ដោយៈសុផល/ភ្នំពេញ៖ លោក គិត ចន្ទដារារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារកម្មបានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទឧត្តមមន្ត្រីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ កាលពីថ្ងៃទី២០ខែកក្កដាកន្លងទៅនេះតាមប្រព័ន្ធវីដេអូពីចម្ងាយពីសំណាក់ថ្នាក់ដឹកនាំឧត្តមមន្ត្រីដឹកជញ្ជូន(STOM Leaders) របស់បណ្តាប្រទេសអាស៊ានទាំងអស់ ថ្នាក់ដឹកនាំឧត្តមមន្ត្រីដឹកជញ្ជូនរបស់ជប៉ុន លេខាធិការដ្ឋានអាស៊ាន គណៈប្រតិភូពីភាគីកម្ពុជារួមមានអង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទក្រសួង និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី២២ខែកក្កដាបានឱ្យដឹងថា សន្និសីទនេះស្នើឡើងដោយភាគីជប៉ុនក្នុងគោលបំណងដើម្បី (១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃភាពជាដៃគូក្នុងវិស័យដឹកជញ្ជូនរវាងអាស៊ាន-ជប៉ុន AJTP (ASEAN-Japan Transport Partnership) និង(២) ការពិចារណាលើការសមិទ្ធិលទ្ធភាព និងគំនិតផ្តួចផ្តើមថ្មីសម្រាប់ដាក់ឆ្លងសុំការអនុម័តជាផ្លូវការពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២០ (20th ATM-Japan) នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន បានពិនិត្យទៅលើការងារសំខាន់ៗចំនួន៣ដែលបានស្នើឡើងដោយប្រទេសជប៉ុនរួមមាន៖ (១) សៀវភៅណែនាំអំពីការអនុវត្តល្អបំផុតនៅក្នុងវិធានការសន្តិសុខកំពង់ផែសម្រាប់ការបណ្តុះបណ្តាលគ្រូបង្គោល សៀវភៅណែនាំ និងការបណ្តុះបណ្តាលសវនកម្មគំរូ (២) របាយការណ៍ចុងក្រោយស្តីពីការស្រាវជ្រាវរួមលើការថែទាំស្ពានសម្រាប់ច្រករបៀងឆ្លងព្រំដែនអាស៊ាន និង (៣) ផែនការការងារគម្រោងសន្តិសុខអាកាសចរណ៍អាស៊ាន-ជប៉ុន (២០២៣-២០២៧)។
ប្រផាពដដែលបន្តថា ក្រោយពីបានពិនិត្យពិភាក្សាគ្នាយ៉ាងលម្អិតក្នុងន័យស្ថាបនា និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយយល់ឃើញថា ការងារសំខាន់ៗទាំង៣ខាងលើនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង និងបង្កើនប្រសិទ្ធភាពក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សន្និសីទឧត្តមមន្ត្រីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ បានឯកភាពគ្នាជាគោលការណ៍ ឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយបន្ថែមទៀតទៅលើការងារធំៗទាំង៣ខាងលើ ហើយលទ្ធផលនៃការសិក្សានេះ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២០(20th ATM + Japan Meeting) នៅពាក់កណ្ដាលខែតុលាខាងមុខនេះ៕សរន