ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២២​កក្កដា​បាន​ចុះហត្ថលេខា​លើ​ជំនួយ​យោធា​ចំនួន ២៧០ លាន​ដុល្លារ​ផ្សេង​ទៀត​ដល់​អ៊ុ​យក្រែន រួម​ទាំង​ប្រព័ន្ធ​រ៉ុក្កែត​ហាយ​ម៉ាស​( Himars) ថ្មី​ចំនួន​បួន​ឈុត​។​

​អ្នកនាំពាក្យ​សេត​វិមាន លោក ច​ន កឺ​ប៊ី (John Kirby)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រុស្ស៊ី “​បាន​បើក​ការវាយប្រហារ​ដ៏​សាហាវ​នៅ​ទូទាំង​ប្រទេស វាយលុក​ផ្សារ​ទំនើប អគារ​ផ្ទះល្វែង​ដោយ​សម្លាប់​​ជន​ស៊ីវិល​អ៊ុយ​ក្រែន​ស្លូតត្រង់​”​។​

​លោក​បាន​និយាយថា “​នៅ​ចំពោះមុខ​អំពើ​ឃោរឃៅ​ទាំងនេះ លោក​ប្រធានាធិបតី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​យើង​នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​ប្រជាជន​របស់​ខ្លួន​ឱ្យ​បាន​យូរ​តាម​ដែល​ពួកគេ​ត្រូវការ​”​។​

​ជំនួយ​ថ្មី​នេះ​នឹង​នាំ​ឱ្យ​ប្រព័ន្ធ​គ្រាប់​រ៉ុក្កែត Himars ដែល​ត្រូវបាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​កើនឡើង​ដល់​២០​គ្រឿង ។​

​ទីក្រុង​គៀវ​បាន​ហៅ Himars ដែល​អាច​វាយប្រហារ​គោល​ដៅ​យ៉ាង​ជាក់លាក់​ក្នុង​ចម្ងាយ ៨០ គីឡូម៉ែត្រ​ថា​ជា​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​ក្នុង​ការប្រឆាំង​នឹង​រុស្ស៊ី​។​

​មន្ទីរ​បញ្ច​កោណ ដែល​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​លើ​កញ្ចប់​ជំនួយ​នេះ បាន​និយាយថា អ៊ុយ​ក្រែ​ននឹង​ទទួលបាន​ដ្រូ​ន​ខ្នាតតូច Phoenix Ghosts រហូតដល់​ទៅ ៥៨០ គ្រឿង​ដែល​អាច​ទម្លាក់​គ្រាប់​​បែក​លើ​គោលដៅ​របស់​សត្រូវ​។​

​ជំនួយ​ចុងក្រោយ​នេះ​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​គ្រាប់កាំភ្លើង​ធំ​ចំនួន ៣៦.០០០ គ្រាប់ និង​យានជំនិះ​ទីបញ្ជាការ​ចំនួន​៤​គ្រឿង​ពោល​គឺជា​ប៉ុស្តិ៍​ពាស​ដែក​ដែល​អាច​ដំណើរការ​ជា​មជ្ឈមណ្ឌល​ប្រតិបត្តិការ​​នៅ​សមរភូមិ​។​

​ជាង​ពាក់កណ្តាល​នៃ​ជំនួយ​នេះ​គឺ​បានមក​ពី​កញ្ចប់​ថវិកា ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែន​ដែល​ត្រូវបាន​អនុម័ត​ដោយ​សភា​កាលពី​ខែ​ឧសភា​៕

ទាហាន​អ៊ុយ​ក្រែន​ម្នាក់​ឆ្លងកាត់​អគារ​ដែ​ល​ត្រូវបាន​បំផ្លាញ​ក្នុង​ក្រុង​ស៊ីវើស៍ (Siversk) ក្នុង​តំបន់​ដូណិត​ស៍​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២