​ដោយៈ គង់​ហេង​/ កំពង់ចាមៈ តម្លៃ​គ្រាប់​ពោតក្រហម ល្អ រយៈពេល ពីរ​ឆ្នាំ​ជាប់​គ្នា នាំឱ្យ​ប្រជាពលរដ្ឋ រស់នៅ​តំបន់​កោះ​ប៉ែន ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម សម្រុក​ដាំ​ដំណាំ មួយ​នេះ លើ​ផ្ទៃដី​ជាង ៣០០ ហិកតា នៃ​ផ្ទៃដី​កសិកម្ម សរុប​ជាង ៥០០ ហិកតា​។​

​លោក វ៉ែន នាង មេឃុំ​កោះ​មិត្ត បានឱ្យដឹង​នៅ​ថ្ងៃទី ២២ កក្កដា​នេះ​ថាៈ ពិតមែន​ហើយ ប្រជាពលរដ្ឋ ដែលមាន​ដី​ដាំ​ដំណាំ​កសិកម្ម​ភាគច្រើន បាននាំគ្នា​ងាក​មក​ដាំ​ដំណាំ​ពោតក្រហម ពោលគឺ មួយ​គ្រួសារ ទទួលបាន​ទិន្នផល​ពី ៣ ទៅ ២០ តោន ។ គ្រួសារ​ដែល​ដាំ​បាន​ច្រើន ពួកគាត់​បាន​ជួល​ដី​បន្ថែម លើដី​របប​របស់ខ្លួន​។​

​លោក​មេឃុំ​កោះ​មិត្ត បានឱ្យដឹង​ទៀតថាៈ ការដែល​ប្រជាពលរដ្ឋ បាននាំគ្នា​ជ្រើស​រើសយក ដំណាំ​ពោតក្រហម​នេះ ដោយសារ​វា​ងាយ​ដាំ​ដុះ​ជាង​ដំណាំ​ដទៃ ហើយ​អាច​ដាំ​បាន ពីរដង ក្នុង​មួយឆ្នាំ នៅលើ​ដី​កោះ​នេះ គឺអាច​ផ្តល់​ទិន្នផល ក្នុង​មួយ​ហិកតា​ពី ប្រាំពីរ ទៅ​ប្រាំបី តោន និង​មាន​ទីផ្សារ​ល្អ ឈ្មួញ​មក​ប្រមូល​ទិញ​ដល់ផ្ទះ តម្លៃ​ពី ៨០០ ទៅ​ជាង ១.០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។​

​លោក​បាន​បន្តថាៈ បច្ចុប្បន្ន ក្រៅពី​ដាំ​ដំណាំ​ពោតក្រហម​នេះ ប្រជាពលរដ្ឋ​ដែលមាន​ដី តំបន់​រាង​ខ្ពស់​បន្តិច បាននាំគ្នា​ដាំ​ដំណាំ​ហូប​ផ្លែ ក្រូច​ត្លុង ក្រូចឆ្មារ ខ្នុរ ជាដើម​… ហើយ​ក៏មាន​ពលរដ្ឋ មួយចំនួន ដាំ​ដើម​គ នៅ​តំបន់​ទំនាប​ងាយ​ទឹក​លិច​។ ប៉ុន្តែ​ប្រជាពលរដ្ឋ បាន​បោះបង់​ស្ទើរ​ទាំងស្រុង ចំពោះ​ដំណាំ​ថ្នាំជក់ នៅសល់​ក្នុង​មួយ​ភូមិ ប្រហែល បួន ប្រាំ គ្រួសារ​ប៉ុណ្ណោះ ដោយសារ​ពិបាកធ្វើ​ការដាំដុះ និង​ម្យ៉ាង​មិន​ស​ប្បូរ​ទីផ្សារ ដូច​កាលពី​ទសវត្សរ៍ ឆ្នាំ ១៩៩០​។​

​រួមជាមួយ​ភរិយា វ័យ ៦៤ ឆ្នាំ ឈ្មោះ ឡាង សា​វ៉ៃ កំពុង​ញាប់​ដៃជើង ជ​ញ្ជួ​ន​ពង្រាយ​ផ្លែ​ពោត ហាល​ឱ្យទាន់​កម្តៅ​ព្រះអាទិត្យ នា​ម៉ោងជាង ៩ ព្រឹក នៅ​ថ្ងៃទី ២២ កក្កដា នៅ​ភូមិ​កោះ​ប៉ែន «​គ​» ឃុំ​កោះ​មិត្ត​នោះ បុរស វ័យ ៦៩ ឆ្នាំ ឈ្មោះ បាន សុខ បាន​ពោលថាៈ ប្រញាប់​ហាល កម្តៅថ្ងៃ​ឱ្យ​ស្ងួត​ល្អ ហើយ​ប្រឡេះ​ចេញ​ជា​គ្រាប់ លក់​ឱ្យ​ឈ្មួញ​មក​ទិញ​ដល់ផ្ទះ មួយ​គីឡូក្រាម តម្លៃ ១.១០០ រៀល​។ ប៉ុន្តែ​បើ​ប្រឡេះ​ទាំង​នៅ​សំណើម​អីចឹង មួយ​គីឡូក្រាម ៨០០ រៀល និង​បើ​លក់​ទាំង​បណ្តូល មួយ​គីឡូក្រាម ៥៥០ រៀល​។​

​ប្តី​ប្រពន្ធ វ័យ​ចំណាស់​មួយគូ​នេះ បាន​ពោល​ទៀតថាៈ តម្លៃ​ខាងលើនេះ អ្នក​ដាំពោត​ក្រហម នៅ​កោះ​ទាំងអស់ បានចាត់ទុក ជា​តម្លៃ​ល្អ និង​មាន​រយៈពេល ពីរ​ឆ្នាំ​ហើយ គឺ​ពួកគាត់​ទាំងពីរ បាន​ដាំ​ដុះ ទទួល​បានជា​ផល​ពោតក្រហម​នេះ មួយឆ្នាំ បាន​ចំនួន ពីរ ដង នៅ​រដូវប្រាំង​ម្តង និង​រដូវវស្សា​នេះ ម្តងទៀត ដោយ​មួយ​រដូវ បាន​ផល​ពី បី ទៅ បួន តោន ៕/V​