ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះយុទ្ធនា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅខេត្តបន្ទាយ មានជ័យ ដែលជំហានដំបូង បេសកកម្មនេះ បានចាប់ផ្ដើមធ្វើ នៅបរិវេណវិទ្យាល័យ សិរីសោភ័ណ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
ពិធីនោះ មានការអញ្ជេីញចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ព្រមទាំងលោក លោកស្រី ក្រុមការងារសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រេីនកុះករ ។
ក្នុងឱកាសនោះ លោក អភិបាលខេត្តបន្ទាយមានជ័យ បានសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែង ស្វែងរកវ៉ាក់សាំង មក ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។
លោកសូមអំពាវនាវដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងពុកម៉ែមាមីងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្ត អញ្ជើញទៅទទួលយកវ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា នៅពេលដល់វេនត្រូវចាក់ នៅតាមមណ្ឌលសុខភាព ទាំង ៦៨ ក្នុងឃុំ / សង្កាត់ ទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនភាពស៊ាំ ការពារនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍របស់យើង និងដើម្បីបញ្ចៀស នូវការវាយលុកសារជាថ្មី នៃវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មីៗ និងបង្ការភាពធ្ងន់ធ្ងរ ព្រមទាំងការស្លាប់ដែលបង្ករឡើង ដោយវីរុសកូវីដ-១៩ ។ ជាមួយគ្នានេះ សូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល “៣កុំ ៣ការពារ“ ដើម្បីបង្ការ និងទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩។
យោងមន្ទីរសុខាភិបាលខេត្ត គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ក្នុងខេត្តបន្ទាយមានជ័យ ការចាក់វ៉ាក់សាំងជាទូទៅ កន្លងមក មានៈ ១.ដូសទី១ (កុមារចាប់ពីអាយុ ៣ឆ្នាំឡើង និងមនុស្សធំ) បានចំនួន ៦៨២.៩១០ នាក់ ស្មើនឹង ១០០,៥២% , ដូសទី២ បានចំនួន ៤២៧.២៩៣ នាក់ ស្មើនឹង ៧៣,៩៦% ។
ចំពោះមុខនេះ និងតទៅ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់ក្រោម ៦ឆ្នាំ និងដូសទី៤ ជូនដល់កុមារ អាយុ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៥ ដល់កុមារ ១២ឆ្នាំឡើង នៅតាមមណ្ឌលសុខភាពទាំង ៦៨ កន្លែង ទៅគ្រប់ឃុំ សង្កាត់ ទាំង ៦៧ នៃ ៩ ស្រុក ក្រុង តាមកាលបរិច្ឆេទ ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ តាមកម្មវិធីម៉ោងធ្វើការ ដែលបានកំណត់៕/V