហ៊ង បាននិយាយឱ្យដឹងទៀតថាអាងទឹកអន្លង់ជ្រៃជាអាងទឹកទំនប់ដីមានប្រវែងរហូតដល់ជាង៦គីឡូម៉ែត្រ រក្សាទឹកទុកបានដល់ជាង១៥០លានម៉ែត្រ គូបមួយផ្នែកនៃអាងស្ថិតនៅក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺនិងមួយផ្នែកទៀតស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនពីរបីថ្ងៃមុននេះធ្វើឱ្យកម្ពស់ ទឹកនៅក្នុងអាងឡើងលើសពីកម្រិតកម្ពស់៣,៥ម៉ែត្រ ទ្វារទឹកទាំងនៅក្នុងខេត្តកំពង់ស្ពឺនិងនៅក្នុងខេត្តកំពង់ឆ្នាំងបានរលាស់បើកជាស្វ័យប្រវត្តិ។
ក្រោយពីទ្វារទឹកចំនួន៥របស់អាងបានបើកទឹកនៅក្នុងអាងបានស្រកផុតការគំរាមកំហែងដល់ទំនប់ លោកញ៉ាញ់ ជាបហ៊ង និយាយថានៅព្រឹកថ្ងៃទី២២ខែក្កដានេះ បានបិទទ្វារទឹកអាងនេះវិញហើយ ទឹកដែលលិចផ្លូវជាតិលេខ៥នៅម្តុំគីឡូម៉ែត្រលេខ៤០វានឹងស្រកអស់ទៅវិញនៅពេលបន្ទាប់៕