​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ព្រមាន​ថា អាម៉េរិក​និង​កូរ៉េខាងត្បូង​នឹង​ជួប​ការ​ប្រឈម​សន្តិសុខ​«​មិន​ដែល​ធ្លាប់​មាន​» បើសិនជា​ពួកគេ​មិន​បញ្ឈប់​យុទ្ធនាកា​រដាក់​​សម្ពាធ​យោធា​ដ៏​បង្ករឿង​ប្រឆាំង​កូរ៉េខាងជើង​ទេ រួម​ទាំង​សមយុទ្ធ​យោធា​រួមគ្នា​ផង​។​

​កូរ៉េខាងជើង​មើលឃើញ​លំ​ហាត់​យោធា​ជា​ទៀងទាត់​រួម​គ្នា​រវាង​អាម៉េរិក​និង​កូរ៉េខាងត្បូង​ថា​ជា​ការហាត់​សម​ដើម្បី​ឈ្លានពាន​ខ្លួន ទោះជា​សម្ពន្ធមិត្ត​ទាំង​ពីរ​តែង​បាន​និយាយថា​ពួកគេ​មិន​មាន​បំណង​វាយ​​ប្រហារ​កូរ៉េខាងជើង​ក្តី​។​

​ការព្រមាន​ចុងក្រោយ​នេះ​កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​ត្រៀម​ពង្រីក​ការហ្វឹកហាត់​នា​រដូវក្តៅ​របស់គេ​បន្ទាប់​ពី​កូរ៉េខាងជើងធ្វើការសាកល្បង​កាំជ្រួច​ដ៏​បង្ករឿង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំនេះ​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​នឹង​បន្ត​សមយុទ្ធ​លើ​ទីវាល​ជាមួយនឹង​ការបាញ់​គ្រាប់​ពិត​ឡើងវិញ​ក្នុងអំឡុងពេល​ការហ្វឹកហាត់​យោធា​រួមគ្នា​ដើម្បី​​ទប់ស្កាត់​កម្មវិធី​កាំជ្រួច​និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ហើយ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ដោយ​កាំជ្រួច​កូរ៉េខាងជើង​ដែលផ្តោត​លើ​រដ្ឋធានី​សេ​អ៊ូ​ល ក្រសួង​ក៏​បាន​និយាយថា ខ្លួន​នឹង​ធ្វើអោយ​ប្រសើរឡើង​សមត្ថភាព​​ស្ទាក់​ចាប់​កាំជ្រួច​និង​ជំរុញ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ស្ទាក់​កំទេច​ថ្មី​មួយ​។​

​ឆូ ជីន​(Choe Jin)​អគ្គនាយករង​នៃ​វិទ្យាស្ថាន​រំសាយ​សព្វាវុធ​និង​សន្តិភាពនៅ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ខាងជើង​បាន​ប្រាប់​ទូរទស្សន៍​មួយ​នៅ​ទីក្រុង​ព្យុង​យ៉ាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា « បើ​អាម៉េរិក​​និង​សម្ពន្ធមិត្ត​របស់ខ្លួន​ជ្រើស​យក​ការប្រឈមមុខ​ជា​មួយ​យើង ពួកគេ​នឹង​ប្រឈម​អស្ថិរភាព​សន្តិសុខ​ដ៏​មិន​ធ្លាប់​ជួប​ផងដែរ​»​។​

​លោកឆូ បាន​និយាយថា ការហ្វឹកហាត់​យោធា​រួមគ្នា​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​នៅ​ឆ្នាំ​នេះ​កំពុង​រុញ​ឧបទ្វីប​កូរ៉េ​ទៅកាន់​មាត់ជ្រោះ​នៃ​សង្គ្រាម​ហើយ​។​លោក​បាន​ចោទប្រកាន់​មន្ត្រី​អា​ម៉េ​​រិក​និង​កូរ៉េខាងត្បូង​ថា​កំពុង​មាន​គំរោង​ពិភាក្សាគ្នា​អំពី​ការបញ្ជូន​សព្វា​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​អាម៉េរិ​កមកកាន់ឧបទ្វីបកូរ៉េក្នុងអំឡុង​សមយុទ្ធ​យោធា​រួមគ្នា​មួយទៀត​ដែលប្រហែលជានឹងចាប់ផ្តើមនៅ​ខែក្រោយ​។​

​លោកឆូ​បាន​និយាយថា «​អាម៉េរិក​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា វា​នឹង​ត្រូវ​ប្រព្រឹត្ត​ស្មើគ្នា​នៅ​ពេល​ពួក​គេ​គំរាម​យើង​ជាមួយ​នឹង​សព្វាវុធ​នុយក្លេអ៊ែរ​។​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​បោះបង់​ចោល​គោ​លន​យោ​​បាយ​ខុស​កាលសម័យ​និង​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដូច្នេះចំពោះ​កូរ៉េខាងជើង បើ​មិន​អ៊ីចឹង​ទេ​នឹង​ជួប​ផលវិបាក​ដែល​មិនគួរ​ចង់បាន​»​។​

​លោក ឆូ ជីន​ មន្ត្រី​នៅ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ខាងជើង​ព្រមាន​អំពី​ផលវិបាក​ដែល​អាម៉េរិក​និង​កូរ៉េខាងត្បូង​មិន​ធ្លាប់​ជួប​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កូរ៉េ​ខាងត្បូង​និង​អាម៉េរិក​នឹង​បន្ត​សមយុទ្ធ​លើ​ទីវាល​ជាមួយនឹង​ការបាញ់​គ្រាប់​ពិត​ឡើងវិញ​ក្នុងអំឡុងពេល​ការហ្វឹកហាត់​យោធា​រួមគ្នា​នាពេលខាងមុខ

​កាលពី​ខែ​ឧសភា ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទើប​ឡើងកាន់តំណែង​ថ្មី​លោក យូ​ន ស៊ុក​យ៉ូល បាន​និយាយថា​ពួកលោក​នឹង​ពិចារណា​ពង្រីក​សមយុទ្ធ​យោធា​រួមគ្នា​​ដើម្បី​រារាំង​ការ​គំរាម​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​។​លោកបៃ​ដិ​នក៏បាន​អះអាងថា អាម៉េរិក​ពង្រឹង​ការប្តេជ្ញា​ចិត្ត​ការពារ​កូរ៉េខាងត្បូង ។​លោក​ចង់​និយាយ​សំដៅ​សមត្ថភាព​យោធា​អាម៉េរិក​មួយ​ចប់ រួមទាំង​​សព្វាវុធ​នុយក្លេអ៊ែរ​ផង​។​

​ការប្រកាស​របស់​មេដឹកនាំ​ទាំង​ពីរ​បង្ហាញ​អំពី​ការ​ផ្លាស់ប្តូរ​ទិសដៅ​មួយ​ចេញពី​អ្នកដឹកនាំ​មុនៗ​។ អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ត្អូញត្អែរ​អំពី​ការចំណាយ​សំរាប់​សមយុទ្ធ​យោធា​អាម៉េរិក​-​កូរ៉េ​ខាង​​ត្បូង នៅពេល​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន រង​ការរិះគន់​ថា​គោលនយោបាយ​ចូលរួម​ពាក់ព័ន្ធបែប​សន្តិភាព​និយម​របស់​លោក​គ្រាន់តែ​បាន​ជួយ​អោយ​កូរ៉េ​ខាងជើង​ពន្យារពេល​​សំរាប់​សម្រិត​សម្រាំង​បច្ចេកវិទ្យា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​

​លោក​យូ​ន​បាន​ចោទប្រកាន់​លោក​មូន​ថា ទោរទន់​ទៅរក​កូរ៉េ​ខាងជើង​និង​ងាក​ចេញពី​អាម៉េរិក​។​

​សូមបញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យោធា​អាម៉េរិក​និង​កូរ៉េខាងត្បូង​បាន​លុបចោល​ឬ​បន្ថយ​ទំហំ​សមយុទ្ធ​ប្រចាំឆ្នាំ​របស់​គេ ដោយសារ​ម្យ៉ាង​កូវី​ដ​១៩ និង​ម្យ៉ាងទៀត​ដើម្បី​គាំទ្រ​កិច្ចការ​ទូត​ដឹកនាំ​​ដោយ​អាម៉េរិក​ក្នុង​បំណង​ទាក់ទាញ​កូរ៉េខាងជើង​អោយ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួនជា​ថ្នូរ​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​។​អាម៉េរិក​ក៏​អំពាវនាវ​អោយ​កូរ៉េខាងជើង​វិល​មក​តុ​​ចរចា​ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ​ជាមុន តែ​កូរ៉េ​ខាងជើង​បាន​តប​វិញ​ថា ខ្លួន​នឹង​មិន​វិល​មក​ចរចា​វិញ​ទេ ដរាបណា​អាម៉េរិក​មិន​ទម្លាក់ ចោល​គោលនយោបាយ​អរិភាព​ប្រឆាំង​ខ្លួន​ជា​មុន​ទេ ដែល​វា​ទំនងជា​​ចង់​និយាយ​ដល់​សមយុទ្ធ​យោធា​រួមគ្នា​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​៕