​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសេដ្ឋី​ឥណ្ឌា លោក ហ្គោ​តាម អា​ដា​នី (Gautam Adani) បាន​ជំនួស​តំណែង​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេត ដើម្បី​ក្លាយជា​អ្នក​មាន​បំផុត​ទី​បួន​របស់​ពិភពលោក​។​

​យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​នៃ​សារព័ត៌មាន​Bloomberg​បានឱ្យដឹងថា ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​អា​ដា​នី​បាន​កើនឡើង​រហូត​ដល់ ១១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែកក្កដា ដោយ​កើន​លើស​លោក​ហ្គេត​ចំនួន ២៣០ លាន​ដុល្លារ​។​

​មហាសេដ្ឋី​ឥណ្ឌា​រូបនេះ​បាន​បន្ថែម​ប្រាក់​ចំនួន ៣៦ ពាន់​លាន​ដុល្លារ​ដល់​ទ្រព្យសម្បត្តិ​របស់​គាត់​នៅ​ឆ្នាំនេះ គឺ​ច្រើន​ជាង​នរណាៗ​ទាំងអស់ ខណៈ​លោក​ហ្គេត​បាន​ថយ​ចុះ​ទ្រព្យសម្បត្តិ​ខណៈ​គាត់​ពន្លឿ​ន​​ការផ្តល់​ជំនួយ​សប្បុរ​ស​ធម៌​និង​ការលក់​ចេញ​នូវ​ភាគហ៊ុន​បច្ចេកវិជ្ជា​។​

​លោក​អា​ដា​នី ដែល​បាន​កសាង​អាណាចក្រ​របស់​គាត់​លើ​ជំនួញ​ក​សិ​-​ឧស្សាហកម្ម ធ្យូង​ថ្ម និង​កំពង់ផែ កំពុង​ហក់​ឡើងលើ​ចំណាត់​ថ្នាក់​ទ្រព្យសម្បត្តិ​ដែល​តែងតែ​គ្រប់គ្រង​ដោយ​សហគ្រិន​បច្ចេកវិជ្ជា​​អាម៉េរិក​។ គាត់​បាន​ធ្វើ​ពិពិធ​កម្ម​យ៉ាង​ឆាប់រហ័ស​ទៅក្នុង​ថាមពលបៃតង អាកាសយានដ្ឋាន មជ្ឈមណ្ឌល​ទិន្នន័យ សេវាកម្ម​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​យក​យុទ្ធសាស្ត្រ​របស់​គាត់​ទៅ​សម្រប​ជា​​មួយ​របៀបវារៈ​កសាង​ប្រទេស​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​។​

​ក្រុមហ៊ុន​នៅក្នុង​សម្ពន្ធ​ដ៏​ល្បី​ឈ្មោះ​របស់​គាត់​បាន​ទាក់ទាញ​អ្នកវិនិយោគ​ទូទាំង​ពិភពលោក រួម​ទាំង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ឯកជន Warburg Pincus និង​ក្រុមហ៊ុន TotalEnergies របស់​បារាំង ដោយ​ជួយ​ជំរុញ​ភាគហ៊ុន​របស់​ពួកគេ​ឱ្យ​កាន់តែ​ឡើងថ្លៃ​។​

​ជា​សហគ្រិន​ជំនាន់​ទី​១​និង​បាន​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ ហើយ​បាន​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ពាណិជ្ជក​ម្មក​សិ​-​ឧស្សាហកម្ម​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ លោក​អា​ដា​នី​បាន​បង្កើត​ទ្រព្យសម្បត្តិ​របស់​​គាត់​ស្ទើរតែ​ទាំងអស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​គាត់​ជំរុញ​ធ្វើ​ពិពិធ​កម្ម​កាន់តែខ្លាំង​។ គាត់​បាន​ក្លាយជា​មហាសេដ្ឋី​កំពូល​លើ​លោក​នៅ​ខែ​មេសា ដោយ​ចូលរួម​ជាមួយ​ក្លិប​អភិជន ដែល​រួមមាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក អេ​ឡុន ម៉ាស និង​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos)៕

​លោក ហ្គោ​តាម អា​ដា​នី ក្លាយជា​អ្នកមាន​បំផុត​ទី​បួន​លើ​ពិភពលោក​