ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នេះ លោក និល ណុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ តុលាការ​កំពួ​ល និង​លោក ឈួន ចាន់ថា អគ្គ​ព្រះរាជអាជ្ញារង បានសម្រេច​ប្រកាស​សាលដីកា​ដោះលែង អតីត​មេបញ្ជាការ អាវុធហត្ថ​ក្រុង​ក្រចេះ លោក ទេព ហ៊ុយ ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន បើ​មិនមាន​ជាប់​បទល្មើស​អ្វី​ផ្សេងទៀត ។​

​តុលាការ ក៏បាន​ដាក់​កាតព្វកិច្ច មួយចំនួន មានៈ ១. មិន​ឲ្យ​ចេញ​ក្រៅប្រទេស​, ២. ប្រគល់​លិខិតឆ្លងដែន ឲ្យ​សាលាដំបូង​ខេត្តក្រចេះ និង ៣.​ត្រូវ​បង្ហាញមុខ​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ក្រចេះ ក្រុង​ក្រចេះ មួយខែ​ម្តង គិត​ចាប់ពី​ខែសីហា តទៅ​។​

​ជនជាប់ចោទ​ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ក្រចេះ ជាប់ចោទ​ពីបទ « ទារុណកម្ម និង​អំពើហិង្សា​ឃោរឃៅ មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​នឹង​ជនរងគ្រោះ , បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស ទាក់ទង​នឹង​ជនរងគ្រោះ និង​បទ​គម្រាមកំហែង​ថា​នឹង​សម្លាប់ » ប្រព្រឹត្ត​នៅ​ហាង លាង​ហ៊ុយ លក់​រថយន្ត ម៉ូតូ និង​លក់​ទូរស័ព្ទដៃ​ទំនើប ចំណុច​ផ្លូវកណ្តាល ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៧-២៨ ខែតុលា ឆ្នាំ​២០២១ តាម​មាត្រា​២១១ – ២១៩ និង​មាត្រា​២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​គួររំលឹកថា សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ បានសម្រេច​ឃុំខ្លួន បណ្ដោះអាសន្ន អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ករណី​ហិង្សា​លើ​ក្មេងស្រី ពីរ​នាក់ ដែលជា​អ្នកបម្រើ​ក្នុងផ្ទះ​របស់ខ្លួន ធ្វើឱ្យ​ឆ្កែ​របស់ខ្លួន​ងាប់ ៕/V