ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ” ចេះពីរៀន មានពីរក ” នេះគឺជាសុភាសិត ដែលព្រះសិរីនក្ខិតវង្ស តែម ម៉ាច ព្រះគ្រូចៅអធិការ វត្តរតនារាម ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានមានសង្ឃដីកា នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅសាលាពុទ្ធិកបឋមសិក្សា ម៉ាចសត្ថារាម មានរិទ្ធិ ស្ថិតក្នុងបរិវេណវត្តរតនារាម ផ្សារកណ្ដាល ។
ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ព្រះអង្គ មានសង្ឃដីកាថាៈ យោងតាមប្រកាសលេខ ២២៥/២២ របស់អគារធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដើម្បីឲ្យដំណើរការសិក្សាតាមគន្លងថ្មី ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ឆ្នាំសិក្សាថ្មី គឺគ្រប់ភូមិសិក្សា ត្រូវបន្តអនុវត្ត វិធានការនានា ដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថាៈ ការសិក្សារៀនសូត្រ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រ និងអាណាចក្រ។
លោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើដល់សមណៈសិស្សទាំងអស់ បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ចូលរួមយ៉ាងសកម្ម ក្នុងការកសាងអំពើល្អ ជាពិសេសគោរព ឱ្យបានខ្ជាប់ខ្ជួននូវ អភិសមាចារិកវត្ត និងជៀសឱ្យផុតចាកការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ គ្មានការសេពគ្រឿងញៀន ជាដើម។
នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ សមណសិស្ស ជាង ១៥០ អង្គ នឹងចូលសិក្សារៀនសូត្រ ឲ្យមានចំណេះដឹង ទូលំទូលាយ ដើម្បីក្លាយជាអ្នកបន្តវេន ដ៏មានសក្កានុពល នាពេលអនាគត ។ ដោយឡែក ក៏មានការប្រគេននូវសម្ភារៈសិក្សា ដល់សមណសិស្ស ទាំង ១៥០ អង្គ ផងដែរ៕/V