ដោយៈ បូកគោ / កំពត​: គិលានុបដ្ឋាក ជា​ទ័ព​អាវ​ស​ជួរមុខ ដែលមាន​តួនាទី​សំខាន់ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ ព្រោះ​កម្លាំង​ទ័ព​នេះ នៅ​កៀក​ជាប់​ជាមួយ​អ្នកជំងឺ​។ ក្រុមប្រឹក្សា​គណៈ​គិលានុបដ្ឋាក ត្រូវ​ផ្តោតលើ​ការគោរព​គោលការណ៍ ក្រមសីលធម៌ វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​។
​នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គិលានុបដ្ឋាក​ជាតិ ក្នុង​ពិធី​ប្រកាស​ទទួល ស្គាល់​ថ្នាក់ដឹកនាំ និង​សមាសភាព​ក្រុមប្រឹក្សា​គណៈ​គិលានុបដ្ឋាក​ខេត្តកំពត សម្រាប់​អាណត្តិ ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក អ៊ុង សាន ប្រធាន​ក្រុមប្រឹក្សា​គណៈ​គិលានុបដ្ឋាក​ជាតិ បាន​មានប្រសាសន៍ថាៈ គិលានុបដ្ឋាក​កម្ពុជា បាន​បង្កើតឡើង នា​ឆ្នាំ​២០០៧ ក្នុង​បំណង​ពង្រឹង​ការលើកកម្ពស់ សុខុមាលភាព ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​ជាតិ​។ បេសកកម្ម​នេះ ជា​ផ្នែក​ចាំបាច់ ក្នុងការ​កាត់បន្ថយ​បាតុភាព​អវិជ្ជមាន បណ្ដាលមកពី​ការមិន​គោរព ឱ្យបាន​ត្រឹមត្រូវ នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​ថែទាំ និង​ដើម្បី​ការពារ​កិត្តិយស ក៏ដូចជា ឥស្សរភាព សម្រាប់​វិជ្ជាជីវៈ​។​

​លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ថាៈ ផ្អែកលើ​ករណី​កិច្ច​ទាំងនេះ ក្រុមប្រឹក្សា​គណៈ​គិលានុបដ្ឋាក ខេត្តកំពត ត្រូវ​យកចិត្តទុកដាក់ ដោយ​ជំរុញ​សមាជិក អនុវត្ត​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យបាន​ល្អប្រសើរ ក្នុងនោះ រួមមាន ១. ត្រូវ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​សំខាន់ៗ ក្នុងការ​អនុវត្ត ស្របតាម​ក្រមសីលធម៌ និង​ផ្តល់​ការថែទាំ ក៏ដូចជា ព្យាបាល​អ្នកជំងឺ ឱ្យមាន​គុណភាព​។ ២. ត្រូវ​ឃ្លាំមើល​ការប្រព្រឹត្ត​គោលការណ៍​សីលធម៌ ភាព​សុចរិត យុត្តិធម៌ និង​ភក្តីភាព​ចាំបាច់ ក្នុង​ការប្រកប​វិជ្ជាជីវៈ ថែទាំ​ឱ្យមាន​ប្រសិទ្ធភាព​។ ៣.​ត្រូវ​តាមដាន​ការប្រតិបត្តិ​របស់​សមា​ជិ​ក ចំពោះ​ករណី​កិច្ច​វិជ្ជាជីវៈ និង​បទ​ប​ញ្ញ​ត្ដិ​ទាំងឡាយ ដែល​មានចែង​ក្នុង​ក្រមសីលធម៌ គិលានុបដ្ឋាក​ខេត្ត​។ ៤. ត្រូវ​ធានា​ការពារ​កិត្តិយស និង​ឥស្សរភាព​របស់​វិជ្ជាជីវៈ​ថែទាំ​។ ៥. ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន តាមរយៈ​ក្រុមប្រឹក្សា​របស់​គណៈ​គិលានុបដ្ឋាក​ជាតិ ភូមិភាគ រាជធានី​-​ខេត្ត​។ ៦.​ត្រូវ​គ្រប់គ្រង​លើ​គិលានុបដ្ឋាក​ទាំងអស់ ដែល​ប្រកប​វិជ្ជាជីវៈ​ថែទាំ ទាំង​សេវាសាធារណៈ និង​ឯកជន​ឱ្យ​គោរព​កិច្ច​ការចុះ​ប​ច្ឆិ​កា ក៏ដូចជា​មាន​អាជ្ញា​បណ្ណ ក្នុង​ការប្រកប​វិជ្ជាជីវៈ​ថែទាំ​។ ៧. ត្រូវ​ឃ្លាំមើល​រាល់​ការប្រតិបត្តិ​កិច្ចការ ដោយ​សេចក្ដី​គោរព ប្រតិបត្តិ​៕/V​