​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ម៉ូតូ​មួយគ្រឿង ជិះ​ឌុប​គ្នា បួន​នាក់ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក ជាមួយនឹង​រថយន្ត​កុងតឺន័រ ដែល​កំពុងតែ​បត់​ចូល​ឃ្លាំង ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់ និង​មនុស្ស បីនាក់​ទៀត រងរបួស​ស្រាល ចំណែក​ម៉ូតូ រង​ការខូចខាត​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ នៅមុខ​ឃ្លាំង​សំបក​កំប៉ុង​ស្រា​បៀរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ សព​យុវជន​រងគ្រោះ ត្រូវគេ​ស្គាល់​ថា ឈ្មោះ សូ​នី អាយុ ២៣ ឆ្នាំ មាន​លំនៅ ជិត​កន្លែងកើតហេតុ ចំណែក បីនាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GT 7011 រង​ការខូចខាត​ខ្ទេច មួយ​កំណាត់​ទាំងស្រុង ។​

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ដ​កុងតឺន័រ បានធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង លុះ​មកដល់ ចំណុចកើតហេតុ រថយន្ត​កុងតឺន័រ ក៏បាន​ស៊ីញ៉ូ​បត់​ស្តាំ ដើម្បី​ចូលទៅក្នុង​ឃ្លាំង​។ នៅពេល​បត់ ចូល​បាន​ពាក់កណ្ដាល ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ ជិះ​យ៉ាង​លឿន ដោយ​មិនបាន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​ផ្ទប់​ចំ​កង់ ក្បាល​រថយន្ដ​កុងតឺន័រ ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ ចូល​ក្រោម​រថយន្ត រង​ការខូចខាត មួយ​កំណាត់​ទាំងស្រុង និង​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​មនុស្ស បីនាក់​ទៀត រងរបួស​ស្រាល ។​

​បន្ទាប់ពី​ពេល​កើតហេតុ ម្ចាស់​រថយន្ត ត្រូវបាន​សមត្ថកិច្ច ឃាត់​បណ្តោះអាសន្ន ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ ចំណែក​រថយន្ដ និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច វាស់វែង​យកទៅ​រក្សាទុក បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។ ឯ​សព​ជនរងគ្រោះ​វិញ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឲ្យ​សាច់ញាតិ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ៕/V​