ដោយៈ គង់ហេង / កំពង់ចាមៈ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ចាម បានសម្រេចដាក់ចេញនូវសេចក្តីណែនាំ វិធានការពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រខេត្តមួយនេះ បន្ទាប់ពីពិនិត្យឃើញ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង គួរឱ្យបារម្ភ។
ការដាក់ចេញនូវវិធានការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ ធ្វើឡើងតាមរយៈសេចក្តីណែនាំ ដែលចុះហត្ថលេខាដោយលោក អ៊ុន ចាន់ដា ជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត និងជាអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២២ កក្កដា នេះ ដោយយោងលើមាត្រា ៤០ និងមាត្រា ៨ ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រសាសន៍របស់លោកនាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។
សេចក្តីណែនាំនោះ បានបញ្ជាក់ថាៈ ដើម្បីធានាដល់ការកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ប្រធានអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍៍ផ្លូវគោកខេត្តនេះ សូមដាក់ចេញនូវសេចក្តីណែនាំមួយចំនួន ដល់គ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ គ្រប់ស្ថាប័នសាធារណៈ និងឯកជន គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស រួមទាំងគ្រប់ក្រុមគ្រួសារ អាណាព្យាបាល សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបថា ត្រូវមានបណ្ណបើកបរ ចំពោះរថយន្ត គ្រប់ប្រភេទ ទោចក្រក្រយានយន្ត សណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត យានយន្ត ដែលមានស៊ីឡាំង ចាប់ពី ១២៥ សង់ទីម៉ែត្រ ឡើងទៅ។
សេចក្តីណែនាំ បានបញ្ជាក់ទៀតថាៈ សម្រាប់ការបើកបរយានយន្ត ដែលមានទំហំស៊ីឡាំង ចាប់ពី ១២៥ សង់ទីម៉ែត្រ ចុះក្រោម អ្នកបើកបរ មិនតម្រូវឱ្យមានបណ្ណបើកបរឡើយ ប៉ុន្តែត្រូវមានអាយុ ១៥ ឆ្នាំឡើង។
ការប្រើប្រាស់យានយន្ត ត្រូវបំពាក់ឧបករណ៍ ឱ្យបានគ្រប់គ្រាន់ តាមលក្ខណៈបច្ចេកទេស ដែលច្បាប់បានកំណត់។ ត្រូវចូលរួមផ្សព្វផ្សាយ ដល់មន្ត្រី បុគ្គលិក ជាពិសេសបងប្អូន ប្រជាពលរដ្ឋ បន្តផ្សព្វផ្សាយដល់កូនចៅ ក្នុងបន្ទុកឱ្យគោរពបាន តាមកំណត់នៃច្បាប់ និងមន្ត្រីអនុវត្តច្បាប់ ត្រូវប្រកាន់យកអាកប្បកិរិយា សីលធម៌វិជ្ជជីវៈ និងអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុត៕/V