ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ រយ​:​ពេល​ជាង ៦​ខែ​ដើមឆ្នាំ​២០២២ ពលករ​ខ្មែរ បាន​ចេញពី​ប្រទេស​ថៃ ហើយ​វិលត្រឡប់ មក​ប្រទេស​កំណើត​វិញ កើន​ដល់​ជាង ៤ ម៉ឺន​នាក់​។​

​តាម​ការបញ្ជាក់​ពី​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តបាត់ដំបង​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថាៈ រយ​:​ពេល​ជិត ៧​ខែ ចាប់តាំងពី​ដើមខែ​មករា ដល់​ខែកក្កដា ឆ្នាំ​២០២២ ស្ថានភាព​ពលករ​ខ្មែរ ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ ចូលមក​ស្រុកកំណើត ប្រទេស​កម្ពុជា​វិញ ឆ្លងកាត់​តាម​ច្រក​ទ្វារធំៗ ចំនួន ២ សរុប​ចំនួន ៤១.៥០៩ នាក់ ក្នុង​ពលករ​ស្ត្រី មាន​ចំនួន ១៨.៧៥៨ នាក់ ក្មេងប្រុស ស្រី មាន​ចំនួន ៥.៣៥៩ នាក់​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ ខាងលើ បានបញ្ជាក់​បន្តថាៈ ចំនួន​ពលករ​ដែល​ប​ន្ត​ចាកចេញ ខាងលើ រួមមាន ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង មាន​ពលករ​ចូល ចំនួន ៤១.៤៤៦ នាក់ ស្រី ១៨.៧៣៤ នាក់ ក្មេង ៥.៣៥៧ នាក់ និង​ច្រកទ្វារ​តំបន់​ព្រំដែន​អូរ​រំដួល ក្នុងស្រុក​ភ្នំព្រឹក ពលករ​ចូលមក​ប្រទេស​កំណើត មាន​ចំនួន ៤៣ នាក់ ស្រី ២៤ នាក់​។​

​ពលករ​ធ្វើ​ចំណាកស្រុក ឆ្លងដែន​ចេញចូល​ប្រទេស​ថៃ​នេះ ភាគច្រើន ទៅធ្វើ​ការងារ​ប្រចាំ​រដូវ នៅក្នុង​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​៕/V​