ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចាប់អោយរុស្ស៊ីទទួលខុសត្រូវចំពោះការអនុវត្តកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិមួយស្តីពីការបន្តនាំចេញគ្រាប់ធញ្ញជាតិចេញពីបណ្តាកំពង់ផែនៅសមុទ្រខ្មៅរបស់អ៊ុយក្រែន និងក៏បានអំពាវនាវអោយចិនបញ្ចេញស្តុកគ្រាប់ធញ្ញជាតិសំរាប់តំរូវការមនុស្សធម៌សកល។
រុស្ស៊ីនិងអ៊ុយក្រែនជាអ្នកផ្គត់ផ្គង់ស្រូវសាឡីដ៏ធំលើលោក ហើយប្រតិបត្តិការយោធារបស់រុស្ស៊ីចាប់តាំងពីថ្ងៃ២៤កុម្ភៈចូលក្នុងប្រទេសក្បែរខាងខ្លួនបានរុញតំលៃស្បៀងអោយឡើងទូទៅ បង្កជាវិបត្តិស្បៀងសកលមួយដល់ថ្នាក់អង្គការកម្មវិធីស្បៀងអាហារពិភពលោកនិយាយថា វាបានរុញច្រានមនុស្ស៤៧លាននាក់ចូលក្នុងការអត់ឃ្លាត់យ៉ាងអត្តខាត់។
សូមបញ្ជាក់ថា រុស្ស៊ីនិងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃសុក្រទី២២កក្កដា ដើម្បីបើកបណ្តាកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនឡើងវិញសំរាប់នាំចេញគ្រាប់ធញ្ញជាតិទាំងរបស់អ៊ុយក្រែននិងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។
សង្គ្រាមបានបញ្ឈប់ការនាំចេញរបស់អ៊ុយក្រែន ដោយនាវារាប់សិបជាប់នៅកំពង់ផែជាមួយនឹងគ្រាប់ធញ្ញជាតិប្រមាណ២០លានតោនកកស្ទះនៅក្នុងឃ្លាំង។គ្រាប់ធញ្ញជាតិនិងជីរគីមីរបស់រុស្ស៊ីក៏ជួបបញ្ហានាំចេញ ដោយសារតែទណ្ឌកម្មលោកខាងលិច។
ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល(Linda Thomas-Greenfield)បាននិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា«កិច្ចព្រមព្រៀងនេះនឹងជួយសម្រាលវិបត្តិដែលរុស្ស៊ីបង្កឡើង» និងថា«យើងនឹងតាមដានមើលយ៉ាងដិតដល់ដើម្បីធានាថា រុស្ស៊ីអនុវត្តវាយ៉ាងពិតប្រាកដ»។
ក្នុងពេលជាមួយគ្នា លោកជេមស៍ អូប្រៀន(James O’Brien) ប្រធានការិយាល័យសម្របសម្រួលការដាក់ទណ្ឌកម្មនៅក្រសួងការបរទេសអាម៉េរិកបាននិយាយថា អាម៉េរិកក៏ចង់ឃើញចិនជួយប្រយុទ្ធប្រឆាំងនឹងវិបត្តិស្បៀងពិភពលោកនេះដែរ។
លោកបាននិយាយថា «យើងចង់ឃើញចិនធ្វើសកម្មភាពអោយសមជាមហាអំណាចនិងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិច្រើនឡើងដល់ប្រជាជននៅជុំវិញពិភពលោក។ចិនជាអ្នកទិញគ្រាប់ធញ្ញជាតិយ៉ាងសកម្មណាស់មួយនិងក៏កំពុងស្តុកទុកគ្រាប់ធញ្ញជាតិច្រើនបំផុតផងដែរ…នៅពេលមួយដែលមនុស្សរាប់រយលាននាក់ធ្លាក់ក្នុងដំណាក់កាលមហន្តរាយនៃអសន្តិសុខស្បៀង»។
បើយោងតាមក្រុមប្រឹក្សាធញ្ញជាតិអន្តរជាតិ(International Grains Council) ស្តុកគ្រាប់ធញ្ញជាតិចិននៅត្រឹមចុងរដូវប្រមូលផលឆ្នាំ២០២១-២០២២ មានប្រមាណ៣២៣,៤លានតោន គឺលើពាក់កណ្តាលនៃស្តុកគ្រាប់ធញ្ញជាតិសរុប៦០៧,៤លានតោនានៅទូទាំងពិភពលោក។វាហួសឆ្ងាយពីស្តុកគ្រាប់ធញ្ញជាតិអាម៉េរិកដែលជាអ្នកនាំចេញគ្រាប់ធញ្ញជាតិកំពូល ដែលមានប្រមាណ៥៧,៨លានតោនប៉ុណ្ណោះ។
ស្ថានទូតចិននៅក្រុងវ៉ាស៊ីនតោន បាននិយាយថាចិនត្រូវការរក្សាគ្រាប់ធញ្ញជាតិបំរុងក្នុងចំនួនកំណត់មួយ ដោយសារតែខ្លួនមានដីកសិកម្មត្រឹមតែ៩ភាគរយនៃដីកសិកម្មលើពិភពលោក តែប្រជាជនស្មើនឹង២០ភាគរយនៃប្រជាជនលើលោក៕
ប្រធានាធិបតីតួកគី និងអគ្គលេខាអង្គការសហប្រជាជាតិ(រូបអង្គុយ) ធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់ការរារាំងការដឹកជញ្ជូនធញ្ញជាតិនិងជីរគីមីចេញពីអ៊ុយក្រែននិងរុស្ស៊ី កាលពីថ្ងៃ២២កក្កដា នៅទីក្រុងអ៊ីស្តាន់ប៊ុលប្រទេសតួកគី