​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ភីង កាលពី​ថ្ងៃ​សុក្រ​បាន​សុំ​ផ្តល់​ការគាំទ្រ​ដល់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា នៅពេល​ប្រជាជាតិ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​មួយ​នេះ​កំពុង​​ប្រវេប្រវា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​របស់​ខ្លួន​បន្ទាប់​ពី​បញ្ចប់​វិបត្តិ​នយោបាយ​មួយវគ្គ​។​

​លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(Ranil Wickremesinghe) បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ប្រតិបត្តិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​សភា​ជ្រើសតាំង​លោក​ទោះជា​មាន​ការប្រឆាំង​ទំ​ទាស់​ពី​​ពួក​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​ក្តី​។​

​សូមបញ្ជាក់​ថា វិបត្តិ​សេដ្ឋកិច្ច​របស់​ស្រីលង្កា​បាន​បង្ក​ការតវ៉ា​ប្រឆាំង​មហាជន​អស់​ពេល​រាប់​ខែ​និង​នៅ​ទីបំផុត​បាន​បង្ខំ​អោយ​លោក​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa)​ភៀសខ្លួន​ចេញពី​ប្រទេស​។​

​ទូរទស្សន៍​រដ្ឋ​ចិន​CCTV​បាន​រាយការណ៍​ថា លោក​ស៊ី បាន​និយាយថា​លោក​មាន​ជំនឿ​ថា ស្រី លង្កា នឹង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់ការ​រើប​រើ​ឡើងវិញ​សេដ្ឋកិច្ច​និង​សង្គម ហើយ​លោក​«​ត្រៀម​ផ្តល់​ការ​​គាំទ្រ​និង​ផ្តល់ជំនួយ​តាម​លទ្ធភាព​របស់​ខ្ញុំ​ដល់​ប្រធានាធិបតី រ៉ានី​ល វិក​ក្រេមេ​ស៊ីង និង​ប្រជាជន​ស្រី លង្កា »​។​

​ស្រី លង្កា ជំពាក់​លុយ​ចិន​យ៉ាងតិច​៥​ពាន់​លាន​ដុល្លារ តែ​អ្នក​ខ្លះ​ថា​ប្រមាណ​ជា​ពីរ​ដង​នៃ​ចំនួន​នេះ​។​ឥណ្ឌា​ក៏​អោយ​ប្រទេស​នេះ​ខ្ចី ៣,៨​ពាន់​លាន និង​ជប៉ុន​៣,៥​ពាន់​លាន​ដុល្លារ នេះ​បើ​តាម​អង្គការ​រូបិយវត្ថុ​​អន្តរជាតិ​IMF នៅ​ពេល​មួយ​ពាន់​លាន​ដុល្លារ​ទៀត​ជំពាក់​ប្រទេស​អ្នក​មាន​ដទៃទៀត​។​

​លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង កាលពី​ថ្ងៃ​សុក្រ​ក៏​បាន​តែ​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយរូប​និង​គណៈរដ្ឋមន្ត្រី ចំ​ពេល​កងកម្លាំង​សន្តិសុខ​ចាប់ផ្តើម​បង្ក្រាប​ការតវ៉ា​ប្រឆាំង​មហាជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​​បោះជំរំ​នៅក្នុង​រដ្ឋធានី​កូឡុំបូ​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។​

កាលពីថ្ងៃសុក្រ ​លោក​បាន​ជ្រើសតាំង​អតីត​មិត្ត​រួម​ថ្នាក់​លោក ឌី​ណេ​ស ហ្គូ​ណាវ៉ា​ដេ​ណា​(Dinesh Gunawardena)​ជា​នាយករដ្ឋមន្ត្រី​។​លោក ហ្គូ​ណាវ៉ា​ដេ​ណា វ័យ​៧៣​ឆ្នាំ ក៏​នឹង​កាន់​តំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​និង​រដ្ឋាភិបាល​​មូលដ្ឋាន​ផង​ដែរ​។​

​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ​នឹង​ត្រូវ​ដឹកនាំ​ការងារដោះស្រាយ​បំណុល​បរទេស​៥១​ពាន់​លាន​ដុល្លារ ការខ្វះខាត​ប្រេងឥន្ធនៈ ថ្នាំពេទ្យ​និង​ស្បៀងអាហារ​បន្ទាន់ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​ប្រជាជន​ស្រីលង្កា​២២​លាន​​នាក់​ដែល​កំពុង​ជួប​អតិផរណា​ទូទៅដល់​ទៅ​៥៥​ភាគរយ និង​អតិផរណា​ស្បៀង​ដល់​ទៅ​៨០​ភាគរយ​៕

​ប្រធានាធិបតី​ស្រីលង្កា​លោក​រ៉ានី​ល វិក​ក្រេមេ​ស៊ីង​(​ឆ្វេង​) និង​នាយករដ្ឋមន្ត្រី​ទើប​តែងតាំង​ថ្មី​លោក ឌី​ណេ​ស ហ្គូ​ណាវ៉ា​ដេ​ណា​